ព័ត៌មានទាន់ហេតុការណ៍៖

នារីម្នាក់កំពុងតែជិះម៉ូតូត្រូវរថយន្ដមួយគ្រឿងបើកមកពីក្រោយបុកបណ្ដាលឲ្យរបួសធ្ងន់

ខេត្តកណ្ដាលៈ រថយន្ដមួយគ្រឿងបើកមិនប្រយ័ត្នជ្រុលទៅបុកម៉ូតូនារីម្នាក់ពីក្រោយ បណ្ដាលឲ្យនារីជាអ្នកជិះម៉ូតូទទួលរងរបួសធ្ងន់ កាលពីវេលាម៉ោង១៣និង១៥នាទី ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨ លើផ្លូវលំក្រាលកៅស៊ូ ស្ថិតក្នុងភូមិជ្រលង ឃុំត្បែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។

ក្រោយពីមានហេតុការណ៍កើតឡើង នារីគ្រោះត្រូវបានរថយន្ដសាមុយដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យរាជធានីភ្នំពេញ រីឯអ្នកបើករថយន្ដបានទុករថយន្ដចោល រួចរត់គេចខ្លួនបាត់ស្រមោល ។ដោយឡែកមធ្យោបាយពាក់ព័ន្ធទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចជំនាញចរាចរណ៍ចុះធ្វើការវាស់វែងនិងកសាងឯកសារដកហូតយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។

មន្រ្ដីនគរបាលចរាចរណ៍ស្រុកកណ្ដាលស្ទឹងបានឲ្យដឹងថា នារីរងគ្រោះឈ្មោះ ខុន សុឃីម ភេទស្រី អាយុ២២ឆ្នាំ មានទីលំនៅភូមិជ្រលង ឃុំត្បែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ជិះម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ស៊េរីឆ្នាំ២០១៣ ពាក់ស្លាកលេខភ្នំពេញ 1BQ-7438 ។ ចំណែករថយន្ដម៉ាកកាមរីហាយប្រ៊ីត ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AB-5095 បើកបរដោយជនមិនស្គាល់អត្ដសញ្ញាណ(គេចខ្លួនបាត់)។

ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ សាក្សីបានឃើញជនរងគ្រោះជាអ្នកជិះម៉ូតូធ្វើដំណើរតាមផ្លូវលំ ក្នុងទិសដៅពីកើតទៅលិច លុះជិះមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្ដមួយគ្រឿងបើកមកពីក្រោយបានបុកម៉ូតូនារីរងគ្រោះពីក្រោយ បណ្ដាលឲ្យដួលបោកទៅនឹងផ្លូវទទួលរងរបួសធ្ងន់ រីឯអ្នកបើកបរថយន្ដបានទុករថយន្ដរបស់ខ្លួនចោល រួចរត់គេចខ្លួនបាត់ស្រមោលតែម្ដង ៕ ស្អាងជ័យ