ព័ត៌មានទាន់ហេតុការណ៍៖

នារីម្នាក់ដើរឆ្លងផ្លូវត្រូវម៉ូតូ បើកបរ និងរួមដំណើរដោយយុវជន២នាក់ បុកបណ្តាលឲ្យរបួសធ្ងន់ទាំង៣នាក់

ភ្នំពេញ៖ នារីម្នាក់ដើរឆ្លងផ្លូវត្រូវម៉ូតូមួយគ្រឿងបើកបរ និងរួមដំណើរដោយយុវជន២នាក់ មកបុកពេញទំហឹង បណ្តាលឲ្យរងរបួសធ្ងន់ទាំង៣នាក់ ។

ហេតុការណ៍នេះ កើតឡើងកាលពីម៉ោង៣ទៀបភ្លឺ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវ១៨២ ខាងមុខខារ៉ាអូខេនគរសំរិទ្ធិ ក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ប្រភព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុនារីរងគ្រោះបានដើរចេញពីខារ៉ាអូខេអគារB ឆ្លងទៅអគារA ខណៈមកដល់ចំណុចកើតហេតុ ពេលដើរឆ្លងផ្លូវជិតផុតហើយត្រូវបានយុវជន២នាក់បើកម៉ូតូមួយគ្រឿងម៉ាក ហុងដា ឌ្រីម សង់ស៊េរី ២០១៦ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1FN-0128 តាមបណ្តោយផ្លូវ១៨២ បុកពេញទំហឹងបណ្តាលឲ្យជនរងគ្រោះដួលបោក នឹងថ្នល់រងរបួសធ្ងន់ ត្រូវបានបុគ្គលិករួមការងារជាមួយគ្នា លើកដាក់លើម៉ូតូកង់បីបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យលោកសង្ឃភ្លាមៗ ។ ដោយសភាពធ្ងន់ធ្ងរពេក ត្រូវបានបញ្ជូនបន្តទៅមន្ទីរពេទ្យកាល់ម៉ែត ។ រីឯអ្នកបើកម៉ូតូ រងរបួសធ្ងន់ទាំង២នាក់ ដូចគ្នា ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះតាមក្រោយផងដែរ ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរ ចុះមកយកម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក រង់ចាំដោះស្រាយគ្នានៅពេលក្រោយ ៕ ជ្រោយពេជ្រ