ព័ត៌មានទាន់ហេតុការណ៍៖

នារីម្នាក់បើកម៉ូតូ​ត្រឡប់ទៅផ្ទះម្នាក់ឯង ត្រូវជនសង្ស័យ២នាក់ ជិះម៉ូតូធំឆក់កាបូបបានសម្រេច គេចខ្លួនបាត់ស្រមោល

ភ្នំពេញ៖ នារីម្នាក់បើកម៉ូតូ​ត្រឡប់ទៅផ្ទះម្នាក់ឯង តាមផ្លូវឡើងស្ងាត់ មកដល់លើស្ពានអាកាសតិចណូ​ ស្រាប់តែមានជនសង្ស័យ២នាក់ ជិះម៉ូតូ SLមួយគ្រឿង ឆក់កាបូប បានសម្រេច រួចជិះគេចខ្លួន បាត់ស្រមោល។

ហេតុការណ៍​នេះបានកើតឡើងកាលពីម៉ោង១៖៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃពុធ ទី៧ ខែវិច្ឆិកា ​ឆ្នាំ២០១៨​ នៅចំណុចលើ​ស្ពានអាកាសតិចណូ តាមបណ្តោយសហព័ន្ធរុស្ស៊ី​ ស្ថិតក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

នារីរងគ្រោះឈ្មោះ អ៊ឹង សៀកគីន អាយុ២៣ឆ្នាំ មុខរបរ​អ៊ុតសក់​ មានទីលំនៅម្ដុំជម្ពូវ័ន ក្នុងខណ្ឌពោធិ៍សែនជ័យ បានរៀបរាប់ប្រាប់ឲ្យ​ដឹងថា មុនពេលកើតហេតុ រូបនាងបានជិះម៉ូតូម៉ាក Honda Dream មួយគ្រឿង ពណ៌ខ្មៅ តែម្នាក់ឯង ត្រឡប់មកពីហាងអ៊ុតសក់មីង របស់នាងនៅទួលគោក បំណងទៅផ្ទះ​នៅ​ជម្ពូវ័ន្ត​ ដោយធ្វើដំណើរតាមផ្លូវសហព័ន្ធរុស្ស៊ី​ ក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចលើ​ស្ពានអាកាសតិចណូ ជាកន្លែងកើ​តហេតុនោះ ស្រាប់តែមានជនសង្ស័យ២នាក់ ជិះម៉ូតូធំមួយគ្រឿង ម៉ាក SL ពណ៌កណ្ដុរប្រមេះ (មិនចាំស្លាកលេខ) មកពីក្រោយឆក់កាបូប តែមិនបានសម្រេចទេ ព្រោះពេលឆក់ទៅកាបូបជ្រុះ ទើបជនសង្ស័យជិះត្រឡប់មករើសយកកាបូបវិញ រួចជិះ គេចខ្លួនបាត់ស្រមោល ។

នារីរងគ្រោះបន្ថែមទៀតថា ដោយសារតែភ័យពេករូបនាង មិនហ៊ានជិះទៅដាក់ពាក្យបណ្ដឹងទេ ហើ​យនាងប្រញាប់ជិះម៉ូតូត្រឡ​ប់ទៅផ្ទះរបស់នាងតែម្ដង។ ជនរងគ្រោះបញ្ជាក់ថា នៅក្នុងកាបូបដែលចោរឆក់យកទៅបាត់នោះ មានលុយ២០០ដុល្លារ អត្តសញ្ញាណប័ណ្ណមួយសន្លឹក និងសម្ភារផ្សេងៗមួយចំនួនទៀត។

បន្ទាប់ពីកើតហេតុជនរងគ្រោះមិនបានដាក់ពាក្យបណ្ដឹងទេ ព្រោះមិនចង់វែងឆ្ងាយ គ្រាន់តែសំណូ​មពរដល់សមត្ថកិច្ច ជួយស្រាវជ្រាវមើ​លកាមេរ៉ាសុវត្ថិភាព នៅកន្លែងកើ​តហេតុផង ៕ ជ្រោយពេជ្រ