ព័ត៌មានទាន់ហេតុការណ៍៖

នារីម្នាក់ បើករថយន្តបុករបាំងថ្មពុះចែកទ្រូងផ្លូវរងការខូចខាត

ភ្នំពេញ​៖ នារីម្នាក់បានរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីបើករថយន្តលឿនជ្រុលបុករបាំងថ្មពុះចែកទ្រូងផ្លូវ ។

ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង១១ និង៣០នាទី យប់ ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅតាមផ្លូវសហពន្ធ័រុស្ស៊ី មុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្នុងសង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

យោងតាមប្រភពពីកន្លែងបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញនារីវ័យក្មេង ម្នាក់បើករថយន្តឡិចស៊ីស GS300 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2J-1731 ធ្វើដំណើរពីកើតទៅលិចក្នុងល្បឿនលឿនដូចហោះ ខណ:មកដល់ចំណុចកើតហេតុខាងលើបានរេចង្កូត មកខាងឆ្វេងជ្រុលទៅបុកក្បាលនាគចែកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យ រថយន្តបង្កគៀបជាប់នឹងក្បាលនាគទៅមុខលែងរួច រងខូចខាតមួយកំណាត់មុខយ៉ាងដំណំ និងអ្នកបើកបររងរបួសធ្ងន់ត្រូវរថយន្តគ្លីនិកឯកជនដឹងយកទៅសង្គ្រោះភ្លាមៗ ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានទាក់ទងជំនាញ មកវាស់វែងយករថយន្តបង្កទៅការិយាល័យចរាចរណ៍ ជើងគោកស្នងការរាជធានីភ្នំពេញ រង់ចាំឲ្យម្ចាស់រថយន្តចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់ ៕ សុខាសែនជ័យ