ព័ត៌មានទាន់ហេតុការណ៍៖

ពេលសប្បាយនាំគ្នាសម្ងំសុខ ដល់ពេលកើតទុក្ខមករករឿងកូនក្នុងផ្ទៃដែលមិនដឹងអី?

ភ្នំពេញ: នារីវ័យក្មេងម្នាក់មានវិបត្តិផ្លូវចិត្ត ដោយសារប្រុសស្នេហ៍បោះបង់ចោល ទាំងខ្លួនបានលង់ចិត្តគំនិតបណ្តោយប្រាណរហូតដល់មានផ្ទៃពោះ៦​ខែ សម្រេចចិត្តលេបថ្នាំទម្លាក់កូនចោល តែដោយសារតែការទម្លាក់មិនប្រក្រតី ក៏បង្កឲ្យប៉ះដល់ទារក និងម្ដាយ ត្រូវបានប្រជាពលរដ្ឋដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោងជិត១០យប់ ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨ ​នៅ​ផ្ទះជួលខាងក្រោយមន្ទីរពេទ្យសែនសុខ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

នារីរងគ្រោះដែលលេបថ្នាំទម្លាក់កូនចោលមានឈ្មោះ ស. ម អាយុ ២៤ឆ្នាំ ស្នាក់នៅផ្ទះជួល ខាងក្រោយមន្ទីរពេទ្យសែនសុខ​ខណ្ឌសែនសុខ ចំណែកប្រុសស្នេហ៍ មិនបានត្រូវស្គាល់អត្តសញ្ញាណនោះទេ។

បើតាមសម្តីមិត្តភ័ក្តិនារីរងគ្រោះបានឲ្យដឹងថា នាង (នារីរងគ្រោះដែលលេបថ្នាំទម្លាក់កូនចោល) បានស្គាល់បុរសម្នាក់ស្រឡាញ់គ្នារហូតដល់នាងបានប្រគល់ខ្លួនប្រាណឈានដល់មានកូនបាន៦ខែ ហើយនាងបានប្រាប់ដំណឹងនេះទៅប្រុសស្នេហ៍ បែរជាគេប្រកែកមិនទទួលខុសត្រូវធ្វើឲ្យនាងតូចចិត្តយ៉ាងខ្លាំងទើបសម្រេចចិត្តលេបថ្នាំទម្លាក់កូនចោល តែដោយរសាលេបថ្នាំខុសប្រក្រតីធ្វើឲ្យប៉ះពាល់ដល់ទារក និងម្តាយ ធ្វើឲ្យនារីរងគ្រោះមានការឈឺចាប់ប៉ះពាល់ដល់សុខភាពយ៉ាងខ្លាំង ទើបបានប្រជាពលរដ្ឋដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យលោកសង្ឃដើម្បីព្យាបាលសង្គ្រោះជីវិតម្តាយ និងកូន ៕ ជ្រោយពេជ្រ