ព័ត៌មានទាន់ហេតុការណ៍៖

នារីរូបស្រស់បើករថយន្តទាំងស្រវឹងទៅបុករបាំងថ្មក្រឡាប់

ភ្នំពេញ ៖ នារីរូបស្រស់ម្នាក់ បានបើករថយន្តស៊េរីទំនើបទាំងស្រវឹងស្រាឡើងទន់ខ្លួនយ៉ាងលឿន ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់ពីរកង់ បណ្ដាលឲ្យរថយន្តបង្កក្រឡាប់ផ្អៀងជើង ហើយរបាំងថ្ម ក៏ខ្ទាតទៅបុកនឹងរថយន្តកាមរីបាឡែន ដែលកំពុងធ្វើដំណើរបញ្ច្រាស គ្នាបណ្ដាលឲ្យរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំផងដែរ តែមិនបង្កគ្រោះថ្នាក់ដល់មនុស្ស ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅវេលម៉ោង១១ និង៣០នាទីយប់ ថ្ងៃអង្គារ ១២រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវម៉ៅសេទុង ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅពេលកើតហេតុនោះគឺ រថយន្តបង្កស៊េរីទំនើបម៉ាក KIA ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AS-1115 ដែលបើកបរដោយនារីម្នាក់ស្រវឹងស្រាឡើងទន់ខ្លួន បានធ្វើដំណើរតាមបណ្ដោយផ្លូវម៉ៅសេទុង ទិសដៅពីលិចមកកើត ក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើ ក៏ស្រាប់តែរេចង្កូតជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់ពីរកង់ ដោយមួយកង់ដែលជាក្បាលនាគ បានខ្ទាតទៅបុករថយន្តកាមរីបាឡែន ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AT-5179 ដែលបើកបរដោយបុរសម្នាក់ បានធ្វើដំណើរបញ្ច្រាសទិសគ្នា បណ្ដាលឲ្យចំពីមុខរថយន្តពេញទំហឹង រងការខូចខាតយ៉ាង ។ ដោយឡែករថយន្តបង្កវិញ បានក្រឡាប់ផ្អៀងរងការខូចខាតយ៉ាងដំណំផងដែរ មិនបង្កគ្រោះថ្នាក់ដល់មនុស្សណាម្នាក់ឡើយ ។

ក្រោយកើតហេតុ នារីរូបស្រស់ដែលបើករថយន្តបង្កខាងលើនោះ បានបើកទ្វាចេញ និងត្រូវបានសមត្ថកិច្ចមូលដ្ឋានឃាត់យកទៅប៉ុស្ដិ៍នគរបាលទន្លេបាសាក់ ដើម្បីរង់ចាំដោះស្រាយ ។ ចំណែករថយន្តបង្ក និងរថយន្តរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចជំនាញចរាចរណ៍ វាស់វែងយកទៅរក្សាទុកនៅស្នងការដ្ឋាន នៃការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាតាមនីតិវិធីច្បាប់ ៕ ភារ៉ា ដង្កោ