ព័ត៌មានទាន់ហេតុការណ៍៖

នារីរូបស្រស់ម្នាក់បើករថយន្តទំនើបបុកជាមួយម៉ូតូធំ បណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់

ភ្នំពេញ ៖ នារីរូបស្រស់ម្នាក់ទំនងស្រវឹងស្រា បានបើករថយន្តស៊េរីទំនើបទៅបុកជាម៉ូតូឌួក បណ្ដាលឲ្យបុរសម្នាក់ជាម្ចាស់ម៉ូតូរងរបួសធ្ងន់ ហើយត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យភ្លាមៗ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងនៅវេលាម៉ោង១១យប់ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៨ នៅក្បែររបងស្ថានទូតរុស្សុី ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅពេលកើតហេតុ គេឃើញបុរសម្នាក់ជិះម៉ូតូធំមួយគ្រឿងម៉ាក ឌួក ពណ៌ខ្មៅលាយក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1CU-6135 បានធ្វើដំណើរតាមបណ្ដោយផ្លូវរដ្ឋសភា ទិសដៅពីកើតមកលិចក្នុងល្បឿនល្មម ខណៈមកដល់ចំណុចកើតហេតុស្រាប់តែមាននារីរូបស្រស់ម្នាក់ទំនងជាស្រវឹងស្រា បានបើករថយន្តស៊េរីទំនើបម៉ាក ឡិចសុីសRX350 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AL-1117 បានធ្វើដំណើរបញ្ច្រាស់គ្នាក្នុងល្បឿនលឿនល្មម និងរេចង្កូតចូលមកផ្លូវខាងម៉ូតូ ក៏បុកម៉ូតូចំពីមុខបណ្ដាលឲ្យបុរសម្នាក់ជាម្ចាស់ម៉ូតូរងរបួសធ្ងន់ ចំណែកឯរថយន្តបង្ក និងម៉ូតូរងការខូចខាតផ្នែកខាងមុខដូចគ្នា ។

ក្រោយកើតហេតុភ្លាមៗ បុរសរងគ្រោះខាងលើត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យឯកជនដើម្បីសង្គ្រោះបន្ទាន់ ។

ដោយឡែករថយន្តបង្ក និងម៉ូតូរងគ្រោះត្រូវបានសមត្ថកិច្ចមូលដ្ឋានទាក់ទងទៅជំនាញចរាចរណ៍ឲ្យមកវាស់វែងយកទៅរក្សាទុកនៅឯការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមក្រោយ ៕ ភារ៉ា ដង្កោ