ព័ត៌មានទាន់ហេតុការណ៍៖

នារីរូបស្រស់២នាក់ បើករថយន្តតូយ៉ូតាព្រូស​ ទៅបុកម៉ូតូឡាំប្រឺតា​ បណ្ដាលឲ្យស្ត្រីម្នាក់ស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ និងមនុស្ស២នាក់ទៀតរបួសធ្ងន់​ស្រាល

ភ្នំពេញ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង ដែលបង្កដោយរថយន្ដតូយ៉ូតាព្រូស​ និងម៉ូតូកង់បី (ឡាំប្រឺតា) បណ្ដាលឲ្យស្ត្រីជាជនជាតិខ្មែរម្នាក់ស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ​ និងបុរស២នាក់ទៀតរងរបួសធ្ងន់​ និងស្រាល ។

ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងនៅវេលាម៉ោង០១ និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃអង្គារ ៤កើត ខែចេត្រ ឆ្នាំ រកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨នៅចំណុចភ្លើងស្តុបផ្លូវបំបែកជាបួន ផ្លូវលេខ១៦៣ កែងនិងផ្លូវមហាវិថីម៉ៅសេទុង ស្ថិតក្នុងសង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

សពស្ត្រីរងគ្រោះខាងលើនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ដោយស្លាប់ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំណែកអ្នកបើកបររថយន្ដនិងអ្នកបើករឺម៉កកង់បីត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅសួរនាំក្រោយពីកើតហេតុ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅពេលកើតហេតុ​ គេឃើញម៉ូតូកង់បី(ឡាំប្រឺតា) ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1GX-9234 ដោយមានប្រុសស្រី៣នាក់បានធ្វើដំណើជាមួយគ្នា តាមបណ្ដោយផ្លូវលេខ១៦៣ ទិសដៅពីជើងទៅត្បូង ហើយក៏ឆ្លងកាត់ទទឹងផ្លូវមហាវិថីម៉ៅសេទុង ស្របពេលនោះក៏មានរថយន្តបង្កម៉ាក តូយ៉ូតាព្រូស ពណ៌ស្ក គ្មានស្លាកលេខ ដែលអ្នកបើកបរនិងអ្នករួមដំណើរជាមនុស្សស្រី២នាក់ បានធ្វើដំណើរតាមបណ្ដោយផ្លូវមហាវិថីម៉ៅសេទុង ទៅដៅពីលិចមកកើតក្នុងល្បឿនយ៉ាងលឿន ហើយក៏ជ្រុលទៅបុកម៉ូតូកង់បី(ឡាំប្រឺតា)ពីចំហៀងយ៉ាងពេញទំហឹង បណ្ដាលឲ្យម៉ូតូកង់បី វិល2-3ជុំ រងការខូចខាតយ៉ាងដំណំ និងធ្វើស្ត្រីម្នាក់អង្គុយពីក្រោយ ស្លាប់ពេលបញ្ចូនជិតដល់មន្ទីពេទ្យ រួមទាំងធ្វើឲ្យបុរសម្នាក់ជាជនជាតិបរទេសរងរបួសយ៉ាងធ្ងន់ធ្ងរ ព្រមទាំងអ្នកបើកបររងរបួសស្រាលផងដែរ ។ ដោយឡែកនារី២នាក់ ជាភាគីខាងរថយន្តបង្កមិនរងរបួសនោះទេ គ្រាន់តែបង្កឲ្យរថយន្តរងការខូខាតខាងមុខយ៉ាងដំណំតែប៉ុណ្ណោះ ។

ក្រោយពេលកើតហេតុ បុរសម្នាក់ជាជនជាតិបរទេសត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅឯមន្ទីពេទ្យភ្លាមៗ ចំណែកនារី២នាក់ជាភាគីខាងរថយន្តបង្ក ត្រូវបានសមត្ថកិច្ចនាំខ្លួនយកទៅប៉ុស្ដិ៍នគរបាលទួលទំពូងទី១ ដើម្បីរងចាំបន្តនីតិវិធី ។ បន្ទាប់ក្រោយមក សមត្ថកិច្ចជំនាញបានចុះមកវាស់វែង​ រថយន្ដបង្ក និងម៉ូតូកង់បី(ឡាំប្រឺតា) យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍រាជធានីភ្នំពេញរងចាំដោះស្រាយតាមផ្លូវច្បាប់នៅពេលក្រោយ ៕ស រស្មី