ព័ត៌មានទាន់ហេតុការណ៍៖

នារីវ័យក្មេងម្នាក់ជិះម៉ូតូងងឹតមុខ បុករថយន្តចតស្ងៀមរបួសជើងម្ខាង

ភ្នំពេញ: នារីវ័យក្មេងម្នាក់ជិះម៉ូតូក្នុងល្បឿនលឿនមិនដឹងរឿងអីបានរេចង្កូតជ្រុលទៅបុករថយន្តមួយគ្រឿងដែលគេចតចោលតាមចិញ្ចើមផ្លូវបណ្តាលឲ្យរងរបួសជើងស្តាំយ៉ាងធ្ងន់ធ្ងរ កាលពីវេលាម៉ោង១២និង៣០នាទីរសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧ ស្ថិតតាមផ្លូវបេតុង ក្នុងសង្កាត់ ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សាក្សីឃើញហេតុការណ៍នេះបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញនារីរងគ្រោះមិនស្គាល់ឈ្មោះមានវ័យជិត២០ឆ្នាំម្នាក់បានជិះម៉ូតូម៉ាកស៊ុយហ្ស៊ុយគី វីវ៉ា ពណ៌ខ្មៅមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ1AJ-6594 ធ្វើដំណើរតាមបណ្តោយផ្លូវបេតុង ទិសដៅពីត្បូងទៅជើងក្នុងល្បឿនយ៉ាងលឿន។ លុះមកដល់ចំណុចកើតហេតុមិនដឹងមានរឿងអីស្រាប់តែ រេចង្កូតជ្រុលទៅបុករថយន្តកាមរីពណ៌ស ពាក់ស្លាកលេខភ្នំពេញ2C-3947 ដែលគេចតទុកចោលស្ងៀមនៅអែបចិញ្ចើមផ្លូវខាងស្តាំដៃ បណ្តាលឲ្យនារីរងគ្រោះរងរបួសជើងខាងស្តាំធ្ងន់ធ្ងរ ចំណែករថយន្តនោះបែកស្តុបក្រោយផ្នែកខាងឆ្វេងមួយចំហៀងនិងម៉ូតូបាក់ក្បាំងខាងមុខ។

NKD-36x6_outline

ក្រោយពេលកើតហេតុនារីរងគ្រោះបាននិយាយចរចាជាមួយម្ចាស់រថយន្តថាគាត់គ្មានបំណងជិះបុករថយន្តទេ ពេលមកដល់ទីនេះគាត់ដូចងងឹតមុខក៏បុករថយន្តទាំងកំរោលតែម្តងទៅ។ ចំណែកម្ចាស់រថយន្តហាក់ដូចជាហួសចិត្ត ក៏មិនទាមទារសំណងពីនាងដែរ។ទីបំផុតជនរងគ្រោះត្រូវបានសាច់ញាតិលើកដាក់រ៉ឺម៉កម៉ូតូទៅព្យាបាលនៅមន្ទីពេទ្យ និងយកម៉ូតូទៅជួសជុលប្រើប្រាស់ឡើងវិញ៕ ប្រាថ្នា