ព័ត៌មានទាន់ហេតុការណ៍៖

នារីវ័យក្មេងម្នាក់ត្រូវគូទំនាស់លើកគ្នា២នាក់បងប្អូនចាក់ប្រហារបណ្តាលឲ្យរងរបួសធ្ងន់

ខេត្តកណ្តាលៈ នារីវ័យក្មេងម្នាក់កំពុងអង្គុយលេងនៅខាងមុខផ្ទះលក់ចាប់ហួយមួយកន្លែង ត្រូវបាន​គូទំនាស់លើគ្នា២នាក់បងប្អូនមកតាមរករឿងឈ្លោះ និងចាក់ប្រហារដោយកាំបិត បណ្តាលឲ្យ​រងរបួសយ៉ាងធ្ងន់ធ្ងរ កាលពីវេលាម៉ោង១៧និង៣០​នាទី ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧ នៅលើ​កំណាត់ផ្លូវលំ ត្រង់ចំណុចខាងមុខផ្ទះឈ្មោះ ប្រុញ ភាព ស្ថិតក្នុង​ភូមិព្រែកថ្មី ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល ។

ក្រោយពីមានហេតុការណ៍កើតឡើងនារីដៃដល់២នាក់បងប្អូន ត្រូវបានសមត្ថកិច្ចនគរ​បាលចាប់ខ្លួនបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកមុខកំពូល ដើម្បីចាត់ការតាមច្បាប់ រី​ឯនារីរងគ្រោះត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យប្រតិបត្តិស្រុកមុខកំពូល ។

មន្ត្រីនគរបាលស្រុកមុខកំពូលបានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានចាប់ខ្លួននោះ ទី១-ឈ្មោះ រស់ ធីតា ហៅស្រីធំ ភេទស្រី អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់តុគុយទាវ ទី២-​ឈ្មោះ រស់ រ៉ានី ហៅស្រីតូច ភេទស្រី អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់តុគុយទាវ ។ ជន​សង្ស័យទាំង២នាក់ជាបងប្អូនបង្កើតនឹងគ្នា មានទីលំនៅភូមិព្រែកថ្មី ឃុំព្រែកអញ្ចាញ ស្រុកមុខ​កំពូល ។ ចំណែកឯនារីរងគ្រោះឈ្មោះ ឌី ស្រីណា អាយុ១៧ឆ្នាំ មុខរបរ កម្មកររោងចក្រក្ដារបន្ទះ (រងរបួសលើភ្លៅខាងស្តាំដេរចំនួន០៣ថ្នេរ) មានទីលំនៅភូមិព្រែកថ្មី ឃុំព្រកអញ្ចាញ ស្រុកមុខកំពូល ។

NKD-36x6_outline

ប្រភពដដែលបានបន្តថា កន្លងមកក្រុមគ្រួសារនារីរងគ្រោះ និងក្រុមគ្រួសារជនសង្ស័យ​ឧស្សាហ៏មានទំណាស់ពាក្យសំដីគ្នា ។ លុះមកដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧ ជនសង្ស័យ​ទាំង២នាក់បងប្អូនជិះកង់ឌុបគ្នាក្នុងគោលបំណងទៅផ្សារ ខណៈនោះក៏បានជួបនឹងនារីរង​គ្រោះកំពុងអង្គុយលេងនៅខាងមុខតូបលក់ចាប់ហួយរបស់ឈ្មោះ ប្រុញ ភាព ។ ដោយសារតែ​ធ្លាប់មានទំនាស់ និងគ្នាក្រុមជនសង្ស័យ២នាក់បងប្អូនបាននិយាយដៀមដាមដាក់នារីរងគ្រោះ ភ្លាមនោះនារីរងគ្រោះក៏បានតបតវិញ ។

ប្រភពដដែលបានបន្តទៀតថា បន្ទាប់ពីមានការតបតពីនារីរងគ្រោះក្រុមជនសង្ស័យ​បានជិះកង់ឌុបគ្នាត្រឡប់ទៅកាន់លំនៅឋានវិញ យកកាំបិតចុងស្រួច និងកាំបិតប៉័ងតោ មកធ្វើ​សកម្មភាពចាក់ និងកាប់ប្រហារទៅលើនារីរងគ្រោះ បណ្តាលឲ្យរងរបួស ទើបមានអ្នកជិតខាង​ចាប់បំពេកចេញពីគ្នា និងប្តឹងសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលឲ្យជួយអន្តរាគមន៍ចាប់ខ្លួនជន​សង្ស័យ ដើម្បីចាត់ការតាមច្បាប់ ៕ ស្អាងជ័យ