ព័ត៌មានទាន់ហេតុការណ៍៖

នារីវ័យ១៦ឆ្នាំប៊ិះក្លាយជាចំណីតណ្ហារបស់អ្នករត់ម៉ូតូឌុបពេលមិត្តភក្តិទៅចោលអស់

ភ្នំពេញ៖ នារីវ័យក្មេងស្រស់ស្អាតម្នាក់ប៊ិះក្លាយជាចំណីតណ្ហារបស់អ្នករត់ម៉ូតូឌុប បន្ទាប់ពីមកដើរលេងផឹកស៊ីជាមួយមិត្តភក្តិ ហើយមិត្តភក្តិទាំងនោះជិះម៉ូតូទៅផ្ទះបាត់អស់ទុកនាងចោលឲ្យឈររេរារកផ្លូវទៅផ្ទះមិនឃើញ។ គាប់ជួនពេលនោះមានអ្នករត់ម៉ូតូឌុបម្នាក់ឃើញនាងឈរកណ្តោច កណ្តែងតែម្នាក់ឯងក៏ហៅឡើងជិះម៉ូតូឌុបបម្រុងយកនាងទៅរំលោភ តែនាងដឹងខ្លួនទាន់ស្រែកក៏ផ្អើលឆោឡោឡើងត្រូវបាន សមត្ថកិច្ចនគរបាលឈរជើងក្បែរនេះចេញទៅធ្វើអន្តរាគមន៍ទាន់ពេល ។

ហេតុការណ៍នេះកើតឡើងកាលពី វេលាម៉ោងជាង៨យប់ថ្ងៃអាទិត្យ ៧រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៨នៅ ផ្លូវជាតិលេខ៦ ត្រង់រង្វង់មូលនាងមឆ្ឆា (ស្ពានដែក) ក្នុងសង្កាត់ព្រែកលៀប ខណ្ឌ ជ្រោយចង្វា ។

យ៉ាងណាក៏ដោយនារីស្រស់ស្អាតរូបនេះមិនបានប្រាប់ឈ្មោះនាង និងមិត្តភក្តិ ឲ្យគេឯងដឹងទេគ្រាន់តែឲ្យដឹងយ៉ាងខ្លីថា នាងមានអាយុ១៦ឆ្នាំ និងមានទីលំនៅ ក្នុង សង្កាត់ចាក់អង្រែកោម ខណ្ឌមានជ័យ ប៉ុណ្ណោះ។ នាងប្រាប់ថា មុនពេលកើតហេតុ រូបនាងត្រូវបានមិត្តភក្តិនាំទៅញុាំអាហាររួច ក៏ទុកនាងចោលម្នាក់ឯង។ រហូតដល់យប់ម៉ោងជាង៨ទៅហើយមិនឃើញមិត្តភក្តិ មកយកក៏បានហៅម៉ូតូឌុបជិះត្រឡប់ទៅ ផ្ទះវិញតែត្រូវអ្នករត់ម៉ូតូឌុបជិះទៅកន្លែងស្ងាត់ប៉ុនប៉ងចាប់រំលោភទើបនាងស្រែកផ្អើលដល់សមត្ថកិច្ចមកជួយធ្វើអន្តរាគមន៍។

ក្រោយមកនាងមិនហ៊ានជិះម៉ូតូឌុប ត្រឡប់ទៅផ្ទះវិញទេ ហើយពេលនោះសមត្ថ កិច្ចប្រាប់ឲ្យអ្នកយកព័ត៌មានដែលទៅយកព័ត៌មានក្នុងរឿងនេះជូនត្រឡប់ទៅផ្ទះនៅសង្កាត់ចាក់អង្រែក្រោមខណ្ឌមានជ័យវិញបាត់ទៅ ៕ ប្រាថ្នា