ព័ត៌មានទាន់ហេតុការណ៍៖

នៅខេត្តកំពង់ចាមមានមនុស្សលង់ទឹកស្លាប់១៦នាក់និង៥២នាក់រងរបួសដោយសត្វអាសិរពិស

ខេត្តកំពង់ចាម ៖ ខណៈដែលទឹកទន្លេ មេគង្គខេត្តកំពង់ចាមនៅតែបន្តហក់ឡើង បើគិតត្រឹមថ្ងៃព្រហស្បតិ៍ ៤រោច ខែ ស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ ទឹក មានកម្ពស់១៥,៥០ម៉ែត្រដែលខ្ពស់លើស៣តឹកនៃកម្រិតប្រកាសអាសន្ន១៥,២០ ម៉ែត្រ ។

បើយោងតាមរបាយការណ៍របស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត កំពង់ចាមបានឲ្យដឹងថា បើចាប់គិតពីអំឡុងពេលទឹកទន្លេមេគង្គចាប់ផ្ដើមហក់ឡើង រហូតមកដល់ពេលនេះគឺមានមនុស្សចំនួន១៦នាក់ហើយបានលង់ទឹកស្លាប់ ក្នុងនោះ មានកុមារចំនួន៦នាក់ទៀតនិង៥២នាក់បានរងរបួសដោយសារសត្វអាសិរពិស ។

ចំពោះផលប៉ះពាល់ដោយសារទឹក ទន្លេមេគង្គនៅទូទាំងខេត្តកំពង់ចាមគឺមានចំនួន៩ស្រុកលើ១០ក្រុង-ស្រុក ក្នុងនោះ មានចំនួន៥៤ឃុំ ស្មើនឹង២៧៩ភូមិដែល មានប្រជាពលរដ្ឋចំនួន៣៦.២៨២គ្រួសារ ក្នុងនោះក៏មានការលិចផ្ទះសម្បែងចំនួន ២៧.៦២៥ខ្នង និងរុះរើផ្ទុះ៥៣ខ្នង ព្រម ទាំងលិចវត្ត វិហារអ៊ិស្លាមចំនួន៥៤កន្លែង សាលារៀន៧៨កន្លែង និងមណ្ឌលសុខ ភាពចំនួន៦កន្លែង ។

ដោយឡែកដំណាំកសិផលដែលត្រូវ រងការលិចលង់មាន ស្រូវ ពោត និងដំណាំ ផ្សេងៗសរុបចំនួន៩.១០១ហិកតា។ បង្ក ឲ្យមានការបាក់ច្រាំងទន្លេ៨.៨១៥ម៉ែត្រ ព្រមទាំងលិចផ្លូវប្រវែង២២៩.៧១៧ម៉ែត្រ ក្នុងនោះមានផ្លូវក្រាលក្រួសក្រហមប្រវែង ១៩៣.៥៩៩ម៉ែត្រ ផ្លូវបេតុងប្រវែង ៣៤.៩០៨ម៉ែត្រ ផ្លូវកៅស៊ូ ប្រវែង១.២១០ ម៉ែត្រ លិចស្ពាន១៧កន្លែង និងលិចទំនប់ ប្រវែង៤០.១៨២ម៉ែត្រ ។

ជាមួយនឹងវិធានការការពារ និងកិច្ច អន្តរាគមន៍ជួយសង្គ្រោះដល់បងប្អូនប្រជាពលរដ្ឋលោកអភិបាលខេត្តតែងតែអំពាវនាវឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះហេតុ ការណ៍ចៃដន្យណាមួយដែលបណ្តាលឲ្យប៉ះពាល់ដល់អាយុជីវិត ពិសេសត្រូវប្រុង ប្រយ័ត្នខ្ពស់ចំពោះកុមារ ជនពិការ និង ចាស់ជរា។ ព្រមទាំងមានការប្រុងប្រយ័ត្នចំពោះសត្វពស់ និងសត្វអាសិរពិសនានាចឹកក្នុងករណីមានសត្វអាសិរពិសចឹកសូមបញ្ជូនជនរងគ្រោះជាបន្ទាន់ទៅកាន់មន្ទីរពេទ្យបង្អែកដែលនៅជិតបំផុត ព្រោះមាន ក្រុមគ្រូពេទ្យ និងឱសថគ្រប់គ្រាន់សម្រាប់ធ្វើការព្យាបាលភ្លាមៗយ៉ាងមានប្រសិទ្ធ ភាពបំផុត ។

ជាមួយនឹងវិធានការជួយសង្គ្រោះអាជ្ញាធរបានជម្លៀសប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព១៥កន្លែងដែលមាន១.៤២៩ គ្រួសារ ស្មើនឹង៤.៨៣២នាក់ សត្វពាហនៈ ៥.១៩៧ក្បាល។ ក្នុងនោះក៏មានមមន្ត្រី សុខាភិបាលចុះពិនិត្យសុខភាពប្រជាពល រដ្ឋនៅតាមទីទួលសុវត្ថិភាព ព្រមទាំងបានធ្វើការណែនាំឲ្យមានការរស់នៅស្អាត និងហូបចុកស្អាតគឺត្រូវទទួលទានទឹកដាំពុះ ចៀសវាងការឆ្លងមេរោគផ្សេងៗផងដែរ៕ ហេង សូរិយា