ព័ត៌មានទាន់ហេតុការណ៍៖
" alt="" width="1024" height="100" />" alt="" width="1045" height="100" />

នៅឆ្នាំ២០១៩តម្លៃប្រេងនឹងមានការប្រែប្រួលដោយសារការដាក់ទណ្ឌកម្មលើអុីរ៉ង់ហើយអារ៉ាប៊ីសាអ៊ូឌីតប្រកាសកាត់បន្ថយការផលិត

ចែករំលែក៖

នៅខែធ្នូ ឆ្នាំ២០១៨នេះ ប្រទេសអារ៉ាប៊ី សាអ៊ូឌីត បានប្រកាសកាត់បន្ថយការ ផលិតប្រេង ជាសញ្ញាមួយគួរឲ្យព្រួយបារម្ភពីតម្លៃប្រេងនៅលើពិភពលោកឡើងថ្លៃខ្ពស់នៅក្នុងឆ្នាំ២០១៩ ដោយសារតែ កង្វះប្រភពផ្គត់ផ្គង់ បន្ទាប់ពីអាមេរិកដាក់ ទណ្ឌកម្មទៅលើវិស័យដឹកជញ្ជូន អុីរ៉ង និង វិស័យប្រេង ហើយអារ៉ាប៊ីសាអ៊ូឌីតបាន កាត់បន្ថយការផលិតតាមសំណើរបស់ អាមេរិកទៅទៀត។

កាលពីថ្ងៃទី១២ ខែវិច្ឆិកា កន្លងមក តម្លៃប្រេងឆៅនៅលើទីផ្សារបានកើនឡើងមកវិញ ក្រោយពីអារ៉ាប៊ី សាអ៊ូឌីត ប្រទេស មហាសេដ្ឋីប្រេង ទើបបានប្រកាសកាត់ បន្ថយការផលិតប្រេងរបស់ខ្លួននៅខែធ្នូក្រោយនេះ។ អារ៉ាប៊ីសាអ៊ូឌីតទំនងជាចាត់វិធានការនេះដើម្បីទប់ទល់កុំឲ្យតម្លៃប្រេងធ្លាក់ចុះបន្តទៅទៀត បន្ទាប់ពីបានធ្លាក់ ថយចុះខ្លាំងពី៨៦ដុល្លារ នៅចុងខែតុលា មកដល់តម្លៃ ៧០ដុល្លារ នៅថ្ងៃសុក្រទី៩ ខែវិច្ឆិកា។

តម្លៃប្រេងឆៅនៅលើទីផ្សារបានកើនឡើងជិត២ភាគរយនៅថ្ងៃចន្ទសប្តាហ៍នេះ។ កាលពីថ្ងៃសុក្រ ប្រេងឆៅមួយបារ៉ែល ថ្លៃ៧០ដុល្លារ ប៉ុន្តែនៅថ្ងៃចន្ទ តម្លៃប្រេងឆៅ បានកើនឡើងដល់៧១,៥៤ ដុល្លារក្នុងមួយ បារ៉ែល។

តម្លៃប្រេងឆៅឡើងថ្លៃខ្លាំង នៅមួយថ្ងៃក្រោយការប្រកាសរបស់រដ្ឋមន្រ្តីប្រេងអារ៉ាប៊ី សាអ៊ូឌីត ដែលថា អារ៉ាប៊ី សាអ៊ូឌីតនឹង កាត់បន្ថយការផលិតប្រេងរបស់ខ្លួននៅខែធ្នូខាងមុខ ពោលគឺនឹងកាត់បន្ថយការបូមប្រេងប្រមាណ ៥សែនធុងក្នុងមួយថ្ងៃ។ ការសម្រេចចិត្តយ៉ាងដូច្នេះរបស់អារ៉ាប៊ី សាអ៊ូឌីតនឹងធ្វើឲ្យការផ្គត់ផ្គង់ប្រេងនៅលើទីផ្សារធ្លាក់ថយចុះ ប្រមាណ ០,៥ភាគ រយ។ វាអាចជាវិធានការរបស់អារ៉ាប៊ី សាអ៊ូ ឌីតដើម្បីជួយទប់តម្លៃប្រេង កុំឲ្យធ្លាក់ចុះ តទៅទៀត។ សូមបញ្ជាក់ថា តាំងពីឆ្នាំ ២០១៦មក ការសម្រេចកាត់បន្ថយការបូមប្រេងរបស់ក្រុមប្រទេសនាំចេញប្រេង បានជួយឲ្យតម្លៃប្រេងឆៅ កើនឡើងខ្ពស់ ដល់៨៦ដុល្លារ ក្នុងមួយបារ៉ែលនៅខែ ចុងខែតុលា មុននឹងធ្លាក់មកវិញនៅត្រឹម តម្លៃ ៧០ដុល្លារក្នុងមួយបារ៉ែល កាលពីថ្ងៃ សុក្រចុងសប្តាហ៍មុននេះ។

នៅក្រោមការដាក់សម្ពាធរបស់អាមេ រិក ហើយនិងប្រទេសផលិតប្រេងផ្សេង ទៀត អារ៉ាប៊ី សាអ៊ូឌីត ដែលជាប្រទេសនាំចេញប្រេងច្រើនជាងគេនៅលើពិភពលោកបានយល់ព្រមបង្កើនការផលិតប្រេងរបស់ខ្លួនឲ្យដល់១លានបារ៉ែលក្នុងមួយថ្ងៃ ពោលគឺដើម្បីទប់ទល់ ប៉ះប៉ូវ ដល់ការខ្វះ ខាតប្រេងនៅលើទីផ្សារ ក្នុងករណីអុីរ៉ង់រងទណ្ឌកម្មសេដ្ឋកិច្ចរបស់អាមេរិក។

ប៉ុន្តែស្ថានការណ៍បានផ្លាស់ប្តូរទៅវិញ ព្រោះថា នៅក្នុងទណ្ឌកម្មសេដ្ឋកិច្ចទៅលើអុីរ៉ង់ អាមេរិកបានធ្វើការលើកលែងមួយ ចំនួន ពោលគឺនៅតែអនុញ្ញាតឲ្យអុីរ៉ង់ អាច លក់ប្រេងទៅឲ្យចិន និងឥណ្ឌា ដែលជា ប្រទេសទិញប្រេងច្រើនជាងគេនៅក្នុងពិភពលោក។ ដោយសារតែអុីរ៉ង់នៅតែអាចលក់ នាំចេញប្រេង ការបារម្ភរបស់អ្នកវិនិយោគដែលខ្លាចថា ការផ្គត់ផ្គង់ប្រេងមានច្រើន ហួស លើសតម្រូវការ ធ្វើឲ្យតម្លៃប្រេងធ្លាក់ ចុះ ចាប់ពីទណ្ឌកម្មអាមេរិកទៅលើអុីរ៉ង់ បានចូលជាផ្លូវការ កាលពីដើមខែវិច្ឆិកា។

ពាក់ព័ន្ធនឹងស្ថានភាពខាងលើ រដ្ឋាភិ បាលទីក្រុងតេអេរ៉ង់បានចោទ ប្រកាន់ ប្រទេសដែលជាសត្រូវរបស់ខ្លួនគឺ អារ៉ាប៊ី សាអ៊ូឌីត និង អារ៉ាប់រួមកំពុងប្រែក្លាយ បណ្តាប្រទេសនាំប្រេងចេញលំដាប់ពិភពលោក OPEC ទៅជាឧបករណ៍របស់អាមេ រិកសម្រាប់ប្រឆាំងអុីរ៉ង់។

តំណាងអីុរ៉ង់នៅក្នុងអង្គការនៃបណ្តាប្រទេសនាំប្រេងចេញ Organization of petroleum Exporting Countries(OPEC) បានចោទប្រកាន់អារ៉ាប៊ីសាអ៊ូឌីត និង ប្រទេសអារ៉ាប់រួម UAE បានដណ្តើមទី ផ្សារនាំប្រេងចេញរបស់អុីរ៉ង់។ តំណាង អីុរ៉ង់់នៅOPEC គឺលោក Sossen KazempourArdebiliបានបញ្ជាក់ទៅកាន់សារព័ត៌មាន Shana របស់អីុរ៉ង់់ថា «អារ៉ាប៊ីសាអ៊ូឌីត និងអារ៉ាប់រួម បានប្រែក្លាយ OPEC ទៅជាឧបករណ៍របស់អាមេរិកហើយបានធ្វើឲ្យ OPEC បាត់បង់នូវទំនុកចិត្ត។

កាលពីចុងខែឧសភា អាមេរិកបាន ប្រកាសដកខ្លួនចេញពីកិច្ចព្រមព្រៀង បរមាណូកាលពីឆ្នាំ២០១៥ ដែលមាន ប្រទេសចុះហត្ថលេខា ដូចជា អាមេរិក រុស្ស៊ី ចិន អីុរ៉ង់់ បារាំង អង់គ្លេស និង អាលឺ្ល ម៉ង់ ។

បើទោះបីមានការប្រឆាំងពីអីុរ៉ង់់ និង បណ្តាប្រទេសដែលបានចុះហត្ថលេខា ដើម្បីការពារ កិច្ចព្រមព្រៀងក្តី ក៏មិនបាន សម្រេចដែរ ដោយអាមេរិកបន្តដាក់ទណ្ឌ កម្មទៅលើអីុរ៉ង់់ដដែល។ ការដាក់ទណ្ឌកម្ម ដំណាក់កាលទីមួយទៅលើផលិតផល សំខាន់របស់អីុរ៉ង់នៅទូទាំងពិភពលោក ដើម្បីរារាំងការទិញប្រាក់ដុល្លាររបស់អីុរ៉ង់ក៏ដូចជាសម្ភារនៅក្នុងវិស័យផលិតរថយន្ត។

នៅក្នុងដំណាក់កាលទីពីររដ្ឋាភិបាល របស់ប្រធានាធិបតីដូណាល់ត្រាំបាន ព្យាយាមរារាំង ការនាំចេញប្រេងរបស់អីុរ៉ង់់ឲ្យស្ថិតនៅក្នុងកម្រិតសូន្យធ្វើឲ្យសេដ្ឋកិច្ចអីុរ៉ង់ត្រូវដួលរលំ ហើយបង្ខំចិត្តត្រូវតែ អង្គុយតុពិភាក្សាតាមការចង់បានរបស់ អាមេរិក។

ដើម្បីបំពេញនូវកង្វះប្រភពផ្គត់ផ្គង់នៅលើទីផ្សារពិភពលោក អាមេរិកបានអំពាវ នាវដល់ ក្រុមអ្នកផលិតប្រេងដូចជាអារ៉ាប៊ីសាអ៊ូឌីត រុស្ស៊ី និងបណ្តាប្រទេសផ្សេង ទៀតនៅ OPEC បន្ថែមប្រេងនាំចេញ ក្នុងគោលដៅរក្សាស្ថិរភាពនៃការផ្គត់ផ្គង់ ។

ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក John Bolton បានប្រកាសថា អាមេរិកនឹង ដាក់គំនាបយ៉ាងខ្លាំងបំផុតដល់ប្រទេសអីុរ៉ង់ដើម្បីឲ្យប្រទេសនេះផ្លាស់ប្តូរពីទស្សនៈ នយោបាយរបស់ខ្លួន។ លោកបន្តទៀតថា អាមេរិក មិនមានបំណងចង់ឲ្យអីុរ៉ង់ផ្លាស់ ប្តូររបបដឹកនាំនោះឡើយ គឺចង់ឲ្យផ្លាស់ប្តូរតែសកម្មភាពនយោបាយមួយចំនួន ប៉ុណ្ណោះ។

ច្បាប់ដាក់ទណ្ឌកម្មលើវិស័យប្រេងទៅលើអីុរ៉ង់នឹងមានប្រសិទ្ធភាពនៅថ្ងៃទី៤ខែ វិច្ឆិកា ដោយបានហាមប្រទេសជុំវិញពិភពលោកទិញប្រេងពីអីុរ៉ង់។ ប្រទេសដែល ទិញប្រេងពីអីុរ៉ង់់ មានដូចជាចិន ឥណ្ឌា អាចទទួលរងការដាក់ទណ្ឌកម្មពីអាមេរិកប្រសិនបើនៅតែបន្តទិញប្រេងពីអីុរ៉ង់់ក្រោយច្បាប់ដាក់ទណ្ឌកម្មអាមេរិកចូលជាធរមាននោះ៕ ម៉ែវ សាធី


ចែករំលែក៖