ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោនាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតចាប់ផ្តើមបំពេញទស្សនកិច្ចផ្លូវការនៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី

ទីក្រុងគូឡាឡាំពួរ ៖ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ មន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានចាប់ផ្តើមដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ហើយនៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៦ បន្ទាប់ពីបានអញ្ជើញចូលរួមវេទិកាសេដ្ឋ កិច្ចពិភពលោកលើកទី២៥ ស្តីពីអាស៊ាន រយៈពេល២ថ្ងៃរួចមកនោះ ។

នៅក្នុងពិធីបដិសណ្ឋារកិច្ចផ្លូវការដែលធ្វើឡើងនៅទីស្តីការគណៈរដ្ឋមន្រ្តី Pendana Square Putrajaya នៅជាយទីក្រុង គូឡាឡាំពួរ សម្តេចតេជោ និងសម្តេចកិត្តិ ព្រឹទ្ធបណ្ឌិតត្រូវបានធ្វើគារវកិច្ចស្វាគមន៍យ៉ាងស្និទ្ធស្នាលរាក់ទាក់ពីសំណាក់សមភាគីម៉ាឡេស៊ី លោក ដាតូ ស្រីុ ម៉ូដ ណា ជីប ប៊ីន ទួន ហាជី អាប់ឌុល រ៉ាហ្សាក់ (Dato Sri Mohd bin Tun Haji Abdul Razak) នាយករដ្ឋមន្រ្តីប្រទេសម៉ាឡេស៊ី និងលោក ស្រី ដាទីន ប៉ាដុកា សេរី រ៉ូស្មាស ម៉ែនស័រ។

នៅក្នុងពិធីបដិសណ្ឋារកិច្ចផ្លូវការនោះដែរសម្តេចតេជោនាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតដែលអមដំណើរដោយ ផ្ទាល់ពីសំណាក់សមភាគីនាយករដ្ឋមន្រ្តីម៉ាឡេស៊ី និងលោកស្រីអញ្ជើញគោរពទង់ ជាតិនៃប្រទេសទាំងពីរព្រះរាជាណាចក្រ កម្ពុជា និងប្រទេសម៉ាឡេស៊ីផងដែរ ។

ដំណើរបំពេញទស្សនកិច្ចផ្លូវការរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ទៅកាន់ប្រទេសម៉ាឡេស៊ីនៅពេលនេះគឺធ្វើឡើងដើម្បីពង្រឹងពង្រីកទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ សម្រាប់ប្រទេសទាំងពីរឲ្យកាន់តែរីកចម្រើន រឹងមាំ និងខ្លាំងក្លាថែមទៀតក្នុងនាមជា ប្រទេសស្ថិតក្នុងតំបន់អាស៊ានតែមួយ។

សូមបញ្ជាក់ថា គណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាអញ្ជើញអមដំណើរ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនេះរួមមានលោក ប្រាក់ សុខុន ទេសរដ្ឋមន្រ្តី រដ្ឋ មន្រ្តីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និងលោកស្រី ខេង សំវ៉ាដា ប្រាក់ សុខុន, លោក អូន ព័ន្ធមុនីរ័ត្ន ទេស រដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញ វត្ថុ, លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋ មន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន, លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌ មាន និងជាតំណាងជាតិសម្រាប់ក្រុមប្រឹក្សាសហគមន៍សង្គម វប្បធម៌អាស៊ាន និង លោកស្រី ខៀវ ទេពរង្សី, លោក ហង់ ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និង កីឡា, លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួង ពាណិជ្ជកម្ម, លោក វេង សាខុន រដ្ឋមន្រ្តី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, លោក សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, លោកស្រុី ថាមរុង្គ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី, លោក អូស្មាន់ ហាហ្សាន់ រដ្ឋមន្រ្តីប្រតិភូអម នាយករដ្ឋមន្រ្តី, លោក កៅ កឹមហួន រដ្ឋ មន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី, លោក អ៊ុង ស៊ាន រដ្ឋលេ
ខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងវត្ត មានលោក លោកស្រីជាឥស្សរជនជាន់ ខ្ពស់របស់ព្រះរាជាណាចក្រកម្ពុជាជាច្រើនរូបទៀត ។

បន្ទាប់ពីពិធីត្រួតពលកងកិត្តិយស និងពិធីបដិសណ្ឋារកិច្ចចំពោះបណ្តាមេដឹកនាំជាឥស្សរជនជាន់ខ្ពស់រដ្ឋាភិបាលប្រទេស ម៉ាឡេស៊ី និងព្រះរាជាណាចក្រកម្ពុជានិង លោក លោកស្រីជាឥស្សរជនការទូត បណ្តាប្រទេសជាមិត្តនានាប្រចាំប្រទេសម៉ាឡេស៊ីរួចមក សម្តេចតេជោនិងសមភាគីនាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក ដាតូ ស្រុី ម៉ូដ ណាជីប ប៊ីន ទួន ហាជី អាប់ឌុល រ៉ា ហ្សាក់ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ កំពូលចង្អៀត និងជំនួបចរចាផ្លូវការទ្វេភាគី ដោយបានពិភាក្សាគ្នាយ៉ាងយកចិត្តទុក ដាក់ទាក់ទិនទៅនឹងការជំរុញទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគី ពហុភាគី បញ្ហាតំបន់ និងអន្តរជាតិ ។

លោកនាយករដ្ឋមន្រ្តីម៉ាឡេស៊ីបាន ថ្លែងអំណរគុណចំពោះសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតដែលបានចំណាយពេលវេលាដ៏មានតម្លៃអញ្ជើញមកចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក និងអញ្ជើញ បំពេញទស្សនកិច្ចផ្លូវការនៅទីក្រុងគូឡាឡាំពួរក្នុងបរិយាកាសដ៏រីករាយនេះ ។

ជាការឆ្លើយតបសម្តេចតេជោបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដ៏ល្អរវាងប្រទេស ទាំងពីរតាមរយៈនេះសម្តេចតេជោសូម អញ្ជើញលោកនាយករដ្ឋមន្រ្តីចូលរួមវេទិកា សេដ្ឋកិច្ចពិភពលោកលើកទី២៦ ដែលនឹងប្រារព្ធធ្វើឡើងនៅខែឧសភាឆ្នាំ២០១៧ ក្នុងប្រទេសកម្ពុជា ។

បន្ទាប់ពីបញ្ចប់នូវកិច្ចប្រជុំចង្អៀត និង ជំនួបចរចាទ្វេភាគីប្រកបដោយលទ្ធផលដ៏ត្រចះត្រចង់រួចមកសម្តេចតេជោនាយករដ្ឋមន្រ្តី និងសមភាគីនាយករដ្ឋមន្រ្តីម៉ាឡេស៊ី បានអញ្ជើញធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន៣ក្នុងនោះរួមមាន ទី១-អនុស្សរណៈនៃការយោគ យល់គ្នាស្តីពីកម្មវិធីអ្នកស្ម័គ្រចិត្តអន្តរជាតិនៃMYCORPS នៅប្រទេសកម្ពុជា, ទី២-អនុស្សរណៈនៃការយោគយល់គ្នាស្តីពី កិច្ចសហប្រតិបត្តិការលើវិស័យព័ត៌មាន និងការផ្សាយតាមរលកធាតុអាកាស និងទី៣-លិខិតបញ្ជាក់បំណង (Letter of Intent) ដើម្បីចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិ បត្តិការលើវិស័យកសិកម្មក្នុងពេលខាងមុខ ។

នៅក្នុងពិធីដ៏មានអត្ថន័យជាប្រវតិ្ត សាស្រ្តនោះដែរលោកនាយករដ្ឋមន្រ្តីម៉ាឡេស៊ី និងសមភាគីកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានអញ្ជើញមានប្រសាសន៍ទៅកាន់បណ្តាអ្នកសារព័ត៌មានជាតិ និង អន្តរជាតិទាក់ទិននឹងលទ្ធផលនៃជំនួបចរចា ទ្វេភាគីដ៏មានខ្លឹមសារផងដែរ ។

នៅក្នុងឱកាសនៃការអញ្ជើញអម ដំណើរសម្តេចតេជោបំពេញទស្សនកិច្ចផ្លូវ ការនៅទីក្រុងគូឡាឡាំពួរសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានអញ្ជើញ ទស្សនាតាមរថយន្តក្នុងទីក្រុង Putrajaya ដែលជាទីក្រុងទេសចរណ៍ដ៏ប្រណីតរបស់ ប្រទេសម៉ាឡេស៊ី ។ បន្ទាប់មកសម្តេចកិត្តិព្រឹទ្ធបណ្ឌិតបានអញ្ជើញជួបសន្ទនាផ្ទាល់ជាមួយលោកស្រី ដាទីន ប៉ាដុកា សេរី រ៉ូស្មាស ម៉ែនស័រ ភរិយាលោក ដាតូ ស្រុី ម៉ូដ ណា ជីប ប៊ីន ទួន ហាជី អាប់ឌុល រ៉ាហ្សាក់ នាយក រដ្ឋមន្រ្តីម៉ាឡេស៊ី ក្នុងបរិយាកាសស្និទ្ធស្នាលរាក់ទាក់បំផុត ។

ក្នុងពិធីសំណេះសំណាលនោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងលោកស្រី ដាទីន ប៉ាដុកា សេរី រ៉ូស្មាស ម៉ែនស័រ បានសម្តែង ក្តីរីករាយជាអនេកចំពោះវឌ្ឍនភាពនៃទំនាក់ ទំនងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ។ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងលោកស្រីដាទីន ប៉ាដុកា សេរី រ៉ូស្មាស ម៉ែនស័រ ក៏បានផ្លាស់ប្តូរមតិមួយចំនួនទៅលើការងារសង្គម និង មនុស្សធម៌ ដែលក្នុងនោះលោកស្រី ដាទីន ប៉ាដុកា សេរី រ៉ូស្មាស ម៉ែនស័រ បានវាយតម្លៃ ខ្ពស់និងកោតសរសើរចំពោះសកម្មភាព មនុស្សធម៌ និងការងារសង្គមរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតដែលបានចំណាយថាមពលបញ្ញាញាណ និងធនធានសម្ភារផ្ទាល់ខ្លួន ក្នុងបុព្វហេតុជួយដល់ប្រជាពលរដ្ឋកម្ពុជា ពិសេសសកម្មភាពការងារមនុស្សធម៌កាកបាទក្រហមដែលរូបសម្តេចមិនគ្រាន់តែ បានរួមចំណែកជួយតែក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយដល់បណ្តាប្រទេសនានាលើសកលលោកដែលជួបប្រទះគ្រោះមហន្តរាយធម្មជាតិ និងឧប្បត្តិ ហេតុផ្សេងៗ។

នៅក្នុងពិធីដ៏មានអត្ថន័យនោះដែរ លោកស្រី ដាទីន ប៉ាដុកា សេរី រ៉ូស្មាស ម៉ែន ស័រ បានជូនវត្ថុអនុស្សាវរីយ៍ជាផ្ទាំងគំនូររូបថតដែលជាសិប្បកម្មផលិតដោយដៃជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត រួមទាំងវត្ថុអនុស្សា វរីយ៍មួយចំនួនទៀតដែលវត្ថុអនុស្សាវរីយ៍ទាំងអស់នោះបានបញ្ជាក់ពីការគោរព ស្រឡាញ់និងការរាប់អានដ៏ស្មោះរបស់លោកស្រីចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងនាមជាបងប្អូនស្រីតែមួយ ៕ ហេង សូរិយា