ព័ត៌មានទាន់ហេតុការណ៍៖

នៅ សុនិតា កាន់តែហ៊ឺហា

ភ្នំពេញ៖ ទោះបីជាមិនមានការងារច្រើនក្នុងវិស័យសិល្បៈច្រើនដូចមុន ប៉ុន្តែស្ថានភាពជីវិតរស់នៅរបស់តារាសម្តែង នៅ សុនិតា ហាក់ហក់ឡើងប្លែកមិនគួរឲ្យជឿ។ នាងបានផ្លាស់ប្តូជីវិតរស់នៅខ្លាំងរហូតអ្នកសិល្បៈរួមអាជីពលាន់មាត់សរសើរមិនដាច់ដែលគេសង្ស័យថាគូស្នេហ៍ជាមន្ត្រីប៉ូលីសច្រកទ្វារអន្តរជាតិមួយជួយ។

អ្នកក្នុងចង្កោមសិល្បៈម្នាក់បានលើកឡើងថា ក្រោយបញ្ចប់ការងារជាអ្នកចម្រៀងនៅផលិតកម្មKH នៅ សូនិតា ចាប់យកការងារសម្តែង និងពិធីកររហូតទទួលបានការគាំទ្រច្រើន ប៉ុន្តែគ្រាដែលកេរ្តិ៍ឈ្មោះនាងហក់ឡើងស្រាប់តែនាងលែងចង់ទទួលថតទៅវិញ។ ក្រោយការបន្ថយការងារសិល្បៈនេះ ជីវិតរស់នៅរបស់នាងក៏ប្រែប្រួលខ្លាំងដែរ ពោលទាំងរថយន្តសេរីចាស់ដែលនាងធ្លាប់ជិះបានដូរចេញងាកមកជិះរថយន្ត Mazda ថ្មីតម្លៃជិត១០ម៉ឺនដុល្លារអាមេរិក អ្វីដែលកាន់តែធ្វើឲ្យគេភ្ញាក់ផ្អើលខ្លាំងគឺនាងបានទិញផ្ទះវីឡាប្រណីតក្នុងបុរីមួយតម្លៃខ្ទង់សែនដុល្លារអាមេរិកផងដែរ។

ប្រភពបន្តថា សុនិតា មិនចាប់អារម្មណ៍នឹងការថតភាពយន្តដូចមុនទេគឺនាងទទួលការងារតិចតួចហើយមិនប្រឈមនឹងកម្តៅថ្ងៃខ្លាំងនោះទេ។ នាងនៅតែបន្តការងារជាពិធីការិនីនៅស្ថានីយទូរទស្សន៍បាយ័នប៉ុណ្ណោះ ហើយបើទោះបីជាផលិតករមួយចំនួនបានហៅថតជាមួយនឹងតម្លៃខ្លួនខ្ពស់ជាមុនក៏នាងហាក់មិនចាប់អារម្មណ៍ដែរព្រោះតែការងារសម្តែងរឿងភាគ ភាគច្រើនចំណាយពេលយូ និងត្រូវថ្ងៃក្តៅខ្លាំង។

ប៉ុន្តែថ្មីៗនេះនាងបានបង្ហាញវត្តមានក្នុងការថតភាពយន្តភាគថ្មីរបស់ទូរទស្សន៍ថោន គឺរឿង«រៃមាស» ដែលដឹកនាំសម្តែងដោយអ្នកស្រីពាន់ ភួង បុប្ផា។ មានការលើកឡើងថា រឿងដែលនាងសុខចិត្តទទួលសម្តែងនេះព្រោះតែការយោគយល់ច្រើនជាងការគិតពីតម្លៃខ្លួន ព្រោះតែផលិតករខាងលើធ្លាប់បានរុញច្រានឲ្យនាងលេចមុខមាត់ខ្លាំងកាលពីប៉ុន្មានឆ្នាំមុននេះ។

ទោះជាយ៉ាងណាកេនៅមិនទាន់ស្វែងរកការបញ្ជាក់ពីតារាស្រីរូបនេះបាននៅឡើយទេ ប៉ុន្តែបើតាមប្រភពពីអ្នករួមអាជីពលើកឡើងថា ស្ថានភាពជីវិតរស់នៅរបស់តារាស្រីរូបនេះប្រែប្រួលលឿនក្រោយពីនាងមានសង្សាជាមន្ត្រីប៉ូលីសអន្តោប្រវេសច្រកទ្វារអន្តរជាតិក្រុងបាវិត ខេត្តស្វាយរៀង។ ប្រភពលើកឡើងថា សង្សានាងស្នើមិនឲ្យនាងប្រឡូកសិល្បៈខ្លាំង ហើយក៏មិនចង់ឲ្យប្រុសៗប៉ះពាល់រូបរាងកាយនាងផងដែរ ។

NKD-36x6_outline

ប្រភពបន្តថា សង្សានាងបានជួយដល់នាង និងក្រុមគ្រួសារច្រើនហើយចាស់ទុំទាំងសងខាងសុទ្ធតែដឹងលឺអំពីទំនាក់ទំនងនេះ ប៉ុន្តែពួកគេនៅមិនទាន់ឈានដល់ពិធីតាមទំនៀមទម្លាប់នោះដែរ។ ប្រភពបន្តថា លុយកាក់នាងចាយពេញៗដៃ ប្រើប្រាស់សុទ្ធតែទំនើបទាន់សម័យថ្លៃកប់ពពក ហើយផ្ទះសាងសង់ជិតរួចរាល់នោះក៏មានចំណែកម្ចាស់ចិត្តនាងផងដែរ។ អ្នកសិល្បៈជាច្រើនបានសរសើរពីវាសនាតារាស្រីរូបនេះដែលអាចឆក់យកបេះដូងបុរសជាគូស្នេហ៍ហើយសម្បូរទ្រព្យធនបាន៕ វឌ្ឍនា