ព័ត៌មានទាន់ហេតុការណ៍៖

បងថ្លៃ​ខឹង​ប្អូនថ្លៃ​វាយ​ប្រពន្ធ​ខៀវ​ភ្នែក ​ទាញ​កែវ​គប់​ប្អូនថ្លៃ​បែកក្បាល​

​ភ្នំពេញ​ ៖​ បងថ្លៃ​ខឹង​ប្អូនថ្លៃ​វាយ​ប្រពន្ធ​របស់​ខ្លួន​ខៀវ​ភ្នែក​ក៏​បាន​ទាញ​យក​កែវ​គប់​ប្អូនថ្លៃ​បណ្តាល​ឲ្យ​បែកក្បាល​ហូរ​ឈាម​កាលពី​វេលា​ម៉ោង​ ២​ និង​២០​នាទី​រំលង​អធ្រាត្រ​ ឈាន​ចូល​ថ្ងៃ​ទី​១៦​ ខែមករា​ នៅ​ហាង​ស៊ុប​៨៨១​អា​ ម្តុំ​ច្រមុះជ្រូក​ក្បាលថ្នល់​ តាម​ផ្លូវ​លេខ​២៧១​ សង្កាត់​ផ្សារ​ដើម​ថ្កូវ​ ខណ្ឌចំការមន​ ។​

ជន​រង​គ្រោះ​មានឈ្មោះ​ ហួ​ក​ បញ្ញា​ ភេទ​ប្រុស​ អាយុ​៣២​ឆ្នាំ​ មុខរបរ​រត់​តុ​នៅ​ភោជនីយដ្ឋាន​បុ​ប្ជា​ចំការមន​ ។​ ចំណែក​ជន​ដៃដល់​ត្រូវជា​បងថ្លៃ​ឈ្មោះ​ ពុធ​ មក​រា​ ភេទ​ប្រុស​ អាយុ​៣០​ឆ្នាំ​ ជា​សន្តិសុខ​យាម​នៅ​ភោជនីយដ្ឋាន​បុ​ប្ជា​ចំការមន​ជាមួយ​គ្នា​។​ ទាំង​២​នាក់​ស្នាក់​នៅផ្ទះ​ជួល​ជាមួយ​គ្នា​ ផ្ទះ​លេខ​២៧​ សង្កាត់​ផ្សារ​ដើម​ថ្កូវ​ ខណ្ឌចំការមន​ ។​

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា​ កន្លង​មក​ប្តី​ប្រពន្ធ​ជន​ដៃដល់​បាន​ឈ្លោះប្រកែក​គ្នា​ ហើយ​បុរស​ជា​ប្តី​បាន​វាយ​ប្រពន្ធ​ឡើង​ខៀវ​ភ្នែក​ ទើប​នៅ​ថ្ងៃ​កើតហេតុ​ក្រុម​គ្រួសារ​មាន​ឪពុកមា​ និង​ម្តាយមីង​របស់​ជន​ដៃដល់​មាន​ទំនាស់​ជាមួយ​បងថ្លៃ​ប្រុស​(​ បងប្រុស​របស់​ប្រពន្ធ​ជន​រង​គ្រោះ​)​បាន​ទៅ​ជួបជុំ​ហូប​ស៊ុប​នៅ​ហាង​៨៨១​អា​ នៅ​ក្បាលថ្នល់​ ដើម្បី​ផ្សះផ្សារ​អ្នក​ទាំង​២​នាក់​ប្តី​ប្រពន្ធ​ដែល​មាន​ទំនាស់​នោះ​ ។​ ប៉ុន្តែ​ខណៈ​ពេល​កំពុង​តែ​និយាយ​គ្នា​បណ្តើរ​ហូប​ស៊ុប​ក៏​នាំ​គ្នា​ផឹកស្រា​ថូ​អស់​៣​ថូ​ ស្រវឹង​បន្តិច​ បងប្រុស​ឃើញ​ប្អូនស្រី​ត្រូវ​ប្តី​វាយ​ខៀវ​ភ្នែក​កើត​មានចិត្ត​ខឹង​បាន​និយាយ​ទាស់​ពាក្យ​សម្តី​ជាមួយ​ប្អូនថ្លៃ​ក៏​បាន​យក​កែវ​គប់​ក្បាល​ប្អូនថ្លៃ​បែកក្បាល​ហូរ​ឈាម​ត្រូវ​បាន​ប្រពន្ធ​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរ​ពហុ​ព្យាបាល​បាយ័ន​ភ្លាមៗ​ ។​

ចំណែក​បងថ្លៃ​ដែល​ជា​ជន​បង្ក​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​យក​ទៅ​សាកសួរ​ ហើយ​ប្អូនថ្លៃ​ដែល​ជា​ជន​រង​គ្រោះ​ចង់​ដាក់​ពាក្យបណ្តឹង​ តែ​ប្រពន្ធ​ឃាត់​មិន​ឲ្យ​ដាក់​ពាក្យបណ្តឹង​ទេ​ ព្រោះ​សុទ្ធតែ​ជា​បងប្អូន​ ហើយ​ធ្វើការ​ជាមួយ​គ្នា​និង​ស្នាក់​នៅ​ជាមួយ​គ្នា​ទៀត​ផង​ ។​ ក្រោយមក​អ្នក​ទាំង​២​ក៏​បញ្ចប់​ឈប់​ប្ដឹង​គ្នា​ដោយ​ឲ្យ​បងថ្លៃ​សុំ​ទោស​នៅ​ប៉ុស្តិ៍រ​ដ្ន​បាល​សង្កាត់​ផ្សារ​ដើម​ថ្កូវ​តែ​ម្ដង​៕