ព័ត៌មានទាន់ហេតុការណ៍៖

បង់ក្លាដែសប្រឈមនឹងលំហូរចូលនៃជនភៀសខ្លួនរ៉ូហ៊ីងយ៉ា

បង់ក្លាដែសជាប្រទេសក្រីក្រប្រឈម នឹងគ្រោះធម្មជាតិជាច្រើន មិនតែប៉ុណ្ណោះប្រទេសនេះត្រូវទទួលរងនូវការហូរចូលនៃជនភៀសខ្លួន រ៉ូហ៊ីងយ៉ា ទាំងពីប្រទេស មីយ៉ាន់ម៉ា និងប្រទេស ឥណ្ឌា។

ថ្នាក់ដឹកនាំក្នុងស្រុកមួយនៃប្រទេស បង់ក្លាដែសបានប្រកាសឲ្យដឹងពីការពង្រឹងសន្តិសុខនៅតាមបណ្តោយព្រំដែនជាមួយប្រទេសឥណ្ឌានៅប៉ែកខាងលិច។ គោល ដៅ គឺដើម្បីទប់ស្កាត់លំហូរជាយថាហេតុនៃជនជាតិភាគតិចរ៉ូហ៊ីងយ៉ាពីប្រទេស ឥណ្ឌា។ ឥណ្ឌាដែលបានប្រកាសឲ្យដឹងនាខែសីហាកន្លងទៅថ្មីៗនេះថា ខ្លួនត្រៀមខ្លួននឹងបញ្ជូនពួករ៉ូហ៊ីងយ៉ាទាំងអស់ទៅកាន់ប្រទេសបង់ក្លាដែស បូករួមទាំងពួករ៉ូហ៊ីងយ៉ាដែលឧត្តមស្នងការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនទើបបានចុះឈ្មោះទទួលស្គាល់ជាជនភៀសខ្លួនផង។

ការដើរល្បាត និងវិធានការរឹតបន្តឹង សន្តិសុខរបស់រដ្ឋអំណាចបង់ក្លាដែសត្រូវបានធ្វើឡើងនៅតាមបណ្តោយព្រំដែនជាមួយរដ្ឋឥណ្ឌាស្ថិតភាគឦសាន ហើយឆ្មាំព្រំដែនបានទទួលបញ្ជាឲ្យចាប់បញ្ជូនពួក រ៉ូហ៊ីងយ៉ាចូលក្នុងទឹកដីឥណ្ឌាវិញ បើពួកនេះហ៊ានឆ្លងកាត់ខ្សែព្រំដែននោះ។ លោក វរសេនីយ៍ឯកហាគីម មេបញ្ជាការឆ្មាំព្រំដែនបង់ក្លាដែសប្រចាំតំបន់មួយបានបញ្ជាក់ប្រាប់ AFP ថា មានជនជាតិភាគតិចរ៉ូហ៊ីងយ៉ាជាច្រើននាក់កំពុងប្រមូលផ្តុំគ្នានៅត្រើយម្ខាងនៃទន្លេដែលខណ្ឌចែកប្រទេសឥណ្ឌា និងបង់ក្លាដែស និងថា ពួកគេតែងព្យាយាមឆ្លងដែនទៅជួបជុំក្រុមគ្រួសាររបស់គេនៅបង់ក្លាដែស។

NKD-36x6_outline

តាមតួលេខផ្លូវការ មានជនជាតិភាគ តិចរ៉ូហ៊ីងយ៉ាចំនួន ១៦.០០០នាក់កំពុងរស់នៅលើទឹកដីឥណ្ឌា តែតួលេខក្រៅ ផ្លូវការឲ្យដឹងថា មានរហូតដល់ទៅ ៤០.០០០នាក់។ នៅក្នុងខែសីហាកន្លង ទៅថ្មីៗនេះ រដ្ឋអំណាចឥណ្ឌាដែលលើកហេតុផលសន្តិសុខបានប្រកាសឲ្យដឹងថា ខ្លួនត្រៀមចាប់បញ្ជូនពួករ៉ូហ៊ីងយ៉ាទាំង អស់ដែលកំពុងមានវត្តមានលើទឹកដីឥណ្ឌាទៅកាន់បង់ក្លាដែស រាប់ទាំងពួករ៉ូហ៊ីងយ៉ាដែលឧត្តមស្នងការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនចុះឈ្មោះទទួលស្គាល់ជាជនភៀសខ្លួនផងដែរ៕ ម៉ែវ សាធី