ព័ត៌មានទាន់ហេតុការណ៍៖

បង្ក្រាបក្រុម​ជួញដូរគ្រឿងញៀន ចាប់ខ្លួន៣នាក់ ដកហូតថ្នាំញៀន១គីឡូក្រាម ផ្ទុះអាវុធ៤-៥គ្រាប់ ពលរដ្ឋភ្ញាក់ផ្អើល ព្រលឹងចុងសក់

ភ្នំពេញ៖ ពលរដ្ឋរស់នៅម្តុំបណ្តោយមហាវិថីអង្គរ ក្រុមទី៩ ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ម្នាក់ៗ ភ័យព្រលឹងចុងសក់គ្រាប់គ្នា បន្ទាប់ពីពួកគាត់បានឮស្នូរកាំភ្លើងផ្ទុះក្តុងក្ឌាំងផ្ទួនៗគ្នា កាលពីវេលាយប់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦ ។

មិនមែនជាករណីបង្ក្រាបក្រុមភេរវកម្មពិសេសអ្វីនោះឡើយ ប៉ុន្តែជាករណីបង្ក្រាបគ្រឿងញៀនប៉ុណ្ណោះ ដោយក្នុងនោះ ជាលទ្ធផល គេបានចាប់ខ្លួនជនសង្ស័យ៣នាក់ និងចាប់យកម៉្សៅសង្ស័យថ្នាំញៀនប្រហែល១គីឡូក្រាមផងដែរ ។

បញ្ហាគ្រឿងញៀននៅពេលបច្ចុប្បន្ននេះ ហាក់ពុំមានការថយចុះ ឬមានការទទួលខុសត្រូវខ្ពស់ចាត់វិធានការតឹងរ៉ឹងបំផុតចំពោះមេក្លោងធំ ដូចនៅប្រទេសហ្វីលីពីន នោះឡើយ ដែលរាល់ថ្ងៃ សមត្ថកិច្ច ក្រុងភ្នំពេញមមាញឹកខ្លាំងណាស់ នៅក្នុងការបង្ក្រាបគ្រឿងញៀនយប់ថ្ងៃ បានមួយកញ្ចប់ ពីរកញ្ចប់ និងឃាត់ខ្លួនជនសង្ស័យម្នាក់ ពីរនាក់ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ។

គេមិនដឹងថា តើមានអ្វីជាអាថ៌កំបាំងធំនោះទេ នៅពីក្រោយខ្នងជនជាមេក្លោងគ្រឿងញៀនធំៗ ឬមួយពួកនេះចេះមន្តអាគមន៍បំបាំងកាយអ្វីនោះទេ បានជាសមត្ថកិច្ចនៅតែមិនទាន់មានសមត្ថភាពបោសសម្អាត ។

តាមប្រភពព័ត៌មានពីនាយការិយាល័យក៩ លោក យិន បញ្ញារិទ្ធ បានបញ្ជាក់ថា សម្រាប់ការបង្ក្រាបនៅចំណុចខាងលើនេះ សមត្ថកិច្ចបានផ្ទុះអាវុធគំរាម ៤-៥គ្រាប់ ដើម្បីបង្អាក់ក្រុមជនសង្ស័យ ហើយជាលទ្ធផល សមត្ថកិច្ចបានចាប់ខ្លួនជនសង្ស័យ៣នាក់ ទី១-ឈ្មោះ ទឹម ស៊ីដេត អាយុ៣៨ឆ្នាំ ទី២-ឈ្មោះ កែវ រដ្ឋា អាយុ២០ឆ្នាំ និងទី៣-ឈ្មោះ សុខ លាភ អាយុ៣៩ឆ្នាំ  និងដកហូតម្ស៉ៅសង្ស័យថ្នាំញៀន១គីឡូក្រាម ព្រមទាំងសម្ភារមួយចំនួនផងដែរ ។ ជនសង្ស័យ រួមជាមួយវត្ថុតាង ត្រូវបញ្ចូនទៅ មន្ទីរប្រឆាំងគ្រឿងញៀន ដើម្បីសាកសួរ ៕ ថាច់ យ៉ាត

 

test