ព័ត៌មានទាន់ហេតុការណ៍៖

បង្ក្រាបទីតាំងកត់ឆ្នោត ឃាត់ខ្លួន២នាក់ប្តី-ប្រពន្ឋជាមេឆ្នោត

ខេត្តកំពង់ស្ពឺ៖ ផ្ទះកត់ឆ្នោត១កន្លែង មានទីតាំងជាប់សាលារៀន បើកមុខរបរនេះច្រើនឆ្នាំហើយនោះ ត្រូវបានបង្ក្រាបដោយដកហូតបានវត្ថុតាងមានទាំងលុយខ្មែរ លុយបាតយ៉ាងច្រើនសន្ឋឹកសន្ឋាប់។

ករណីបង្ក្រាបមេល្បែងកន្ទុយលេខនេះ ធ្វើឡើង កាលពីវេលាម៉ោង៣និង៤០នាទីរសៀល ២រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៥ ខែធ្នូ គ.ស.២០១៧ នៅចំណុចភូមិដូនពេញ ឃុំទួលសាលា ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ។

មេកន្ទុយលេខដុះស្លែ២នាក់ប្តី-ប្រពន្ឋ ដែលកម្លាំងប៉េអឹមបង្ក្រាបមាន ឈ្មោះ ហៀង ឃីម ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរមេកន្ទុយ លេខ មានទីលំនៅភូមិ ឃុំខាង លើ និងឈ្មោះ ខេង ផល្លី ភេទស្រី អាយុ៣៧ឆ្នាំ មុខរបរមេ កន្ទុយ លេខ រស់នៅជាមួយគ្នា។

លោកអនុសេនីយ៍ឯកទិត្យ វណ្ណៈ ប្រធានមន្ទីរយុត្តិធម៌កងរាជអាវុធ ហត្ថខេត្តបានប្រាប់ថា ប្រតិបត្តិការនេះ ធ្វើឡើងតាមបទបញ្ជារបស់លោកឧត្តមសេនីយត្រីជូសារុនមេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្រប សម្រួលពីលោកកែវ សុធាព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺ។

លោកទិត្យ វណ្ណៈបន្តថាការបង្ក្រាបមេឆ្នោតខាងលើបានការចូលរួមនិងប្រើប្រាស់កម្លាំងរបស់មន្ទីរយុត្តិធម៌ កម្លាំងស្រុកសំរោង ទង នឹងក្មលាំងមូលដ្ឋានស្រុកបរសេដ្ឋផងដែរ មានការដឹកនាំកំលាំងដោយលោក អ៊ូ ផាត ព្រះរាជអាជ្ញារង អមសាលាដំបូង ខេត្តកំពង់ស្ពឺ ទើបការចុះបង្រ្កាប បានទទួលជោគជ័យ។

លោកប្រធានមន្ទីរបន្តថាការបង្រ្កាបមេកន្ទុយលេខដុះស្លែខាងលើនេះបន្ទាប់ពីមានសេចក្តីរាយការណ៍ពីពលរដ្ឋល្អរស់នៅភូមិឃុំខាងលើដែលបានរាយការណ៍មនិងស្នើសុំមកខាងកងរាជអាវុធហត្ថឲ្យចុះបង្ក្រាបព្រោះតែផ្ទះមេកន្ទុយលេខនេះស្ថិតនៅជាប់សាលារៀនតែម្តង។ ក្រោយការបង្ក្រាបល្បែងស៊ីសង និងមេកន្ទុយលេខដុះស្លែនេះដែរសមត្ថកិចដកហូតវត្ថុតាង និងសម្ភារមួយចំនួន រួមមាន៖ លុយខ្មែរ១៥២ម៉ឺនរៀល, លុយបាត១៦០បាត, ក្រដាស់រ៉ាម៣ដុំ, កាស្សូ២, ប៊ិច៣ដើម,ក្រដាស់កន្ទុយលេខធំកត់រួច៧២សន្លឹក, ក្រដាស់កត់កន្ទុយលេខខ្នាតតូច មួយចំនួនធំ,ទូរស័ព្ទ២គ្រឿង និងដែកកឹប១។

បច្ចុប្បន្ន ជនសង្ស័យ វត្ថុតាង នឹង សម្ភារះ ទាំងអស់បានបញ្ជូនមកទីបញ្ជាការដ្ឋាន អាវុធហត្ថខេត្តកំពង់ស្ពឺដើម្បី ចាត់ការទៅតាមនីតិវិធី ។

នៅចំពោះមុខសមត្ថកិចមេកន្ទុយលេខទាំង២ឆ្លើយថា ខ្លួនបានកត់របរកន្ទុយលេខនេះច្រើនឆ្នាំមកហើយ ព្រោះតែមានមេធំ(ឈ្មោះរាជសី) ដែលជាខ្នងបង្អែកនោះ ក៏ជាមន្ត្រីនគរបាលដែរ តែមិនដឹងថា នគរបាលខាងណាឡើយ។ ការប្រកបមុខរបរនេះខ្កួនមិនធ្លាប់ត្រូវបានសមត្ថកិច្ចណាមួយបង្ក្រាបពីមុនមកឡើយ ទើបតែលើកនេះត្រូវខាងប៉េអឹមចុះមកបង្ក្រាបបានជាក់ស្តែងតែម្តង។

ប្រជាពលរដ្ឋដែលរស់នៅមូលដ្ឋានខាងលើបានសំដែងនូវការសាទរយ៉ាងខ្កាំងចំពោះចំណាត់ការរបស់ប៉េអឹមលើទីតាំងកត់កន្ទុយលេខមួយនេះព្រោះថា អស់រយៈពេលច្រើនឆ្នាំមកហើយគេមិនដែលឃើញអស់លោកសមត្ថកិចបង្ក្រាបម្តងណាឡើយ ទើបតែលើកនេះឃើញខាងប៉េអឹមខេត្តចុះមកបង្ក្រាបទៅវិញ។ ទីតាំងមេកន្ទុយលេខដុះស្លែនេះប្រជាពលរដ្ឋធ្លាប់បានរាយការណ៍ទៅអាជ្ញាធរស្រុកឲ្យបង្ក្រាបញឹកញាប់ណាស់ព្រោះតែពួកគាត់មើលឃើញពីភាពអវិជ្ជមាន និងអស្ថេរភាពសង្គមព្រោះតែទីតាំងនេះនៅជាប់សាលារៀនហើយគេតែងសង្កេតឃើញថា មិនមែនតែមនុស្សចាស់នោះទេដែលទីចាក់កន្ទុយលេខនៅទៅនេះសូម្បីតែក្មេងសិស្សសាលាមួយចំនួនក៏ចេញចូលចាក់កន្ទុយលេខនៅទីតាំងនេះដែរ ហើយបើនិយាយពីរឿងរាយការណ៍សុំឲ្យបង្ក្រាបវិញ មិនដែលឃើញអស់លោកខាងស្រុកមានវិធានការបង្ក្រាបសោះឡើយ។

ជាងនេះទៅទៀត សំណូមពរប្រជាពលរដ្ឋរស់នៅមូលដ្ឋានខាងលើបានសំណូមពរដល់ លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសូមចាត់វិធានការតឹងរ៉ឹងចំពោះមេឆ្នោតដុះស្លែទាំង២នាក់ខាងលើផង ព្រោះមុនពេលត្រូវបង្ក្រាបមេឆ្នោតខាងលើបានអួតក្អេងក្អាងថា ខ្នងរបស់គេជានគរបាលដែលមានស័ក្តិធំគ្មានអ្នកណាហ៑ានចាប់បង្ក្រាបគេឡើយ តែការអួតនេះមិនបានយូរប៉ុន្មានផងក៏ត្រូវបង្ក្រាបតែម្តង។

ពលរដ្ឋសង្ឃឹមនិងជឿជាក់ថា ក្រោយខាងប៉េអឹមកសាងសំណុំរឿងរួចរាល់បញ្ជូនទៅតុលាការ តុលាការនឹងមិនអនុញាតិឲ្យមេឆ្នោតទាំង២នេះនៅក្រៅឃុំនោះទេ។

ម្យ៉ាងដើម្បីអនុវត្តតាមគោលការណ៍ភូមិឃុំសុវត្ថិភាពរបស់រាជរដ្ឋាភិបាលសុំលោកព្រះរាជអាជ្ញាអនុវត្តតាមនីតិវីធីយ៉ាងតឹងរឹុងតាមផ្លូវច្បាប់ផង៕ សេនាស័ក្តិ