ខេត្តកណ្តាលៈ មុខសញ្ញារក្សាទុកគ្រឿងញៀនខុសច្បាប់៣នាក់ត្រូវសមត្ថកិច្ចនគរបាលក្រុងតាខ្មៅឃាត់ខ្លួនជាបន្តបន្ទាប់នៅតាមគោលដៅ២ផ្សេងគ្នាដោយ ដកហូតបានថ្នាំញៀនប្រភេទមេតំហ្វេតាមីន២កញ្ចប់តូច និងសម្ភារៈពាក់ព័ន្ធមួយចំនួនទៀត បញ្ជូនទៅកាន់អធិការដ្ឋានដើម្បីសាកសួរ និងកសាងសំណុំរឿងចាត់ការតាមច្បាប់ ។
សេចក្តីរាយការណ៍បានបញ្ជាក់ថា ប្រតិបត្តិការទី១- ជនសង្ស័យ២នាក់ត្រូវបាន សមត្ថកិច្ចនគរបាលក្រុងតាខ្មៅចាប់ខ្លួនកាលពីវេលាម៉ោង២៣និង៣៥នាទី ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៥ ត្រង់ចំណុចផ្លូវបេតុង ក្នុងភូមិព្រែកកាត់ សង្កាត់តាក្តុល ក្រុងតាខ្មៅ ដកហូតថ្នាំញៀនប្រភេទមេតំហ្វេតាមីនចំនួន១កញ្ចប់តូច, ម៉ូតូ១គ្រឿង និងដែកកោះចំនួន១ ។ ជនសង្ស័យឈ្មោះ អ៊ុក សុខុម ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ ជាកម្មករសំណង់ និងម្នាក់ទៀតឈ្មោះ ញ៉ សុភ័ណ្ឌ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅជាមួយគ្នាក្នុងភូមិភូមិបត់តាជី សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ប្រតិបត្តិការទី២-ឃាត់ខ្លួនបានជនសង្ស័យ១នាក់ រឹបអូសបានថ្នាំញៀនប្រភេទមេតំហ្វេតាមីនចំនួន១កញ្ចប់តូច កាលពីវេលាម៉ោង១ និង២០នាទីទាបភ្លឺ ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៥ តាមបណ្តោយផ្លូវជាតិលេខ២១B ត្រង់ចំណុចមុខស្ថានីយ៍ប្រេងតេលា ភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ។ជនសង្ស័យមានឈ្មោះ ផល វណ្ណារ៉ា ហៅខ្តេវ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ។
ពាក់ព័ន្ធករណីបង្ក្រាបបទល្មើសគ្រឿងញៀននៅខេត្តកណ្តាល ត្រូវបានគេមើលឃើញថាបានធ្វើឡើងជាបន្តបន្ទាប់ដូចភ្លៀងរលឹម ជាហេតុធ្វើឲ្យបទល្មើសផ្សេងទៀតមានការថយចុះនៅក្នុងមូលដ្ឋាន ៕ស្អាងជ័យ