ព័ត៌មានទាន់ហេតុការណ៍៖

បច្ចេកវិទ្យាទំនើបដែលអាចផ្ទេរប្រាក់តាមATMដោយមិនបាច់ប្រើកាត

ចែករំលែក៖

ភ្នំពេញ៖ ស្របពេលដែលកំណើនសេដ្ឋកិច្ចកម្ពុជា មានការរីកចម្រើន តម្រូវការសេវាកម្មផ្ទេរប្រាក់ បានក្លាយជាតម្រូវការកាន់តែចំាបាច់ ជាពិសេសសម្រាប់ប្រជាពលរដ្ឋចំណាកស្រុក ដែលចេញទៅរកការងារឆ្ងាយពីផ្ទះ សម្រាប់អាជីវករ និង សម្រាប់បងប្អូនសាច់ញាតិ ដែលរស់នៅឆ្ងាយពីគ្នា  ។ ចំនួនភ្នាក់ផ្តល់សេវាកម្មផ្ទេរប្រាក់ ក៏មានការកើនឡើងពីមូយថ្ងៃទៅមួយថ្ងៃ ដើម្បីបំពេញតម្រូវការរបស់ប្រជាជននៅទីក្រុងភ្នំពេញ តាមបណ្តាខេត្ត តាមជនបទ និង ឆ្លងទៅក្រៅប្រទេសផងដែរ ។ ប៉ុន្តែចរន្តនៃដំណើការសេវាផ្ទេរប្រាក់ ដែលកំពុងតែចរាចរណ៍ទាំងនេះ បាននិងកំពុងជួបការលំបាកមួយចំនួន ដូចជា៖ តម្រូវអោយពួកគេត្រូវធ្វើដំណើរទៅកាន់ភ្នាក់ងារផ្ទេរប្រាក់ ដែលមានទីតាំងឆ្ងាយ មានរយៈពេលកំណត់ក្នុងការដកប្រាក់ និងពេលខ្លះត្រូវបាត់បង់ ដោយការលួចបន្លំ ឫហានិភ័យផ្សេងៗជាដើម ។

ដើម្បីកាត់បន្ថយបញ្ហាទាំងនេះ ធនាគារABA បានបង្កើតសេវាកម្មផ្ទេរប្រាក់ E-Cashនៅក្នុងកម្នវិធី Mobile app របស់ខ្លួនដែលជួយសំរួលដល់អតិថិជនរបស់ខ្លួនធ្វើការផ្ទេរប្រាក់ទៅកាន់សាច់ញាតិ បងប្អូន និងក្រុមគ្រួសារ ដោយមិនចាំបាច់មានកាត ពុំចាំបាច់មានគណនីធនាគារពោលគឺតាមរយៈលេខកូដដើម្បីយកទៅដកប្រាក់ពីម៉ាស៊ីន ATM បាន ។

លោក ហេង វណ្ណៈ ជាពលរដ្ឋម្នាក់ដែលជាអ្នកប្រើប្រាស់សេកម្ម E Cash បានឲ្យដឹងថា៖ ខ្ញុំបានប្រើសេវាកម្ម E Cash តាម ABA Mobile app ដើម្បីផ្ទេរប្រាក់ទៅក្រុមគ្រួសារខ្ញុំទៅដកពីទូATMដោយមិនបាច់ប្រើកាត ឫពេលដែលភ្លេចយកកាបូបលុយ ឫភ្លេចកាតATM តាមខ្លួន ឃើញថា សេវាកម្មនេះងាយស្រួលក្នុងការប្រើ សុវត្ថិភាពខ្ពស់ តំលៃសេវាទាប ដកបានគ្រប់ពេល និងគ្មានជនទីបីណាម្នាក់ដឹងលេខកូដក្រៅពីខ្ញុំនិងអ្នកទទួលឡើយ។ ។

យោងទៅតាមលោក Sanzhar Abdullayev នាយក នាយកដ្ឋានកាត និង e-banking របស់ធនាគារ ABA បានអោយដឹងថាសេវាផ្ទេរប្រាក់តាម ATM ដោយមិនបាច់ប្រើកាត បានដាក់អោយដំណើរការតាំងពីខែ ឧសភា ឆ្នាំ ២០១៥ តាមរយៈកម្មវិធី ABA Mobile App ដែលមានឈ្មោះថា E Cash ។ សេវានេះបានសាកល្បង និង ឆ្លងកាត់ការត្រួតពិនិត្យសុវត្ថិភាពយ៉ាងច្បាស់លាស់ ។

លោកបានបន្ថែមទៀតថា៖ យើងមានហេតុផលជាច្រើនក្នុងការអភិវឌ្ឍសេវាកម្មនេះក្នុងនោះរួមមាន ការបំលាស់ទីពីជនបទ ទៅទីក្រុង ប៉ុន្តែអ្នកទាំងនោះនៅតែបន្តធ្វើការផ្ញើប្រាក់ជាទៀងទាត់ដើម្បីផ្គត់ផ្គង់ជីវភាពរស់នៅដល់សាច់ញាតិរបស់ពួកគេ។ ប្រជាជនកម្ពុជាមួយចំនួនធំ មិនមានគណនីធនាគារទេ ជាពិសេស នៅតាមទីប្រជុំជន ឬ ស្រុកភូមិឆ្ងាយៗ ។ ហេតុផលមួយផ្សេងទៀតក្នុងការបើកដំណើរការ សេវាកម្ម E-Cash នេះគឺដើម្បីជួយដល់អតិថិជនរបស់យើងក្នុងស្ថានភាពអាសន្នបន្ទាន់។ ពេលខ្លះពួកគាត់អាចភ្លេច ឬ បាត់កាបូប និង កាតដែលធ្វើអោយពួកគាត់មិនអាចដកប្រាក់បានពេលដែលគេត្រូវការវា។ សេវាកម្មនេះអនុញ្ញាតអោយពួកគេផ្ញើរប្រាក់ពីគណនីផ្ទាល់របស់ពួកគេដោយសុវត្ថិភាព ឬ សុំអោយមិត្តភក្ត័របស់គេផ្ញើរអោយ ហើយពួកគេអាចដកប្រាក់នៅកន្លែងនោះបាន។

សេវាកម្មផ្ទេរប្រាក់តាម ATM ដោយមិនបាច់ប្រើកាត E Cash នេះទទួលបានការពេញចិត្តក្នុងចំណោមអតិថិជនពីមួយថ្ងៃទៅមួយថ្ងៃ គិតមកដល់ពេលនេះមានប្រតិបត្តិការជាង ២,៧០០ដង ដែលមានទឹកប្រាក់សរុបប្រមាណ ៣៧០,០០០ ដុល្លាត្រូវបានផ្ទេរ ។ E-Cash អាចអោយអតិថិជនធ្វើការដកប្រាក់បានភ្លាមៗ បន្ទាប់ពីទទួលបានលេខកូដ ។ សេវាកម្មនេះមានតម្លៃ ត្រឹមតែ ២០០០រៀល (០.៥ ដុល្លា) តែប៉ុណ្ណោះក្នុង១ប្រតិបត្តិការ ហើយវាដំណើការ ២៤ ម៉ោងក្នុងមួយសប្តាហ៍ដូចទៅនឹងម៉ាស៊ីន ATM ដែរ ៕ វឌ្ឍនា

 

IMG_7541 IMG_7542
សូមអានបន្ត ៖​ សម្តេចតេជោហ៊ុន សែន វិលត្រឡប់មកដល់ភ្នំពេញវិញហើយ បន្ទាប់ពីចំណាយពេល៣ថ្ងៃនៅប្រទេសិង្ហបុរី


ចែករំលែក៖