ភ្នំពេញ ៖ សមត្ថកិច្ចក្រសួងមហាផ្ទៃ ឱ្យដឹងថា ជនដៃដល់ដែលបង្ករបួសស្នាម ធ្ងន់ទៅលើតំណាងរាស្ដ្រគណបក្សប្រឆាំង២នាក់កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ ២០១៥កន្លងទៅបានចូលសារភាពទទួលទោសកំហុសចំពោះមុខច្បាប់កាលពី ល្ងាចថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៥ ។ ជន រងគ្រោះនៃអំពើហិង្សាបានសាទរចំពោះភាពក្លាហានរបស់ជនដៃដល់ ប៉ុន្ដែទាម ទារឱ្យសមត្ថកិច្ចបង្ហាញមុខអ្នកបញ្ជា ពីក្រោយ ។
បន្ទាប់ពីជនសង្ស័យទាំង៣នាក់បាន ចូលសារភាពនៅក្រសួងមហាផ្ទៃរួចមក សមត្ថកិច្ចបានបញ្ជូនពួកគេទៅកាន់ សាលាដំបូងរាជធានីភ្នំពេញដើម្បីអនុ វត្ដតាមច្បាប់ ។ អស់រយៈពេលពេញ មួយថ្ងៃនៅសាលាដំបូងរាជធានីភ្នំពេញ ត្រូវបានព្រះរាជអាជ្ញារងមាស ច័ន្ទពិសិដ្ឋ ចោទប្រកាន់ពីបទហិង្សាដោយចេតនា មានស្ថានទម្ងន់ទោសនិងធ្វើឱ្យខូចខាត ទ្រព្យសម្បត្ដិដោយចេតនាតាមមាត្រា ២១៨ និងមាត្រា៤១១ នៃក្រមព្រហ្មទណ្ឌ។ ក្នុងរយៈពេលជិតមួយថ្ងៃនេះចៅក្រម ស៊ើបសួរលោកអ៊ី ថាវរៈបានសម្រេច ចោទប្រកាន់ជនសង្ស័យទាំង៣នាក់ដូច លោកព្រះរាជអាជ្ញារងមាស ច័ន្ទពិសិដ្ឋ ចោទប្រកាន់ផងដែរ ដោយសម្រេចឱ្យ យកទៅឃុំខ្លួននៅពន្ធនាគារព្រៃសនិង សម្រេចសាលក្រមនៅពេលក្រោយ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ឧត្ដមសេនីយ៍ ខៀវ សុភ័គ បានថ្លែងថា យ៉ាងហោចណាស់មានជនដៃដល់ចំនួនបីរូបបានចូលសារភាពចំពោះមុខសមត្ថ កិច្ច ។ លោកបន្ដថា សមត្ថកិច្ចបានបញ្ជូន ខ្លួនជនដៃដល់ទាំង៣នាក់ទៅតុលាការ នៅថ្ងៃទី៤ ខែវិច្ឆិកា ។ ជនដៃដល់៣រូប ដែលបានបង្ហាញខ្លួនចំពោះមុខគណៈកម្មការស៊ើបអង្កេតរបស់ក្រសួងមហាផ្ទៃគឺស្ថិតក្រោមការឃុំគ្រងរបស់គណៈកម្ម ការយើងទេដើម្បីរៀបចំសំណុំរឿងបញ្ជូនទៅតុលាការ ។
ជនដៃដល់ទាំង៣នាក់នេះ ទី១-ឈ្មោះ ចាយ សារិទ្ធ ភេទប្រុស អាយុ៣៣ឆ្នាំ មាន ទីលំនៅនៅសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្ដកណ្ដាល, ទី២-ឈ្មោះ ម៉ៅ ហឿន ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅនៅ ឃុំព្រែកខ្សាយ ស្រុកពាមរក៍ ខេត្ដព្រៃ វែង និងទី៣-ឈ្មោះ សុត វណ្ណនី ភេទ ប្រុស អាយុ៤៥ឆ្នាំ មានទីលំនៅក្នុង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្ដ កណ្ដាល ។
លោក ខៀវ សុភ័គ បានអះអាងថា មនុស្សដែលចូលសារភាពទាំង៣នាក់នេះ ជាជនដៃដល់ជាងគេក្នុងអំពើហិង្សាទៅ លើអ្នកតំណាងរាស្ដ្រ២រូបរបស់គណបក្សសង្គ្រោះជាតិ ។ លោកថា “តាមដែលខ្ញុំ ដឹងមានអ្នកពាក់មួកក្រហមមួយអ្នក ដែលពាក់ស្បែកជើងហ្នឹងមួយ ហើយនិង អ្នកទាត់ហ្នឹងមួយ ។ ហ្នឹងជាអ្នកដៃដល់ ជាងគេក្រៅពីហ្នឹងមិនដៃដល់ទេគ្រាន់តែហេកហកៗនឹងគេនឹងឯងទេ” ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃរូបនេះ បានជំរុញឱ្យម្ចាស់ផេកហ្វេសប៊ុក (Facebook Page) ទាំងឡាយដែលមាន ភស្ដុតាងជារូបថតឬជាវីដេអូដែលថតមុខជនដៃដល់ក្នុងអំពើហិង្សាក្បែរមន្ទីរ រដ្ឋសភាមកប្រគល់ឱ្យសមត្ថកិច្ចដើម្បីកំណត់មុខសញ្ញាបន្ថែម ។ លោកថា “ហ្វេសប៊ុកគេធ្វើអីក៏បានដែរដូចឈ្មោះ (ក)អ៊ី ចឹង គេសង្ស័យហើយដូរទៅឈ្មោះ (ខ)វិញក៏មានដែរ ។ សមត្ថកិច្ចអំពាវ នាវឱ្យម្ចាស់ផេកទាំងអស់ដែលបានថតផ្ទាល់ហ្នឹងសូមឱ្យវីដេអូដើមរបស់លោកយកមកឱ្យគណៈកម្មការរបស់យើងដើម្បីងាយស្រួលក្នុងការសន្និដ្ឋាននិងចោទ ប្រកាន់តាមផ្លូវច្បាប់”។ លោកជំរុញឱ្យ សមត្ថកិច្ចវែកមុខអ្នកបញ្ជាឱ្យមានអំពើហិង្សានេះកើតឡើង ។
លោកថ្លែងថា “អរគុណណាស់យើង សរសើរដែលក្លាហានហ៊ានមកសារ ភាពហ្នឹង តើខ្ញុំចង់ដឹងថា តើមានអ្នក ណានៅពីក្រោយរឿងហ្នឹង? ខ្ញុំមិនជឿថា អ្នកទាំងអស់ហ្នឹងសុខៗមានអ៊ីងចឹងកើត ឡើងទេ ព្រោះយើងនិងក្រុម៣នាក់ហ្នឹង មិនដែលមានទំនាស់អ្វីជាមួយគ្នាទេហើយ សឹងថាមកសម្លាប់យើងទៅហើយ។ ដូច្នេះ ខ្ញុំសង្ស័យថាវាមានអ្នកនៅពីក្រោយហ្នឹងទៅទៀត ។ ខ្ញុំចង់ដឹងថា តើមានអ្នកណា នៅពីក្រោយហ្នឹងហើយចាប់យកមក កាត់ទោសតាមផ្លូវច្បាប់?” ៕ ហេង សូរិយា