ព័ត៌មានទាន់ហេតុការណ៍៖

បញ្ជួនជនសង្ស័យ៥នាក់ទៅតុលាការក្នុងសំណុំរឿង៤ផ្សេងគ្នា

ភ្នំពេញ៖ នគរបាលខណ្ឌសែនសុខបានបញ្ជួនជនសង្ស័យ០៥នាក់ ទៅតុលាការក្នុងសំណុំរឿង០៤ករណីផ្សេងគ្នា ក្រោយពីសមត្ថកិច្ចបញ្ចប់នីតិវិធីសាកសួររួចមក កាលពីថ្ងៃអង្គារ ៧រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក្តិ ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៨ ម៉ោង០៨និង០០នាទីព្រឹក ។

សមត្ថកិច្ចប្រាប់ថា៖ កាបញ្ជួនជនសង្ស័យទាំង៥នាក់ទៅកាន់តុលាការនាព្រឹកនេះ បន្ទាប់ពីសមត្ថកិច្ចបានឃាត់ខ្លួនពួកគេក្នុងមូលដ្ឋានខណ្ឌនាពេលកន្លងមកហើយ បានបញ្ចប់នីតិវិធីសួរនាំរួចរាល់ក្នុងនោះ មានប្រើប្រាស់គ្រឿងញៀនខុសច្បាប់មួយករណី ប្រើប្រាស់អាវុធខុសច្បាប់(ដាវសាំម៉ូរ៉ៃឆ្នៃ)២ ករណី និងលួចមានស្ថានទម្ងន់ទោស(ឆក់ទូរស័ព្ទ)មួយករណី ។

នគរបាលជំនាញផ្នែកព្រហ្មទណ្ឌខណ្ឌបានឲ្យដឹងទៀតថា ជនសង្ស័យទាំង៥នាក់នេះ កម្លាំងនគរបាលប៉ុស្តិ៍ទាំង៦បានឃាត់ខ្លួននាពេលកន្លងមកដោយការឃាត់ខ្លួននេះបន្ទាប់ពីកម្លាំងបានល្បាតក្នុងមូលដ្ឋានដើម្បីទប់ស្កាត់រាល់បទល្មើសដែលអាចកើតមានហើយបានឃើញជនសង្ស័យទាំងនេះក៏ឃាត់ខ្លួន។

អធិការនគរបាលខណ្ឌសែនសុខក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមជួយសហការណ៍និងផ្តាល់ព័ត៌មានដល់សមត្ថកិច្ចផងពាក់ព័ន្ធនឹងករណីក្មេងទំនើង អំពើលួច ឆក់ផ្សេងៗជាពិសេសក្រុមក្មេងស្ទាវៗដែលប្រមូលផ្តុំគ្នាប្រើប្រាស់គ្រឿងញៀនសូមរាយកាណ៍មកសមត្ថកិច្ចមូលដ្ឋានដើម្បីងាយស្រួលក្នុងការចុះបង្ក្រាប ៕ តុង សីហា