ព័ត៌មានទាន់ហេតុការណ៍៖

បញ្ហាផ្លូវភេទ ធ្វើបេក្ខភាពចៅក្រមតុលាការកំពូលអាមេរិកប្រឈមនឹងបញ្ហា

សារព័ត៌មានBBCនៅថ្ងៃទី១៧ ខែកញ្ញា បានផ្សាយថា បេក្ខភាពចៅក្រមតុលាការកំពូលអាមេរិក ដែលលោកត្រាំជ្រើសរើស គឺលោក Brett Kavanaugh ត្រូវបានស្ត្រីម្នាក់ចោទប្រកាន់ថាបាន ប្រព្រឹត្តអំពើរំលោភ បំពានផ្លូវភេទលើរូបនាង ពេលនេះបាន បញ្ជាក់អត្តសញ្ញាណរបស់ខ្លួនឯងហើយ ជាមួយការស្នើឱ្យតំណាងរាស្ត្រមកពីគណបក្សប្រជាធិបតេយ្យ រារាំងការតែងតាំង លោក Brett ជាចៅក្រមតុលាការកំពូល។

លោកស្រី Christine Blasey Ford ដែលបច្ចុប្បន្នមានវ័យ ៥១ឆ្នាំ និងជាសាស្ត្រាចារ្យមួយរូបមកពីសាកលវិទ្យាល័យ ផាឡូ អាល់តូ (Palo Alto University) បានប្រាប់សារព័ត៌មាន Washington Post កាលពីថ្ងៃអាទិត្យ (ម៉ោងនៅសហរដ្ឋ អាមេរិក)ថា លោក Kavanaugh ធ្លាប់បានផ្ដួលលោកស្រីទៅលើគ្រែហើយប៉ុនប៉នដោះសម្លៀកបំពាក់របស់លោកស្រីនៅ ពេលអ្នកទាំងពីរស្ថិតនៅក្នុងវ័យជាយុវជន-យុវតី។

លោកស្រីChristine បន្ថែមថា ហេតុ ការណ៍នេះបានកើតឡើងក្នុងពិធីជួបមិត្ត រួមថ្នាក់ ក្នុងផ្ទះមួយកន្លែងនៅអំឡុងឆ្នាំ ១៩៨២ ពោលគឺនៅពេលលោកស្រីនៅមានវ័យ១៥ឆ្នាំ និងលោក Kavanaugh មាន អាយុ ១៧ឆ្នាំ។ ក៏ប៉ុន្តែបេក្ខភាពចៅក្រមតុលាការកំពូល រូបនេះបានច្រានចោលរាល់ការចោទប្រកាន់របស់លោកស្រី Christine។

គួរជម្រាបថា គណៈកមា្មធិការប្រឹក្សា ច្បាប់ (Judiciary Committee) នៃព្រឹទ្ធ សភាអាមេរិក នឹងត្រូវបោះឆ្នោតនៅថ្ងៃ ព្រហស្បតិ៍សប្ដាហ៍នេះថា តើគួរតែអនុម័ត លើការតែងតាំងលោក Kavanaugh និង បញ្ជូនបន្តទៅឱ្យព្រឹទ្ធសភាទាំងមូលបោះឆ្នោតអនុម័ត ឬក៏យ៉ាងណា? ម៉ែវ សាធី