ព័ត៌មានទាន់ហេតុការណ៍៖

បត់ឆ្លងផ្លូវមិនប្រយ័ត្នត្រូវរថយន្តបុកសា្លប់ភ្លាមមួយរំពេច

ខេត្តតាកែវ ៖ បុរសម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត និងម៉ូតូ។ ហេតុការណ៍ខាងលើកើតឡើងនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង ០៤ និង ១០នាទីរសៀល លើផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ ៨៨-៨៩ ស្ថិតក្នុងភូមិជ្រៃត្នោត ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ ។

តាមរបាយការណ៍បឋមរបស់អធិការដ្ឋាននគរបាលស្រុកត្រាំកក់ បានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់មានឈ្មោះ សែន ជឿន ភេទប្រុស អាយុ៧៣ឆ្នាំ មុខរបរកសិករ នៅភូមិសែនអោក ឃុំគុស ស្រុកត្រាំកក់ ខេត្តតាកែវ ជិះម៉ូតូម៉ាកអឹមដេ ពណ៌ក្រហម គ្មានពាក់ផ្លាកលេខ បើកបរមកពីទិសខាងជើង លុះបើកបរមកដល់ចំណុចកើតហេតុខាងលើម៉ូតូបត់ឆ្លងផ្លូវទៅទិសខាងកើត ត្រូវបានរថយន្តមួយគ្រឿងម៉ាកសាំងយ៉ុង ពណ៌ឈាមជ្រូក ពាក់ផ្លាកលេខ ភ្នំពេញ 2A-7442 បើកបរមកពីទិសខាងកើត បុកពេញទំហឹង ។

ក្រោយពេលកើតហេតុរថយន្តខាងលើមិនបានឈប់នៅកន្លែងកើតហេតុឡើយ ដោយបន្តដំណើរទៅទិសខាងលិច លុះមកដល់ត្រង់ចំណុចខាងលិចផ្សារត្រាំកក់ រថយន្តខាងលើបានបត់ទៅទិសខាងជើងតាមផ្លូវក្រួសក្រហម រួចទៅឈប់រថយន្តទុកចោលចំងាយប្រហែល ០១ គីឡូម៉ែត្រ ពីផ្សារត្រាំកក់ ក្រោយពេលសមត្ថកិច្ចដេញតាមពីក្រោយ ហើយអ្នកបើកបរបានរត់គេចខ្លួនបាត់ ។

បច្ចុប្បន្ន រថយន្ត និងម៉ូតូត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកត្រាំកក់ រីឯសាកសពបានប្រគល់ជូនក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី ៕ ភ្នំដា