ព័ត៌មានទាន់ហេតុការណ៍៖

បត់រថយន្តឆ្លងផ្លូវមិនប្រយ័ត្ន ម៉ូតូមកបុកចំពាក់កណ្ដាលរងការខូចខាត

ភ្នំពេញ៖ បុរសម្នាក់រួមដំណើជាមួយបុរសម្នាក់ទៀត បើករថយន្តម៉ាកកាមរីបាឡែនមួយគ្រឿងបត់ទៅឆ្វេង ឆ្លងផ្លូវ ក៏ត្រូវម៉ូតូមួយគ្រឿងជិះមកប៉ះចំបណ្តាលឲ្យរងការខូចខាតទាំងសងខាង ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង១៥នាទីយប់ ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវម៉ៅសេទុង កែងនិងផ្លូវ១១៣ ស្ថិតក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌចំកាមន រាជធានីភ្នំពេញ ។

ព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា រថយន្ត កាមរីបាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2 O.3587 បើកបរដោយបុរសម្នាក់ រួមជាមួយបុរសម្នាក់ទៀត ធ្វើដំណើរតាមបណ្តោយផ្លូវម៉ៅសេទុង ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុ ក៏បានបត់ឆ្វេង ឆ្លងផ្លូវឆ្ពោះទៅផ្លូវ១១៣ ពេលបត់បានពាក់កណ្តាលផ្លូវ ស្រាប់តែមានម៉ូតូមួយគ្រឿង ម៉ាកឌ្រីមសង់សេរីចាស់ ពណ៌ក្រហម ពាក់ស្លាកលេខ ត.5725 . បប​.1 បើកបរដោយបុរសម្នាក់ ទើបតែចេញពីធ្វើការនៅម្តុំទួលទំពុងហើយបំណងជិះទៅផ្ទះវិញ នៅម្តុំផ្សារដើមគ ក៏ជ្រុលចង្កូតមកប៉ះចំពាក់កណ្ដាលរថយន្តបណ្ដាលអោយខូចខាតទ្វារថយន្តខាងស្ដាំ ចំណែកម៉ូតូវិញក៏រងការខូចខាតផងដែរ ។

NKD-36x6_outline

ភាគីទាំងសងខាងប្រកែកយកត្រូវរៀងៗខ្លួនអស់ជិត២ម៉ោងនៅតែមិនត្រូវគ្នា ។

សមត្ថកិច្ចជំនាញចុះមកវាស់វែងយកម៉ូតូ និងរថយន្តទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌចំការមនរង់ចាំដោះស្រាយពេលក្រោយ ៕ ភារ៉ា ដង្កោ