ព័ត៌មានទាន់ហេតុការណ៍៖

បទល្មើសនេសាទគគោក មន្ត្រីជលផល​ក្រគរថា រង់ចាំបញ្ជា

ខេត្តពោធិ៍សាត់៖ បទល្មើសនេសាទ ក្នុងរដូវបិទនេសាទ​កើតឡើងព្រោងព្រាត​​នៅក្នុងភូមិសាស្ត្រស្រុកក្រគរ ខេត្តពោធិ៍សាត់ ប៉ុន្តែមន្ត្រីជំនាញ​​ប្រចាំមូលដ្ឋាននេះអះអាងថា រង់ចាំបទបញ្ជាថ្នាក់ខេត្តសិន ។ លោកថា មិនមែនចេះតែធ្វើ​តាមចិត្តនោះទេ បើគ្មាន​បទ​បញ្ជាគឺមិនអាចធ្វើបាន ។ រីឯនាយខណ្ឌរដ្ឋបាលជលផល ខេត្តពោធិ៍សាត់​មិនអាចសុំការបំភ្លឺបានទេ ។

លោកស្វាយ សំអាត នាយផ្នែកជលផលក្រគរស្តីទី អះអាងថា បញ្ហាបទល្មើសនេសាទ​ដូចជា «ប» ដែលកំពុងកើតមាននៅក្នុងបឹងទន្លេ​សាប គឺរង់ចាំ​បញ្ជារបស់ខណ្ឌរដ្ឋបាលជលផល ។ លោកថា «យើងមិនអាចចេះតែធ្វើ​ដោយគ្មានបទបញ្ជា ឬការណែនាំនោះទេ» ។ បើទោះជាមានសេចក្តីរាយការណ៍ថា បទល្មើសនេសាទកំពុងកើតមានជាច្រើន​នៅបឹងទន្លេសាប ក្នុងភូមិសាស្ត្រស្រុកក្រគរយ៉ាង​ណា​ក៏ដោយ ក៏ជំនាញមិនអាច​ចុះទៅបង្ក្រាប​ដោយគ្មានការឯកភាពយល់ព្រមពីថ្នាក់លើរបស់ខ្លួននោះឡើយ ។ លោកស្វាយ សំអាត និយាយថា ប្រសិនបើថ្នាក់លើ(ក្រសួង) ចុះមក​ នោះគឺជារឿងផ្សេងមួយទៀត ។

គេរាយការណ៍ថា បទល្មើសនេសាទ​ដែលមានការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់នៅក្នុងរដូវហាមឃាត់ បាននិងកំពុងកើតមានស្អេកស្កះនៅក្នុងតំបន់បឹងទន្លេសាប ក្នុងភូមិសាស្ត្រស្រុកក្រគរ ។ បទល្មើសនេសាទនេះ ស្ថិតក្នុងដែនសមត្ថកិច្ច របស់លោកស្វាយ សំអាត ដែលជានាយផ្នែកស្តីទីក្រគរ ។ គេរាយការណ៍ថា ពួកមន្ត្រីជលផល មិនបានបង្ក្រាបបទល្មើសទេ ។ អ្នកនេសាទខ្លះត្រូវបង់ប្រាក់ប្រចាំសប្តាហ៍ ខ្លះប្រចាំខែ ទៅតាមទំហំនៃ​បទល្មើសរបស់ខ្លួនឲ្យពួកមន្ត្រីជលផល ។

លោកស្វាយ សំអាត ត្រូវគេខ្សឹបខ្សៀវពេញមន្ទីរកសិកម្មខេត្តពោធិ៍សាត់ថា គាត់ដល់អាយុចូលនិវត្តន៍ទៅហើយ ។ ប៉ុន្តែមិនដឹង​យ៉ាង​ម៉េច ស្រាប់តែ​អាចទិញថ្នាំពន្យារកំណើតបន្តធ្វើការ​ដល់សព្វថ្ងៃ ។ មិនតែប៉ុណ្ណោះ លោកស្វាយ សំអាត ដែលបច្ចុប្បន្នជានាយផ្នែកស្តីទីក្រគរ​នោះ​កំពុងរង់ចាំ​ជានាយផ្នែកពេញសិទ្ធិ បើទោះបីជាគាត់លើសអាយុចូលនិវត្តន៍ក៏ដោយ ។ ក្រុមមន្ត្រីជលផលខេត្តពោធិ៍សាត់និយាយថា បច្ចុប្បន្ន​នៅមន្ទីរកសិកម្មខេត្ត​កំពុងជួបវិបត្តិបញ្ហាអត់មនុស្សធ្វើការ ហេតុដូច្នេះហើយ បានជាថ្នាក់ដឹកនាំខេត្ត​(មន្ទីរកសិកម្ម) ប្រឹង​ឲ្យមនុស្សចាស់ ដែលចូលនិវត្តន៍ហើយនោះ នៅធ្វើការ ។

ប្រភពពីមន្ត្រីជលផលនិយាយថា ពួកឈ្មួញអ្នកនេសាទល្មើសច្បាប់ ក្រៅតែបង់ប្រាក់ឲ្យមន្ត្រីជលផល ដែលចុះទៅ​ប្រមូល​ប្រាក់ដោយផ្ទាល់នៅលើបឹងទន្លេសាបនោះ ក៏ត្រូវបង់ប្រាក់ជូនលោក ភូមិ វិមល នាយខណ្ឌរដ្ឋបាលជលផលពោធិ៍សាត់នោះទៀតផង ។ គេសង្ឃឹមថា បញ្ហាបទល្មើសនេសាទនៅរដូវបិទនេសាទ ដែលកំពុងកើតមានព្រោងព្រាតនៅលើបឹងទន្លេសាបនោះ ថ្នាក់ដឹកនាំខេត្តពោធិ៍សាត់ ក៏ដូចជាអគ្គនាយកដ្ឋានរដ្ឋបាលជលផល និងក្រសួងកសិកម្ម​ពិនិត្យលទ្ធភាពមន្ត្រីពុករលួយ ក៏ដូចជានាំគ្នាទៅបង្ក្រាបបទល្មើសនេសាទនោះផង ៕ ហេង សូរិយា