ព័ត៌មានទាន់ហេតុការណ៍៖

បន្លំលូកយកកាបូបលុយក្នុងផ្សារត្រូវប្រជាពលរដ្ឋចាប់ប្រគល់ឲ្យសមត្ថកិច្ច

ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវបានប្រជាពលរដ្ឋចាប់ប្រគល់ជូនសមត្ថកិច្ចបន្ទាប់ពីជននោះបានធ្វើសកម្មភាពលួចយកកាបូបលុយ១ពីអាជីវករលក់ទូរស័ព្ទម្នាក់នៅក្នុងផ្សារកាណាស៊ីធី បន្ទាប់មកបានគេចខ្លួនបាត់ប៉ុន្តែក្រោយពីដឹងថាបាត់កាបូបភ្លាមជនរងគ្រោះបានសង្ស័យទៅលើជននោះរួចទៅហើយ។ លុះរយៈពេល៥ថ្ងៃក្រោយមកបានត្រឡប់ចូលទៅកាន់ផ្សារនោះវិញ ក៏ត្រូវបានអាជីវកររូបនោះឃាត់ខ្លួនប្រគល់ជូននគរបាលឲ្យចាត់ការតាមច្បាប់តែម្ដង។

ការចាប់ខ្លួននោះបានធ្វើឡើង កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨ នៅខាងក្រោយផ្សារកាណាស៊ីធី ស្ថិតនៅក្នុងភូមិចោមចៅ២ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យខាងលើឈ្មោះ សាន វី ហៅវែង ភេទប្រុសអាយុ៣៥ឆ្នាំស្នាក់នៅផ្ទះជួលខាងក្រោយផ្សារកាណាស៊ីធី ភូមិចោមចៅ២។និងមានស្រុកកំណើតនៅក្នុងភូមិតានូង ឃុំពន្លិចស្វាយ ស្រុកកោះសូទិន ខេត្តកំពង់ចាម។ ចំណែកជនរងគ្រោះឈ្មោះ សុខ គីម អាយុ២៧ឆ្នាំមុខរបរលក់ទូរស័ព្ទ នៅក្នុងផ្សារកាណាស៊ីធី ស្នាក់នៅផ្ទះជួលក្នុងសង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងមានស្រុកកំណើតនៅភូមិពករុន ឃុំស្រែចែង ស្រុកជុំគីរី ខេត្តកំពត បាត់កាបូបមួយក្នុងនោះមានលុយ៦២០ដុល្លារ អត្តសញ្ញាណប័ណ្ណ១ កាតគ្រីម៉ូតូ១ ប័ណ្ណធានាអាយុជីវិត១ កាតអេធីអឹម២សន្លឹក និងកាតវីង១សន្លឹក។ដោយឡែកកាលពីថ្ងៃទី៧ ខែកញ្ញា ក៏បានបាត់ទូរស័ព្ទអស់ចំនួន៥គ្រឿងម្ដងរួចមកហើយដែរ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅវេលាម៉ោង៥ល្ងាចថ្ងៃទី១០ ខែកញ្ញា ខណៈពេលដែលជនរងគ្រោះកំពុងលក់ទូរស័ព្ទហើយមានភ្ញៀវទៅមើលច្រើន ជនសង្ស័យដែលធ្លាប់ស្គាល់គ្នាជាមួយជនរងគ្រោះដែរនោះ បានចូលទៅបន្លំលួចយកកាបូបលុយរួចគេចខ្លួនបាត់ស្រមោល។ចំណែកជនរងគ្រោះបានសង្ស័យទៅលើជនសង្ស័យរូបនោះថាជាអ្នកលួច ទើបបានតាមរកគ្រប់កន្លែងប៉ុន្តែមិនឃើញឡើយ។

បន្ទាប់មកជនរងគ្រោះបានឲ្យលេខទូរស័ព្ទទៅអ្នកជិតខាងជួយផ្ដល់ព័ត៌មាននៅពេលឃើញជនសង្ស័យ លុះដល់វេលាម៉ោង១២ថ្ងៃត្រង់ទើបប្រទះឃើញជននោះក៏ឃាត់ខ្លួនបនរគល់ជូននគរបាលតែម្ដង។លុះពេលសួរនាំជនសង្ស័យបានសារភាពប្រាប់នគរបាលថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចយកកាបូបលុយរបស់ជនរងគ្រោះខាងលើនោះមែន ពេលនេះនគរបាលកំពុងកសាងសំណុំរឿងចាត់ការតាមច្បាប់ហើយ ៕ សុខាសែនជ័យ