ព័ត៌មានទាន់ហេតុការណ៍៖

បរិភោគភេសជ្ជៈ AD jelly ព្រះសង្ឃចំនួន៩អង្គ និងកូនសិស្សចំនួន២នាក់ពុលសន្លប់ស្តូក

ខេត្តកណ្ដាលៈ ព្រះសង្ឃ១អង្គសន្លប់ និងព្រះសង្ឃ៨អង្គ រួមទាំកូនសិស្សវត្ត២នាក់ទៀតដែលគង់នៅវត្តព្រះនាគ មានអការៈ ពុលប្រតិកម្មធីងធោងក្អូតចង្អោរ ទន់ដៃជើង បន្ទាប់ពីបរិភោគភេសជ្ជៈ ម៉ាក AD jelly ។ ករណីពុលភេសជ្ជៈ AD jelly ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង១៣និង៣០នាទី ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៨ នៅវត្តព្រះនាគ ស្ថិតនៅភូមិកណ្តាល ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល ស្រុកអង្គស្នួល ។

មន្ត្រីនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា ព្រះសង្ឃដែលឆាន់ភេសជ្ជៈមានចំនួន៩អង្គ ទី១-ឈ្មោះ ណាន រតនៈ អាយុ១១ឆ្នាំ ទី២-ឈ្មោះ ណាន រតនា អាយុ១៤ឆ្នាំ ទី៣-ឈ្មោះ នាក់ នីតា អាយុ១៤ឆ្នាំ ទី-៤ឈ្មោះ ផាត សប្បូរ អាយុ១៣ឆ្នាំ ទី៥-ឈ្មោះ ផាត សម្បត្តិ អាយុ១១ឆ្នាំ ទី៦-ឈ្មោះ គុយ ភារម្យ អាយុ១១ឆ្នាំ ទី៧-ឈ្មោះ ផល្លា ចិត្រា អាយុ១០ឆ្នាំ ទី៨-ឈ្មោះ នឿន ណាត អាយុ៨ឆ្នាំ និងទី៩-ឈ្មោះ ឆោម ធឿន អាយុ១៣ឆ្នាំ ។ ចំណែកក្មេងៗ២នាក់ទៀតជាកូនសិស្សវត្តដែលពុលនោះមានឈ្មោះ ទិត្យ ឆវ័ន ភេទប្រុស អាយុ១២ឆ្នាំ និងម្នាក់ទៀតឈ្មោះ ផាត ស្រីពៅ​ ភេទស្រី អាយុ១០ឆ្នាំ ។

ប្រភពដដែលបន្តថា នៅវេលាម៉ោងខាងលើ ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៨ ញោមរបស់ព្រះសង្ឃឈ្មោះ ឯម ផល្លា ភេទប្រុស និងប្រពន្ធ ឈ្មោះ គួយ ចិន្តា នៅភូមិកណ្តាល ឃុំឆក់ឈើនាង បានមកលេងកូន ដែលជាព្រះសង្ឃនៅវត្តព្រះនាគ ដោយបានទិញភេសជ្ជ:ប្រភេទAD jelly ចំនួន០១យួរ ស្មើ០៦ដប យកទៅប្រគេនព្រះសង្ឃ ឃើញដូច្នោះដោយមើលទៅឆ្ងាញ់ ព្រះសង្ឃនេនតូចៗ ក៏បានទិញថែមទៀត ពីតូបលក់របស់ឈ្មោះ សែ ធួន ភេទប្រុស អាយុ ៣៥ ឆ្នាំ នៅភូមិកណ្តាល ឃុំឆក់ឈើនាង រួចក៏ចែកគ្នាឆាន់និងបរិភោគ ។ ក្រោយពីឆាន់ហើយរហូតមកដល់វេលាម៉ោង១៣និង៣០នាទី ក៏មានព្រះសង្ឃ០១អង្គ មានអការៈវិលមុខ ក្អួតចង្អោរ ហើយញោមលោក ក៏ដឹកទៅព្យាបាលនៅពេទ្យឯកជន នៅភូមិអង្គចក សង្កាត់កំបូល ។

លុះដល់វេលាម៉ោងប្រមាណ១៧ ថ្ងៃដដែល ព្រះសង្ឃចំនួន០៣អង្គទៀត មានអាការៈចុកពោះ វិលមុខ ក្អួតចង្អោរ និង មាន១អង្គសន្លប់ ។ រហូតម៉ោង២០និង១៥នាទី មានព្រះសង្ឃចំនួន០៥អង្គបន្ទាប់ទៀត ចាប់ផ្តើមវិលមុខ ក្អួតចង្អោរ ក៏បានបង្កឲ្យមានការភ្ញាក់ផ្អើលពេញវត្ត ភ្លាមនោះចៅអធិការ ចាត់ចែងដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកអង្គស្នួល រហូតមកដល់ម៉ោង២២និង៣០នាទី ទើបព្រះសង្ឃរងគ្រោះទាំង៩អង្គបានធូរស្បើយជាបណ្តើរៗ ពុំមានរងគ្រោះដល់ជីវិតនោះទេ ៕ ស្អាងជ័យ