ព័ត៌មានទាន់ហេតុការណ៍៖

បរិមាណទឹកភ្លៀងបង្កឱ្យមានជំនន់លិចលង់ផ្ទៃដីដំណាំស្រូវវស្សារបស់ប្រជាកសិករប្រមាណ ២.១៨០ ហិកតា

ខេត្តបន្ទាយមានជ័យ ៖ បរិមាណទឹកភ្លៀងដែលបានធ្លាក់ច្រើនជាប់ៗគ្នា បានបង្កឱ្យមានជំនន់ទឹកភ្លៀងលិចលង់ផ្ទៃដីដំណាំស្រូវវស្សារបស់ប្រជាកសិករ ដែលដល់ពេលត្រូវប្រមូលផលប្រមាណ ២.១៨០ ហិកតា នៅក្នុងឃុំរហាត់ទឹក និងឃុបត់ត្រង់ ស្រុកមង្គលបូរី ។

ជាដំណោះស្រាយចំពោះមុខ មន្ទីរធនធានទឹក និងឧតុនិយមខេត្ត បានអន្តរាគមន៍បើកទ្វារទឹកហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រពាក់ព័ន្ធមួយចំនួន ដើម្បីជួយសម្រួលដល់ការដោះទឹកជំនន់ចេញពីក្នុងស្រែ ។

ជាមួយគ្នានេះ មន្ទីរក៏កំពុងរៀបចំដំឡើងម៉ាស៊ីនបូមទឺកចល័តខ្នាតមធ្យម​ ចំនួន ០២ គ្រឿង ដើម្បីជួយដល់ការងារអន្តរាគមន៍ខាងលើនេះផងដែរ ធ្វើយ៉ាងណាធានានូវការប្រមូលផលរបស់កសិករបានទាន់ពេលវេលា ៕