ព័ត៌មានទាន់ហេតុការណ៍៖

បាក់ដើមឈើមួយដើមសង្កត់ម៉ូតូមួយគ្រឿងបណ្តាលឲ្យឪពុកកូន ២នាក់រងរបួស

ភ្នំពេញៈ ឪពុកកូន២នាក់កំពុងជិះម៉ូតូតាមផ្លូវត្រូវបានដើមឈើដួលរលំសង្កត់បណ្ដាលឲ្យរងរបួស ខណៈយកកូនចេញពីសាលារៀន។

ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោងជិត១២ថ្ងៃត្រង់ ថ្ងៃចន្ទ ១០រោច ខែទុតិយាសាធ ឆ្នាំចសំរឹទ្ធិស័ក ពស២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៨ ចំណុចក្បែរសាលាបឋមសិក្សាចតុមុខ នៅតាមបណ្តោយផ្លូវ២១៤ ស្ថិតក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ។

ប្រភពពត៌មានពីប្រជាពលរដ្ឋបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញឪពុកនឹងកូនជិះម៉ូតូមួយគ្រឿងម៉ាកហុងដា គុបសេ៩០ ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ ភ្នំពេញ 1CB-5866 ធ្វើដំណើតាមបណ្ដោយផ្លូវលេខ២១៤ ក្នុងទិសដៅពីលិចទៅកើត ខណៈទើបតែយកកូនចេញពីរៀននៅសាលាឯកជនមួយកន្លែង ពេលជិះមកដល់ចំណុចកើតហេតុក៏លឺសំឡេងមែកឈើបាក់ក៏បន្ថែមល្បឿនជិះអោយផុត ប៉ុន្តែនៅតែមិនផុតស្រាប់តែមែកឈើរលំសង្កាត់ពីលើម៉ូតូ បណ្ដាលអោយដួល រងរបួសស្រាលទាំង២នាក់ឪកូន។

ប្រភពដដែលបានបន្តទៀតថាប្រសិនបើឪពុក និង កូនទាំង២នាក់ជិះយឺតតែបន្តិចប្រាកដជាសង្កត់រងរបួសធ្ងន់ទាំង២នាក់ឪពុកកូនជាមិនខាន ហើយមួយវិញទៀតសិស្សសាលាចេញពីររៀនអស់ បើមិនដូច្នេះទេប្រកដជាមានសិស្សសាលាមិនតិចទេដែលរងរបួស។

ប្រជាពលរដ្ឋដែលធ្វើដំណើតាមបណ្ដោយផ្លូវនៅកន្លែងកើតហេតុបានសំណូមពដល់មន្ទីសារធារណៈការជួយត្រួតពិនិត្យ និងចុះមកកាត់ដើមឈើដែលពុកផុសផង ជាក់ស្តែងនៅតាមបណ្ដោយផ្លូវលេខ២១៤នេះតែម្តងមានទាំងដើមឈើពុកផុយ និង ដើមឈើធំៗ រួមជាមួយមែកឈើដែលងាយបាក់ ៕ ជ្រោយពេជ្រ