ព័ត៌មានទាន់ហេតុការណ៍៖

បាញ់ប្រហារនៅកណ្តាលទីក្រុងប៉ារីសប៉ូលិសម្នាក់ស្លាប់

ប៉ូលិសបារាំងបានប្រកាសឲ្យដឹងថា ការផ្ទុះអាវុធនៅមហាវិថី Champs Elsees កណ្តាលទីក្រុងប៉ារីស បណ្តាលឲ្យប៉ូលិស ម្នាក់ស្លាប់ និង២នាក់រងរបួសគឺជាការវាយប្រហារភេរវកម្ម ហើយក្រុម IS បានចេញ មុខទទួលស្គាល់ថាជាទង្វើរបស់ខ្លួនផងដែរ។

ហេតុការណ៍ខាងលើកើតឡើងនៅវេលាម៉ោង៩យប់ថ្ងៃទី២០ ខែមេសា ដោយពេលនោះបុរសម្នាក់បានបាញ់ប្រហារទៅលើរថយន្តដឹកប៉ូលិសលើដងវិថី champs Elysees បណ្តាលឲ្យប៉ូលិសម្នាក់ស្លាប់មុនពេលបាញ់រ៉ះទៅលើអ្នកដំណើរនៅតាម ដងផ្លូវ បណ្តាលឲ្យមនុស្ស២នាក់រងរបួសធ្ងន់។ ប៉ុន្តែជនដៃដល់ក្រោយមក ក៏ត្រូវ ប៉ូលិសបាញ់សម្លាប់។

សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា «ខ្ញុំបានឮសូរ និងឃើញផ្ទុះអាវុធសម្តៅទៅក្រុមប៉ូលិស ពេលនោះយើងក៏បាន រត់រកកន្លែងលាក់ខ្លួន ដោយសារតែខ្ញុំនៅ ចម្ងាយពីកន្លែងកើតហេតុប្រមាណ១០ ម៉ែត្រប៉ុណ្ណោះ»។

សារព័ត៌មាន AP បានផ្សាយថា ក្រុម ភេរវកម្ម IS បានចេញមុខទទួលស្គាល់ថាជាសកម្មភាពវាយប្រហាររបស់ខ្លួន។ តាម ការប្រកាសរបស់ប៉ូលិស ជនវាយប្រហារ មានឈ្មោះ Abu Yussef ដោយមានរហស្ស នាមថា«ជនបែល ហ្សីក»។ មកទល់ពេលនេះប៉ូលិសប្រឆាំងភេរវកម្មបារាំងកំពុង តែស្រាវជ្រាវព័ត៌មានស្តីពីជនដៃដល់។ ប្រភពព័ត៌មានពីប៉ូលិសបានឲ្យដឹងថា ប៉ូលិសកំពុងតែស្វះស្វែងរកចាប់ខ្លួនជន សង្ស័យផ្សេងទៀតដែលពាក់ព័ន្ធដល់ការបាញ់ប្រហារករណីខាងលើនេះ។

NKD-36x6_outline

ការបាញ់ប្រហារកើតឡើងមុនពេលបោះឆ្នោតប្រធានាធិបតីបារាំង៣ថ្ងៃ នៅ ពេលនេះប៉ូលិសបង្កើនការយាមល្បាតការពារសន្តិសុខជូនពលរដ្ឋ។ ប្រធានាធិបតី បារាំងលោក ហ្វ្រាំងស័រ ហូឡង់ បានថ្កោល ទោសការវាយប្រហារខាងលើថា ជាសកម្ម ភាពភេរវកម្ម ហើយលោកសន្យាថាកម្លាំងសន្តិសុខនឹងមានការប្រុងប្រយ័ត្នជាងនេះ ដើម្បីទប់ស្កាត់ការវាយប្រហារភេរវកម្ម។

ក្រោយការបាញ់ប្រហារខាងលើស្ថានីយរថភ្លើង៣កន្លែងនៅទីក្រុងប៉ារីសបាន បិទទ្វារដើម្បីសុវត្ថិភាពពលរដ្ឋ ខ្លាចក្រុម ភេរវកម្មបន្តវាយប្រហារនៅទីនោះទៀត។

ប្រតិកម្មចំពោះការបាញ់ប្រហារខាងលើ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នៅក្នុងសន្និសីទកាសែតរួមជាមួយ នាយករដ្ឋមន្ត្រីអុីតាលី នៅសេតវិមាន បានចូលរួមរំលែកទុក្ខដល់ពលរដ្ឋបារាំង និង ចាត់ទុកទង្វើលបែបនេះជាការវាយប្រហារភេរវកម្មមិនអាចលើកលែងទោស បាន ឡើយ។

រយៈពេលចុងក្រោយនេះមានការវាយប្រហារភេរវកម្មជាច្រើនបានកើតឡើងនៅក្នុងប្រទេសបារាំង។

កាលពីខែមករា ឆ្នាំ២០១៥ មានការ បាញ់ប្រហារនៅទីស្នាក់ការកាសែតត្លុក Charlie Hebdo សម្លាប់មនុស្ស១២នាក់។ នៅខែវិច្ឆិកា ឆ្នាំ២០១៥ មានការវាយ ប្រហារគ្រាប់បែក បាញ់រះ នៅទីក្រុងប៉ារីស សម្លាប់មនុស្សជាង១០០នាក់។ ក្រៅពីនេះ នៅមានការវាយប្រហារដោយបើករថយន្ត បុកនៅទីក្នុងក្រុង Nice នាយប់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៦ សម្លាប់មនុស្ស៨៧ នាក់៕ ម៉ែវ សាធី