ព័ត៌មានទាន់ហេតុការណ៍៖

បាញ់មួយគ្រាប់ប្លន់យកម៉ូតូពីយុវជនម្នាក់រួចគេចខ្លួនបាត់

ភ្នំពេញ៖​ យុវជនម្នាក់ត្រូវបានជនសង្ស័យមានគ្នា២នាក់ប្រដាប់ដោយកាំភ្លើងមួយដើមបានបាញ់ប្លន់យកម៉ូតូមួយគ្រឿងគេចខ្លួនបាត់ដោយសុវត្ថិភាព។

ហេតុការណ៍​នេះបានកើតឡើងកាលពីវេលាម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃព្រហស្បតិ៍​ ៤រោច​ ខែស្រាពណ៍​ឆ្នាំច​ សំរឹទ្ធ​ស័ក​ ពស២៥៦២​ ត្រូវនិងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅចំណុចខាងកើតប៉ុស្តិ៍២៤ ប្រមាណជា២០ម៉ែត្រ​ តាមបណ្តោយផ្លូវវេងស្រេង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ ស៊ុន សុផាន់ណា ភេទប្រុស អាយុ២០ឆ្នាំ មានស្រុកកំណើតនៅស្រុកកៀនស្វាយ ខេត្តកណ្ដាល ។

ជនរងគ្រោះបានរៀបរាប់ប្រាប់ថា ​ មុនពេលកើតហេតុ រូបគេបាន​ជិះម៉ូតូហុងដា សេ១២៥ សេរី២០១៧ ពណ៌ខ្មៅ ពាក់ស្លាក0437 ធ្វើដំណើរ​តាមបណ្តោយផ្លូវវេងស្រេងពីលិចមកកើត លុះមក​ដល់ចំណុចកើតខាងលើ ស្រាប់តែមានជនសង្ស័យ២នាក់ ជិះម៉ូតូមួយគ្រឿង មិនចាំម៉ាកតាមមកពីក្រោយ រួចដកកាំភ្លើងភ្ជង់ ព្រមទាំង​បាញ់គំរាមមួយគ្រាប់ ប្លន់យកម៉ូតូ ហើយ​ជិះគេចខ្លួនបាត់ដោយសុវត្ថិភាពតែម្ដង។

ក្រោយកើតហេតុជនរងគ្រោះបានទៅប៉ុស្តិ៍ចោមចៅ១ ដើម្បីដាក់ពាក្យបណ្ដឹងឲ្យសមត្ថកិច្ចជួយស្រាវជ្រាវ និងឈានទៅដល់កំណត់មុខសញ្ញាចាប់យកមកផ្ដន្ទាទោសទៅតាមផ្លូវច្បាប់ ៕ សុខាសែនជ័យ