ព័ត៌មានទាន់ហេតុការណ៍៖

បាតុកម្មទ្រង់ទ្រាយធំបំផុតនៅអង់គ្លេស ទាមទារបោះឆ្នោត ចាកចេញពីអឺរ៉ុបជាថ្មី

ការចាកចេញ ពីអឺរ៉ុប របស់អង់គ្លេស នៅតែជួបបញ្ហា ជាច្រើន ខណៈដែលកិច្ចពិភាក្សាស្តីពី ព្រមព្រៀង ចាកចេញនោះមិនទាន់ទទួលបានលទ្ធផល ហើយពេលនេះពលរដ្ឋ អង់គ្លេស រាប់សែននាក់ធ្វើបាតុកម្ម ទាមទារឲ្យបោះឆ្នោតជាថ្មីឡើងវិញ ។

កាលពីរសៀលថ្ងៃទី២១ ខែតុលា ពលរដ្ឋអង់គ្លេសជាង៧សែននាក់ បាននាំគ្នាដង្ហែក្បួនបាតុកម្ម នៅទីក្រុងឡុងដុង ទាមទារឲ្យរដ្ឋាភិបាល រៀបចំការបោះឆ្នោត ស្តីពីការចាកចេញ ពីអឺរ៉ុប ជាលើកទីពីរ ឬហៅថា Brexit 2 ។ នេះជាបាតុកម្មទ្រង់ទ្រាយធំបំផុត មិនធ្លាប់មានពីមុនមក ។

ក្រុមអ្នករៀបចំបាតុកម្មបានឲ្យដឹងថា មានអ្នកគាំទ្រ ឲ្យអង់គ្លេសបន្តរួមរស់ជាមួយអឺរ៉ូប ជាង៧សែននាក់ បានចូលរួមដង្ហែក្បួនធ្វើបាតុកម្ម ។ បាតុកម្មខាងលើ ត្រូវបានចាត់ទុកថា ជាបាតុកម្មទ្រង់ទ្រាយធំបំផុតនៅប្រទេសអង់គ្លេស ចាប់តាំងពីបាតុកម្ម ប្រឆាំងសង្គ្រាមនៅអ៊ីរ៉ាក់កាលពីឆ្នាំ២០០៣។

ចំនួនពលរដ្ឋចូលរួមធ្វើបាតុកម្ម បានធ្វើឲ្យរដ្ឋាភិបាលអង់គ្លេសមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយពេលដំបូង ប៉ូលិសបានព្រមានថា នឹងមានអ្នកចូលរួមយ៉ាងច្រើន ត្រឹម១សែននាក់ប៉ុណ្ណោះ ។ ក្រុមបាតុករបានអំពាវនាវ ឲ្យមានការបោះឆ្នោតប្រជាមតិជាថ្មី ស្តីពីកិច្ចការចាកចេញ ពីតំបន់អឺរ៉ុប របស់អង់គ្លេស។

ការធ្វើបាតុកម្មកើតឡើងក្រោយពេលជាងមួយសប្តាហ៍ ដែលរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី Theresa may មិនទាន់ទទួលបានកិច្ចព្រមព្រៀង ជាមួយមេដឹកនាំអឺរ៉ុប ស្តីពីការចាកចេញរបស់អង់គ្លេស ។ លោកស្រី Theresa May ក៏បានធ្វើឲ្យបណ្តាគណបក្សនយោបាយ ខឹងសម្បាយ៉ាងខ្លាំង ដោយសារតែមានការយោគយល់នៅក្នុងកិច្ចពិភាក្សា។

នៅរយៈពេលតែជាង ៥ខែទៀតប៉ុណ្ណោះ ដែលអង់គ្លេស នឹងត្រូវចាកចេញពីសហគមន៍អឺរ៉ុប ប៉ុន្តែមកទល់ពេលនេះមិនទាន់មានកិច្ចព្រមព្រៀង ពាណិជ្ជកម្ម ជាមួយអឺរ៉ុបច្បាស់លាស់នៅឡើយ ។ មិនតែប៉ុណ្ណោះ គណបក្សប្រឆាំង បានព្រមានថា នឹងបោះឆ្នោត ប្រឆាំង នៅនឹងកិច្ចព្រមព្រៀង ប្រសិនបើលោកស្រី May ទទួលបានកិច្ចព្រមព្រៀង ជាមួយអឺរ៉ុបនោះ ។

លោក James CcGrory អ្នករៀបចំបាតុកម្មម្នាក់ក្នុងចំណោម គណៈកម្មការរៀបចាំបាតុកម្ម បានឲ្យដឹងថា ពលរដ្ឋគួរតែមានឱកាសដើម្បីផ្លាស់ប្តូរការសម្រេច របស់ខ្លួន ដែលជះឥទ្ធិពល មិនល្អដល់ជីវភាពរស់នៅរបស់ពួកគត់ ៕ ម៉ែវ សាធី