ព័ត៌មានទាន់ហេតុការណ៍៖
" alt="" width="1024" height="100" />" alt="" width="1045" height="100" />

បាតុកម្មរឿងប្រេងសាំងនៅបារាំង ៖ ស្ត្រីវ័យចំណាស់​ម្នាក់ទៀត បានស្លាប់នៅទីក្រុង Marseile

ចែករំលែក៖

ស្ត្រីវ័យ៨០ឆ្នាំ​ម្នាក់ទៀត​ បានបាត់បង់ជីវិត បន្ទាប់ពីប៉ះទង្គិចដោយឧស្ម័នបង្ហូរទឹកភ្នែករងរបួសធ្ងន់ធ្ងរ​ ខណៈកំពុងបិទបង្អួច​អំឡុងពេលមានការតវ៉ារឿងប្រេងឡើងថ្លៃរបស់ហ្វូងបាតុករ កណ្តាលទីក្រុង Marseille ប្រទេសបារាំងកាលចុងសប្តាហ៍កន្លងទៅនោះ ។

ស្ត្រីរងគ្រោះ​រស់នៅអគារ អាផាត់មែន ជិតកន្លែងបាតុករធ្វើបាតុកម្ម​​​ បានពើបប្រទះនឹងឧស្ម័ន​បង្ហូរទឹកភ្នែក របស់ក្រុមបាតុករ ខណៈគាត់ឈរបិទបង្អួច​ ។ ស្ត្រីរងគ្រោះ​ត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់ ហើយរហូតមកដល់ពេលនេះ បណ្តាញព័ត៌មានផ្សាយថា បានបាត់បង់ជីវិតហើយ ។

ប៉ូលិស​ក៏បាននិយាយកាលពីថ្ងៃអាទិត្យថា ជនរងគ្រោះ​៣នាក់ផ្សេងទៀត ក៏បានស្លាប់ ដោយសារករណី​បាតុកម្មនេះ ដែលបានចាប់ផ្តើម៣សប្តាហ៍មកនេះផងដែរ ។ ក្រៅពីបាត់បង់ជីវិត គឺមានអ្នករងរបួសធ្ងន់ ស្រាល ជាង២៥០នាក់ ទាំងប៉ូលិស និងបាតុករ, ខូចខាតរថយន្តរាប់រយគ្រឿង ទីផ្សារភាគហ៊ុនបារាំងធ្លាក់ចុះយ៉ាងគំហុក និងជាពិសេសប៉ះពាល់ដល់សង្វាក់ពាណិជ្ជកម្ម​ប្រចាំថ្ងៃរបស់ពលរដ្ឋបារាំង យ៉ាងខ្លាំង ដោយសារតែបាតុកម្មក្លាយជាអំពើហិង្សានេះ ហើយក្នុងនោះ ប៉ូលិសបានឃាត់ខ្លួន​មនុស្ស​រហូតដល់ជាង៤០០នាក់ ពាក់ព័ន្ធបង្កអំពើហិង្សា ។

ក្រសួងមហាផ្ទៃបារាំង អះអាងថា បាតុកម្ម​រឿងពន្ធប្រេងសាំងឡើងថ្លៃ មានមនុស្សចូលរួម​ប្រហែល​១៣៦.០០០​នាក់ នៅទូទាំងប្រទេស​កាលពីថ្ងៃ​អាទិត្យ ជាការបង្ហាញ​ដល់សកម្មភាពរបស់ក្រុមចលនា ដែលមានឈ្មោះ ថា Gilets Jaunes ឬ​អាវកាក់ពណ៌លឿង ។

Christophe Chalencon អ្នកនាំពាក្យរបស់ចលនា​មួយនេះ កាលពីថ្ងៃ​ទី៣ ខែធ្នូ បានទាមទាររដ្ឋាភិបាលឲ្យ​​លាលែងពីតំណែង ហើយត្រូវជំនួសវិញ​ នូវអ្វីដែលគេហៅថា ជាមេបញ្ជាការពិតប្រាកដ ដូចជា Gen de Villiersជាដើម ។ ក្រុមអាវកាក់ពណ៌លឿងនេះក៏​បានលុបចោលគម្រោងជួបពិភាក្សា​ នៅថ្ងៃទី៤ ខែធ្នូ ជាមួយនាយករដ្ឋមន្ត្រី Edouard Philippe ថែមទៀតផង ។

គេបានបញ្ជាក់ថា Pierre de Villiers អតីតជាមេកងកម្លាំងប្រដាប់អាវុធបារាំង ដែលត្រូវបានដក​ហូតតួនាទី បន្ទាប់ពីប៉ះទង្គិចជាមួយ​ប្រធានាធិបតី Emmanuel Macron ពាក់ព័ន្ធករណីកាត់បន្ថយថវិកា ។

នៅថ្ងៃទី៣ ខែធ្នូ ប្រធានាធិបតីបារាំង​បានកោះប្រជុំបន្ទាន់មួយផងដែរ ដែលអាចពិភាក្សា​ដល់ការអនុវត្តច្បាប់ដាក់ប្រទេសស្ថិតនៅក្នុងគ្រាអាសន្ន ។ ប៉ុន្តែពុំមានហេតុផលគ្រប់គ្រាន់ ដើម្បីឈានដល់ការអនុវត្ត​បែបនេះទេ ៕ ថាច់ យ៉ាត


ចែករំលែក៖