ព័ត៌មានទាន់ហេតុការណ៍៖

បាត់ខ្លួន១២ថ្ងៃទើបប្រទះឃើញគ្រោងឆ្អឹងរប៉ាត់រប៉ាយក្នុងចម្ការសង្ស័យសត្វកាចសាហាវហែកស៊ី

ខេត្តបាត់ដំបង ៖ ប្រជាពលរដ្ឋបានប្រទះឃើញគ្រោងឆ្អឹងក្មេងប្រុសម្នាក់ក្នុងដីចម្ការ មួយកន្លែងបង្កការភ្ញាក់ផ្អើលកាលពីថ្ងៃសុក្រ ៦កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨ ត្រង់ចំណុចចម្ការដំឡូងមួយ កន្លែងក្នុងភូមិព្រះពុទ្ធ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។

សពក្មេងប្រុសម្នាក់នេះមានអាយុជាង១០ឆ្នាំ សម្លៀកបំពាក់ត្រូវបានគេប្រទះឃើញនៅក្នុងដីចម្ការមួយកន្លែងក្បែរជើងភ្នំដែលកន្លងមកតំបន់ជើងភ្នំនេះប្រជាពលរដ្ឋខ្លាចរអាណាស់ដោយសារតែមានសត្វសាហាវនៅសេសសល់ដូចជាសត្វឆ្កែចចកជាដើម។ ដំបូងឡើយមិនទាន់មានប្រភពណាមួយ អះអាងថា ក្មេងប្រុសនេះមកពីណា និង ស្លាប់ដោយសារអ្វីនោះទេ ដោយសារតែគ្រោងឆ្អឹងនេះស្ថិតនៅពាសវាលពាសកាលហើយអ្នកភូមិគ្រាន់តែសន្និដ្ឋានជាជំហាន ដំបូងថា ទំនងជាមានសត្វសាហាវខាំស៊ី ជាអាហារ ។

តាមការរៀបរាប់ពីម្ចាស់ចម្ការឈ្មោះ ឃន បឿន ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅ ភូមិព្រះពុទ្ធ ឃុំបឹងរាំង ស្រុកកំរៀង ខេត្ត បាត់ដំបងបាននិយាយថា នៅថ្ងៃនោះលោកបានជួលកម្មករឲ្យទៅបាញ់ថ្នាំស្មៅនៅក្នុងចម្ការដំឡូងរបស់ខ្លួន ស្រាប់តែបានប្រទះឃើញគ្រោងឆ្អឹងមនុស្សម្នាក់ ស្ថិតនៅរាយប៉ាយលើដីចម្ការរួមជាមួយនឹងសម្លៀក បំពាក់ផង ហើយនៅក្បែរសពក៏មានចម្ពាម កៅស៊ូ និងកញ្ចប់បារីផងដែរទើបម្ចាស់ចម្ការរាយការណ៍ទៅសមត្ថកិច្ចឲ្យចុះទៅត្រួត ពិនិត្យ ។

យ៉ាងណាបន្ទាប់ពីមានការភ្ញាក់ផ្អើល ក្នុងករណីនេះលោកពូ ផង់ ភឿន អាយុ៤២ ឆ្នាំ រួមជាមួយនឹងប្រពន្ធឈ្មោះ លី ស្រីនាង អាយុ៤៧ឆ្នាំ ទាំង២នាក់ធ្វើការជាកម្មករ បានអះអាងថា ដោយយោងតាមសម្លៀក បំពាក់ និងសម្ភារដែលនៅជុំវិញគឺសពនេះ ពិតជាកូនប្រុសរបស់គាត់ប្រាកដមែន។ កូន របស់គាត់ដែលស្លាប់នេះឈ្មោះ ភឿន ភក្តី អាយុ១២ឆ្នាំ ជាកូនទី៦ក្នុងចំណោមកូន របស់គាត់ទាំង១០នាក់។ ពួកគាត់មានការសោកស្តាយណាស់ដោយកូនប្រុសរបស់គាត់កន្លងមកធ្លាប់បាត់ខ្លួន២យប់ទៅ៣ យប់ដែរ ទើបគេចូលផ្ទះព្រោះគេជាក្មេង ដែលចេះប្រើប្រាស់ថ្នាំញៀនផង និងជក់បារីផងហើយការបាត់ខ្លួនលើកនេះមាន រយៈពេល១២ថ្ងៃមកហើយដោយមិនដឹងជាទៅទីណា ទើបតែពេលនេះស្រាប់តែមានការភ្ញាក់ផ្អើលតែម្តង។ បន្ទាប់មកឆ្អឹងកូនប្រុស របស់គាត់ត្រូវបានសមត្ថកិច្ចជំនាញនាំយកទៅធ្វើកោសល្យវិច័យនៅឯខេត្តបាត់ដំបងដើម្បីចង់ដឹងពីការណ៍ពិតមុននឹងប្រគល់ ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាម ប្រពៃណី ៕ សហការី