ព័ត៌មានទាន់ហេតុការណ៍៖

បាត់រថយន្ត៣ឆ្នាំហើយម្ចាស់ប្រទះឃើញរថយន្តរបស់ខ្លួនមានម្ចាស់ថ្មីយកមកជួសជុលក្នុងយានដ្ឋាន

ភ្នំពេញ៖ មានការភ្ញាក់ផ្អើលមួយ ខណៈបុរសជាម្ចាស់រថយន្តមួយគ្រឿងម៉ាក COOPER MINI ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ 2AA9558 ដែលបានបាត់រថយន្តរបស់គាត រយះពេល៣ឆ្នាំហើយ បែរជាមកប្រទះឃើញរថយន្តរបស់គាត់វិញ នៅក្នុងយានដ្ឋានមួយកន្លែង ស្ថិតនៅផ្លូវលេខ២១១ កែងនឹងផ្លូវលេខ៣៣៦ សង្កាត់វាលវង់ ខណ្ឌ៧មករា កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ ។

ក្រោយពេលបានឃើញរថយន្តរបស់គាត់ហើយ ម្ចាស់រថយន្តខាងលើបានតេទៅកាន់អាវុធហត្ថក្រុង ដែលរូបគាត់បានដាក់ពាក្យបណ្តឹង និងតំកល់ឯកសារនៅទីនោះ បន្ទាប់ពីបានទទួលទូរសព្ទ័ពីជនរងគ្រោះភ្លាមកម្លាំងអាវុធហត្ថរាជធានីភ្នំពេញបានចុះទៅដល់គោលដៅយានដ្ឋានខាងលើ តែដោយម្ចាស់រថយន្តថ្មីមិនចង់អនុញ្ញាត ឲ្យកម្លាំងអាវុធហត្ថដកហូតទេ ដោយរូបគាត់អះអាងថា គាត់ជាមន្ត្រីជាប់កិច្ចសន្យាសាលាដំបូងរាជធានីភ្នំពេញ ។

តែទោះជាយ៉ាងណា កម្លាំងអាវុធហត្ថក្រុងនៅតែបង្អែកលើពាក្យបណ្តឹងជនរងគ្រោះ ដែលជាម្ចាស់រថយន្តដែលបានដាក់ពាក្យបណ្តឹងរយះពេល៣ឆ្នាំ បង្ខំយករថយន្តទៅរក្សាទុកនៅទីបញ្ជាការកងរាជអាវុធហត្ថដើម្បីដោះស្រាយគ្នាតាមនីតិវិធិ ៕ ស រស្មី