ព័ត៌មានទាន់ហេតុការណ៍៖

បារាំងចេញច្បាប់ ដាក់គុក បុរសណាដែល “ប៉ះគូទ” ស្ត្រីនៅលើរថយន្តក្រុង

បុរសរូបណា ដែលមានសកម្មភាព ស្ទាប់គូទស្ត្រី ដោយចេតនានៅលើរថយន្តក្រុង នៅទីក្រុងប៉ារីស នឹងត្រូវដាក់គុក៣ខែ តាមច្បាប់ថ្មី ដើម្បីប្រឆាំងទៅនឹងសកម្មភាពបៀតបៀនផ្លូវភេទស្ត្រីនៅទីសាធារណៈ ដែលទើបតែចូលជាធរមាន ។

កន្លងមក មានបុរស ដែលមានសកម្មភាពមិនគប្បីទៅលើស្ត្រី អ្នកដំណើរវ័យ២១ឆ្នាំ ដោយនិយាយពាក្យអសុរោះ ពីដើមទ្រូងរបស់នាងទៀត ត្រូវអ្នកបើកបរហៅទូរស័ព្ទទៅកាន់ប៉ូលិស ។

រដ្ឋអាជ្ញា នៅ Evry ភាគខាងត្បូង ទីក្រុងប៉ារីស បានប្រកាសដាក់ទោសបុរស ខាងលើ ជាប់គុក៣ខែ ដោយសារតែសកម្មភាព ស្ទាប់គូទ បៀតបៀនផ្លូវភេទ ក្រៅពីជាប់គុក ក៏ត្រូវបង់ថ្លៃផាក់ពិន័យ៣០០អឺរ៉ូ ផងដែរ ។

នេះជាលើកទីមួយ ដែលបារាំងបានអនុវត្តច្បាប់ថ្មី ប្រឆាំងនឹងការបៀតបៀនផ្លូវភេទ លើស្ត្រីនៅទីសាធារណៈ ។ ច្បាប់ខាងលើ ដើម្បីទប់ស្កាត់សកម្មភាព មើលងាយ ស្ត្រីភេទ ដែលតែងតែកើតឡើងនៅក្នុងប្រទេសបារាំង ។

រដ្ឋមន្ត្រី ទទួលបន្ទុក កិច្ចការ តម្លាភាពភេទបារាំង Marlene Schiappa បានឯកភាពទៅលើការដាក់ទោសខាងលើ ។ នៅលើបណ្តាញសង្គម លោកSchiappa បានបញ្ជាក់ថា «សូមអបអរសាទរដល់អ្នកបើកបររថយន្តក្រុងដែលបានប្រតិកម្មទាន់ពេលទៅលើបុរស បៀតបៀនកេរ្តិ៍ខ្មាស់ស្ត្រី»។

តាមលទ្ធផលស្ទង់មតិនាពេលកន្លងមក បានបង្ហាញឲ្យឃើញថា មានស្ត្រីជាង៥៣ភាគរយ នៅបារាំង បានប្រកាសឲ្យដឹងថា ពួកគាត់ធ្លាប់រងការបៀតបៀនផ្លូវភេទ ឬក៏រងការរំលោភបំពាន នៅទីសាធារណៈ ៕ ម៉ែវ សាធី