ព័ត៌មានទាន់ហេតុការណ៍៖

បុគ្គលិកក្រុមហ៊ុនKSLM ត្រូវនគរបាលខណ្ឌ៧មករាឃាត់ខ្លួន ពីបទឆបោកលុយជិត២ម៉ឺនដុល្លារ

ភ្នំពេញ៖ បុរសម្នាក់ជាបុគ្គលិកក្រុមហ៊ុនKSLM អ្នកលក់គ្រឿងសម្ភារ បំពាក់សណ្ឋាគារ ត្រូវម្ចាស់ក្រុមហ៊ុនចាប់យកមកប្រគល់ឲ្យនគរបាលខណ្ឌ៧មករា ចាត់ការតាមច្បាប់បន្ទាប់ពីបុរសរូបនេះបានដើរប្រមូលប្រាក់ពីម៉ូយបានជិត២ម៉ឺនដុល្លារ ហើយមិនព្រមប្រគល់ប្រាក់ឲ្យក្រុមហ៊ុនទើបម្ចាស់ឃាត់ខ្លួនតែម្តង ។

ករណីឃាត់ខ្លួនបុរសខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង៣រសៀល ថ្ងៃសៅរ៍ ១២រោច ខែបុស្ស ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅចំណុចក្រុមហ៊ុនKSLM ទីតាំងផ្ទះលេខ១៥អឺ ផ្លូវលេខ១៩០ ភូមិ៦ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា ។

ជនសង្ស័យឈ្មោះឈឹម ហាក់ស៊ីម ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនខាងលើ ស្នាក់នៅផ្ទះលេខ៨អឺ ផ្លូវលេខ៣ សង្កាត់+ខណ្ឌដង្កោ ។ ចំណែកជនរងគ្រោះឈ្មោះ នន់ ប្រសើរ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរប្រធានផ្នែកលក់ក្រុមហ៊ុនKSLM ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលេខ១៨២ សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក ។

NKD-36x6_outline

យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចខណ្ឌ៧មករា បានឲ្យដឹងថា មុនពេលកើតហេតុនៅកំឡុងពេលខែកុម្ភះ ឆ្នាំ២០១៧ ជនសង្ស័យឈ្មោះឈឹម ហាក់ស៊ីម បានចូលធ្វើការឲ្យក្រុមហ៊ុនខាងលើ ដោយមានតួនាទីជាអ្នកដើរលក់ គ្រឿងសម្ភារៈបំពាក់គ្រឿងសណ្ឋាគារ រហូតដល់ខែវិច្ឆិកា ឆ្នាំ២០១៧ ជនសង្ស័យបានដើរប្រមូលប្រាក់ពីម៉ូយបានហើយ មិនព្រមមកទូរទាត់ក្រុមហ៊ុនសោះ ។លុះនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨នេះ បានឃើញជនសង្ស័យមកក្រុមហ៊ុនក៏ចាប់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចតែម្តង ។ សម្ភារៈបាត់បង់មាន(ប្រាក់ចំនួន១ម៉ឺនប្រាំមួយពាន់ ហុកសិបប្រាំដុល្លារ )។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា នឹងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមច្បាប់ ៕ ស រស្មី