ព័ត៌មានទាន់ហេតុការណ៍៖

បុគ្គលិកអាស៊ីវេរលុយម្នាក់រងរបួសបាក់ជើង ខណៈត្រូវម៉ូតូម្ខាងទៀតបត់ឆ្វេងមិនប្រយ័ត្ន

ខេត្តស្វាយរៀង៖ បុគ្គលិកអាស៊ីវេរលុយម្នាក់​ រងរបួសធ្ងន់ បាក់ជើងខាងស្តាំ និងបុរសម្នាក់ទៀត រងរបួសស្រាល ដោយសារ គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ២គ្រឿងបុកស្របទិសគ្នា ខណៈបត់ឆ្វេងខ្វះប្រុងប្រយ័ត្ន កាលពីថ្ងៃអាទិត្យ ៥កើត ខែអស្សជ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង៧យប់ នៅលើផ្លូវជាតិលេខ០១ ត្រង់ចំណុចគីឡូម៉ែត្រលេខ១៤៧-១៤៨ស្ថិតក្នុងភូមិជ្រៃធំ សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង ។

សមត្ថកិច្ចនគរបាលក្រុងបាវិតបានឲ្យដឹងថា បុរសដែលបើកម៉ូតូបត់ឆ្វេងខ្វះប្រុងប្រយ័ត្នមានឈ្មោះ ហែន រតនា អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខកសិករ មានទីលំនៅភូមិទួលអំពិលសង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង ដោយជិះម៉ូតូម៉ាកហុងដា ពណ៌ពណ៌ក្រហម គ្មានពាក់ស្លាកលេខ ខូចខាតយ៉ាងដំណំ។

ចំណែកភាគីរងគ្រោះមានឈ្មោះ លៀប ចិត្រា អាយុ៣០ឆ្នាំជ នជាតិខ្មែរមុខរបរបុគ្គលិកសាខាអាស៊ីវេរលុយមានទីលំនៅភូមិបាក់រនាស់ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ជិះម៉ូតូម៉ាកហុងដាC110 ពណ៌ខ្មៅពាក់ស្លាក់លេខ ភ្នំពេញ1BT-2860។

តាមសាក្សីបានឲ្យដឹងថា មុនកើតហេតុ មានបុរសម្នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដា ពណ៌ពណ៌ក្រហមគ្មានពាក់ស្លាកលេខ ដោយធ្វើដំណើរពីកើតមកលិច នៅលើផ្លូវជាតិលេខ០១ ត្រង់ចំណុចគីឡូម៉ែត្រលេខ១៤៧-១៤៨ ហើយក៏បានបត់ឆ្វេងមិនប្រយ័ត្ន ស្រាប់តែមានបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដា C110 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1BT-2860មកពីក្រោយចាប់ហ្វ្រាំងមិនទាន់ក៏បុកគ្នាពេញទំហឹងបណ្ដាលឲ្យដួលរដូករណែលកណ្ដាលផ្លូវបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិទាំងយប់តែម្ដង។

ក្រោយមក អ្នកភូមិបានរាយការណ៍មកសមត្ថកិច្ចមូលដ្ឋាន និងដឹកអ្នករងរបួសបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀង និងវាស់វែង រួចអូសយកវត្ថុតាងម៉ូតូ២គ្រឿងយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃអង្គុញដើម្បីបំពេញសំណុំរឿងតាមច្បាប់ ៕ យឹម សុថាន