ព័ត៌មានទាន់ហេតុការណ៍៖

បុគ្គលិក​ក្រុមហ៊ុន​ធានា​រ៉ាប់រងព្រូដិនសលម្នាក់ ត្រូវជនមិនស្គាល់អត្តសញ្ញាណបោកយកម៉ូតូមួយគ្រឿងទៅបាត់

ភ្នំពេញ ៖ ករណីជនឆបោកនៅតែបន្តការបោកប្រាស់ប្រជាពលរដ្ឋបានជារៀងរាល់ថ្ងៃ បើកទោះបីជាមាន ការផ្សព្វផ្សាយព័ត៍មាន តាមកាសែត វេបសាយ ទូរទស្សន៍ បណ្ដាញសង្គម ក៏ដោយ គេសង្កេតឃើញថាជនខិលខូច នូវតែមានល្បិចថ្មីៗនៃការបោកបញ្ឆោចជនរងគ្រោះយកទ្រព្យសម្បត្តិ ហើយគេចខ្លួនបាត់ដោយសុវត្ថិភាព ។

ជាក់ស្តែងកាលពីវេលាម៉ោង២និង៤៥នាទីរសៀល ថ្ងៃពុធ ១កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨ នារីម្នាក់ជាបុគ្គលិក​ក្រុមហ៊ុន​ធានា​រ៉ាប់រងព្រូដិនសល(PRUDENTIAL) បាន​រត់ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​នគរបាល​ប៉ុស្តិ៍​ទន្លេ​បាសាក់​ ដើម្បីជួយ​ធ្វើអន្តរគមន៍​ក្រោយ​ពី​រូប​នាង​ ត្រូវជនមិនស្គាល់អត្តសញ្ញាណបោកយកម៉ូតូមួយគ្រឿងបានសម្រេច ហើយគេចខ្លួនបាត់ដោយសុវត្ថិភាព ។

នារី​រង​គ្រោះ​ខាងលើ​ឈ្មោះ កង ផល្លា អាយុ​២៨​ឆ្នាំ ជា​បុគ្គលិក​ក្រុមហ៊ុន​ធានា​រ៉ាប់រងព្រូដិនសល(PRUDENTIAL) មាន​ទីលំនៅ​ស្នាក់​នៅផ្ទះ​លេខ ៤៥ ភូមិ​ស្ពាន​ខ្ពស់ សង្កាត់​គីឡូ​លេខ​៦ ខណ្ឌ​ឬ​ស្សី​កែវ​ ។

យោង​​តាមសម្តី​នារី​រង​គ្រោះ​ បាន​រៀបរាប់ប្រាប់សមត្ថកិច្ចមូលដ្ឋាន​ថា មុន​កើតហេតុ​កាលពីវេលា​ម៉ោង​៩​និង​៣០​នាទី ថ្ងៃ​ទី​១២ មិថុនា​ ឆ្នាំ២០១៨ មាន​បុរស​ម្នាក់​បាន​ប្រើ​លេខ​ទូរស័ព្ទ​មួយ​ខ្សែ គឺ​លេខ​០៩៦ ៨២០ ៦១ ៧២ (​ដោយតាំងខ្លួនជា​លេខ​មេ ) តេ​មក​កាន់រូប​នាង​ ប៉ុន្តែបាន​ហៅ​ឈ្មោះ​មនុស្ស​ម្នាក់​ឲ្យទៅ​យក​លុយ​ពីខ្លួន ។ ពេល​​ឮ​ហៅ​ឈ្មោះ​ខុស​រូបនាង​ក៏​ប្រាប់​ថា «​ច្រឡំ​លេខ​ហើយ​» តែបុរស​ម្នាក់​នោះ​ក៏​ធ្វើ​ជា​សួរនាំ​នាង​ថា «​រស់នៅ​ទីណា?និង​ធ្វើការ​អ្វី?​» នាង​ក៏​ឆ្លើយ​តប​វិញថា «​ខ្ញុំ​ធ្វើការ​នៅ​ក្រុមហ៊ុន​ធានា​រ៉ាប់រង​» ភ្លាមនោះ​បុរសមិនស្គាល់អត្តសញ្ញាណ​នោះ​ក៏​និយាយទៀត​ថា «​ខ្លួន​មាន​បំណង​ចង់​សន្សំ​ប្រាក់ និង​ទិញ​សេវា​ធានា​រ៉ាប់រង​របស់​ក្រុមហ៊ុន​របស់នាង​ដែរ​» ។

នារីរងគ្រោះបន្តទៀតថា បន្តពីនិយាយគ្នាអស់មួយស្ទុះ រូប​នាង និង​បុរស​ម្នាក់​នោះ​ក៏​ធ្វើការ​ណាត់ជួប​គ្នា​ថ្ងៃ​ស្អែក​នៅ​ណាហ្គាទី២ ។ លុះ​នៅវេលាម៉ោង​១២​និង​៥០​នាទី​រសៀលថ្ងៃ​កើតហេតុខាងលើ ស្រាប់តែបុរស​ដែល​តែង​តាំងខ្លួនឯង​ជា​មេនោះ​ ក៏​ទូ​រស័ព្ទ​លេខ​ថ្មីមួយទៀត​គឺ​លេខ​០៩៦ ៨១ ៣៥ ៥៧៧ មក​ប្រាប់​នាង​ថាឲ្យទៅ​ជួប​កូនចៅ​របស់​ខ្លួន​ម្នាក់​ទៀត ពេលនិយាយចប់ភ្លាម​ស្រាប់តែ​មាន​ទូរស័ព្ទ​លេខ ០៧០ ៦៥៦៣០៦ មួយ​ខ្សែ​ទៀត​តេ​មក​ប្រាប់​ថា «​មេ​របស់​គេ​ឱ្យមក​ទទួល​រូបនាង​ ដើម្បី​ទៅ​ជួប​មេ​របស់​គេ​នៅ​ណា​ហ្គា​២ ដោយ​មេ​ខ្ញុំ​មិន​បាន​ទៅ​ទេ​» ។

នារីរងគ្រោះបន្តថា បន្ទាប់មករូបនាងក៏បានជិះម៉ូតូមួយគ្រឿងម៉ាក​ហុងដាស្គូ​ពី ស៊េរី​ឆ្នាំ​២០១៣ ពណ៌​ស ពាក់​ស្លាក​លេខ ស្វាយ​រៀង ១D-៧៧៦៧ ​មក​ជួប​គ្នា​បុរសខាងលើនៅ​ចំណុច​ភ្លើងស្តុប​ផ្លូវ​ព្រះ​មុនី​វង្ស កែង​និង​ផ្លូវ​កម្ពុជា​ក្រោម​ ។ ពេល​នាង​មក​ដល់ ​ក៏​ឃើញ​បុរស​ម្នាក់​​ឈរចាំនៅលើចិញ្ចើមផ្លូវ រួចរូបនាង​ក៏​សួរ​បុរស​ម្នាក់​នោះ​ថា « បាន​អី​ជិះ​មក​» បុរស​រូបនោះ​បានឆ្លើយ​ថា «​ឡាន​មេខូច​និង​យក​ទៅ​​ជួសជុល​បាត់​ហើយ​» រួចក៏បុរសមិនស្គាល់អត្តសញ្ញាណរូបនោះ បានឡើងជិះម៉ូតូ​ ដោយឌុ​ប​នាង​ទៅ​ជាមួយ​គ្នា​​មក ឈប់​នៅ​ខាង​មុខ​អគារ​វប្ប​ធ៌​ម​កូរ៉េ ផ្លូវ​ព្រះ​សីហ​នុ សង្កាត់​ទន្លេបាសាក់ ហើយ​រូបគេ​ក៏​ឱ្យ​នាង​ចុះ​ពីលើ​ម៉ូតូ ។

ភ្លាម​នោះ​នាង​ក៏​ទូរស័ព្ទ​ទៅ​កាន់​បុរស​ម្នាក់​ដែល​តាំងខ្លួន​ជា​មេនោះ ហើយ​​ប្រាប់​នាងថា​ឲ្យ​ដើរ​ចូល​មក​ខាងក្នុង​មក និង​ប្រគល់​ម៉ូតូ​ឲ្យទៅកូនចៅ​របស់​គេ​យក​ទៅ​ទុក​ចុះ​ ។ ពេល​នាង​ដើរ​ឡើង​ចូល​ទៅ​ក្នុង​អគារ​វប្ប​ធ៌​ម​កូរ៉េ​នោះ​ ដោយ​ស្មាន​តែ​ជាណា​ហ្គាទី​២ និងសួរ​អ្នក​ធ្វើការ​នៅ​ទីនោះ​គេ​ប្រាប់​ថាច្រឡំ​ហើយ ​ណា​ហ្គា​ទី២​ គឺនៅ​ខាងមុខទៀត ទើបរូបនាង​ក៏​ដើរ​ចេញ​មក​វិញ និង​ដើរទៅ​កាន់​ណា​ហ្គាទី​២ ហើយ​ទូរស័ព្ទ​ទៅ​បុរស​ម្នាក់​តាំងខ្លួន​ជា​មេនោះ​តែ​តេ​មិន​ចូល រួច​ក៏​តេ​ទៅ​បុរស​ជា​កូនចៅ​ទៀត​ក៏​តេ​មិន​ចូល​ទៀត ​។ ​នាង​ក៏​ដើរមក​កាន់​អគារ​វប្ប​ធ៌​ម​កូរ៉េ​វិញ​ ដែល​ជា​កន្លែង​បុរស​ម្នាក់​នោះ​ឈប់​ម៉ូតូចាំ ស្រាប់តែ​បាត់​ទាំង​មនុស្ស និង​ម៉ូតូ​អស់​មិនឃើញ ទើប​រូប​នាង​ដឹង​ថាចាញ់បោក​គេហើយ ។

ក្រោយកើតហេតុនារីរងគ្រោះ បានជិះម៉ូតូឌុបទៅ​ដាក់​ពាក្យ​បណ្តឹង​​នៅ​នគរបាល​ប៉ុស្តិ៍​ទន្លេបាសាក់ ខណ្ឌចំការមន ដើម្បីជួយ​ធ្វើការ​ស្រាវជ្រាវ​ស្វែងរកជនរកចាប់ខ្លួនសង្ស័យទាំងនោះ ​យក​មក​ផ្តន្ទាទោស​ទៅ​តាម​ច្បាប់​ ៕ ស រស្មី