ព័ត៌មានទាន់ហេតុការណ៍៖

បុរសកម្មករសំណង់ម្នាក់ទំនងរអិលជើងធ្លាក់ពីលើអគារការដ្ឋានកំពុងសាងសង់កម្ពស់៣២ម៉ែត្រស្លាប់គួរឲ្យសង្វេគ

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលទាំងយប់ដល់អ្នកភូមិ និងមិត្តរួមការងារនាំគ្នាជួយសង្គ្រោះ ប៉ុន្តែអកុសលយឹតពេលទៅហើយដោយមុខរបួសធ្ងន់ធ្ងរពេក ក៏ដាច់ខ្យល់ស្លាប់គួរឲ្យសង្វេក ខណៈដែលបុរសជាកម្មករសំណង់ម្នាក់ទំនងរអិលជើងធ្លាក់ពីលើអគារការដ្ឋានដែលកំពុងសាងសង់កម្ពស់៣២ម៉ែត្រ ។

ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃព្រហស្បត្តិ៍១៣រោច ខែទុតិយាសាធ ឆ្នាំច សំរិទ្ធស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង៧យប់ នៅការដ្ឋានសំណង់របស់ក្រុមហ៊ុនកាស៊ីណូម៉ុកបាយ ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។ យោងតាមសមត្ថកិច្ចនគរបាលបានបង្ហើបឲ្យដឹងថា បុរសដែលទំនងរអឹលជើងធ្លាក់ពីលើអគារមានឈ្មោះ យិន ផល អាយុ២៤ឆ្នាំជនជាតិខ្មែរមុខរបរកម្មករសំណង់ មានទីលំនៅភូមិហាប៊ូ ឃុំមេបុណ្យ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ។

ប្រភពបន្តថា ក្រោយពីមានសេចក្ដីរាយការណ៍ថាមានមនុស្សធ្លាក់ នៅអគារការដ្ឋានសំណង់របស់ក្រុមហ៊ុនកាស៊ីណូម៉ុកបាយភ្លាមសមត្ថកិច្ចមូលដ្ឋាននគរបាលក្រុងបាវិតបានមកអន្តរាគមន៍យកជនរងគ្រោះ បញ្ជូនមកដល់មន្ទីរពេទ្យផាសុកភាព២បាវិត ប៉ុន្តែអកុសលហួសពេលទៅហើយ ។

សូមបញ្ជាក់ថា ពេលដែលជនរងគ្រោះធ្លាក់ពីលើអគារនោះមិនមានសាក្សី ឬអ្នករួមការងារបានឃើញផ្ទាល់ដោយទំនងជាមានការធ្វេសប្រហែសហើយរអឹលជើងធ្លាក់មកតែម្ដង ។

ក្រោយពីពិនិត្យសពរួចហើយបច្ចុប្បន្នសាកសព ត្រូវបានសមត្ថកិច្ចបាន ធ្វើកំណត់ហេតុ និងប្រគល់ឲ្យទៅឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕ យឹម សុថាន