ព័ត៌មានទាន់ហេតុការណ៍៖

បុរសចំណាស់ម្នាក់ស្លាប់ក្នុងបន្ទប់របស់ខ្លួនសង្ស័យជាករណីខ្យល់គរ

ខេត្តកណ្ដាលៈ សាកសពបុរសម្នាក់ ត្រូវបានពលរដ្ឋប្រទះឃើញដេកស្លាប់ក្នុងបន្ទប់របស់ខ្លួន ដោយសង្ស័យថា ការស្លាប់ខាងលើជាករណីខ្យល់គរ ។ ហេតុការណ៍ខាងលើនេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើង នៅវេលាម៉ោង៦និង៣០នាទី ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ ត្រង់ចំណុចផ្ទះជួល ស្ថិតនៅក្នុងភូមិត្រពាំងឈើនាង ឃុំពើកស្រុកអង្គស្នួល ខេត្តកណ្តាល។

មន្ត្រីនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ព្រីង នុន ភេទប្រុស អាយុ៦២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករថែរសួនអនុស្សាវរីយ៍ម៉ុងថ្លើក នៅភូមិអង្គកន្ធាយ ឃុំមហាឬស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ស្ថិតក្នុងភូមិត្រពាំងឈើនាង ឃុំពើកស្រុកអង្គស្នួលខេត្តកណ្តាល។

ប្រភពដដែលបន្តថា តាមការបំភ្លឺរបស់សាក្សីឈ្មោះនីម វើន ភេទស្រី អាយុ៤៥ឆ្នាំ មុខរបរ កម្មកររោងចក្រ នៅភូមិត្រពាំងឈើនាង ស្រុកអង្គស្នួល បានឲ្យដឹង កន្លងមកជនរងគ្រោះតែងក្រោកពីព្រលឹម ហើយចាក់បទចម្រៀងល្ខោនបាសាក់ជារៀងរាល់ព្រឹក លុះមកដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោងប្រមាណ៥ គាត់ក្រោកពីដេក អត់ឮជនរងគ្រោះចាក់ចម្រៀងល្ខោនដែលគាត់ធ្លាប់ចាក់ ក៏មានការងឿងឆ្ងល់ ហើយដើរចូលទៅមុខបន្ទប់ ជនរងគ្រោះស្រែកហៅ តែពុំលឺសម្លេងឆ្លើយតបវិញនោះទេ ខណៈនោះគាត់ក៏រុញទ្វារចូល តែជាប់គន្លឹះខាងក្នុង រួចអើតមើលតាមបង្អួចឃើញជនរងគ្រោះដេកធ្លាក់ក ភ្លាមនោះគាត់ស្រែកហៅ បងប្អូនជិតខាងមកជួយរុញទ្វារចូលដើម្បីយកជនរងគ្រោះទៅព្យាបាល ដោយស្ទាបខ្លួនមានអក្ការៈក្តៅខ្លាំង រហូតដល់ម៉ោងប្រហែល៥និង៤០នាទី ក៏នាំគ្នារករ៉ឺម៉កកង់បីដឹកយកទៅពេទ្យក្នុងភូមិ តែដោយអក្ការៈធ្ងន់ធ្ងរពេក ក៏ដឹកបញ្ជូនទៅមន្ទីរពេទ្យប្រតិបត្តិស្រុក តែជាអកុសលដឹកចេញបានចំងាយប្រហែល៣០ម៉ែត្រក៏ដាច់ខ្យល់ស្លាប់បាត់ទៅ ។

ក្រោយពីមានហេតុការណ៍កើតឡើង ពលរដ្ឋក៏បានរាយការណ៍ជូននគរបាលជំនាញ ធ្វើការពិនិត្យដោយមានចូលរួមពី ក្រុមប្រឹក្សាឃុំ ,គ្រូពេទ្យ ,មេភូមិ និងកូន បងប្អូន ជនរងគ្រោះ រួចបញ្ជាក់ថា ជនរងគ្រោះ ពិតជាស្លាប់ដោយសារខ្យល់គរពិតប្រាកដមែន ។

ក្រោយពីពិនិត្យរួច សាកសពជនរងគ្រោះ ត្រូវបាននគរបាលជំនាញប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ស្អាងជ័យ