ព័ត៌មានទាន់ហេតុការណ៍៖

បុរសចំណាស់២នាក់បងប្អូនបង្កើតកាប់ចាក់គ្នាដោយសាររឿងជំពាក់លុយយូរពេក

ខេត្តកំពង់ធំ៖ បុរសវ័យចំណាស់២នាក់បងប្អូនបង្កើត បានកាប់ចាក់គ្នាដោយសាររឿងខ្ចីលុយយូរពេក មិនព្រមសង ក៏កើតរឿងក្ដៅក្រហាយ រហូតក្លាយជាអំពើហិង្សា បងចាក់ប្អូន ឲ្យរងរបួសធ្ងន់ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១៩និង៥០នាទី ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨ នៅក្នុងភូមិសូជ័យ ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ឈិន ឈុន ភេទប្រុស អាយុ ៥៧ឆ្នាំ ចំណែកជនរងគ្រោះ ឈ្មោះ ឈិន ប៉ាត ភេទប្រុស អាយុ ៤៥ឆ្នាំ មានទីលំនៅភូមិ ឃុំ កើតហេតុខាងលើជាមួយគ្នា មាន មុខរបរ(កសិករ )។

សមត្ថកិច្ចបានឲ្យដឹងថា តាមដំណើររឿង មុនពេលកើតហេតុ ជនរងគ្រោះកំពុងតែដើរចេញពីតូបលក់ដូរ សំដៅទៅផ្ទះ ហើយជនសង្ស័យដើរពីផ្ទះទៅទិញបារីជក់ ដោយមានកាន់ពូថៅមួយនៅនឹងដៃផង ពេលមកដល់ពាក់កណ្ដាលផ្លូវ ក៏បានជួបគ្នានៅ លើផ្លូវលំក្រាលក្រួសក្រហម ភ្លាមនោះជនសង្ស័យបានទាញពូថៅកាប់ទៅលើជនរងគ្រោះជាប្អូនបង្កើត ត្រូវចំក្រោមក្លៀកលើឆ្អឹងជំនី ប៉ែកខាងស្តាំ របួសមុតសាច់ដល់ឆ្អឹងប្រវែង ១១សង្ទីម៉ែត្រ និងដាល់ចំបបូរមាត់ចេញឈាមថែមទៀត ។

មូលហេតុ គឺរឿងគំនុំជនរងគ្រោះជំពាក់លុយមួយលាន និងសែសិបម៉ឺនរៀល មិនព្រមសង ។ ក្រោយកើតហេតុ សមត្ថកិច្ចបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យ ។ ចំពោះជនសង្ស័យត្រូវបានឃាត់ខ្លួនភ្លាមៗ បច្ចុប្បន្នកំពុងកសាងសំណុំរឿង ចាត់ការតាមច្បាប់ ៕ ប៊ុនរិទ្ធី