ព័ត៌មានទាន់ហេតុការណ៍៖

បុរសជនជាតិអូស្ត្រាលីម្នាក់មានប្រពន្ធជនជាតិខ្មែរគាំងបេះដូងស្លាប់ក្នុងផ្ទះ

ខេត្តកណ្ដាល ៖ បុរសជនជាតិអូស្ត្រាលីម្នាក់ បានគាំងបេះដូងស្លាប់ កាលពីវេលាម៉ោង៧ និង១៥ នាទីព្រឹក ថ្ងៃ សៅរ៍ ៩ កើត ខែ ទុតិយាសាឍ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២១ កក្កដាឆ្នាំ២០១៨ ស្ថិតនៅផ្ទះជួលបន្ទប់លេខ១០៨ ភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ដោយជនរងគ្រោះឈ្មោះ STEWART RODNEY COLIN ភេទប្រុស អាយុ៧០ឆ្នាំ ជនជាតិអូស្ត្រាលី ( Australian ) ។

ស្រី្តឈ្មោះយ៉ុន រ៉េត ភេទស្រី អាយុ៣៩ឆ្នាំ ជាប្រពន្ធជនរងគ្រោះនិង ជាកម្មកររោងចក្រ បានឱ្យដឹងថា កាលពីឆ្នាំ២០១៥ ជនរងគ្រោះបានមករស់នៅជាមួយគាត់ដោយស្រលាញ់គ្នាជាប្តីហើយរយៈពេល៦ខែមកហើយ ប្តីរបស់គាត់ចេះតែចុករោយដៃជើង ហើយមានដំបៅមើលមិនជាទេដោយ គ្រូពេទ្យប្រាប់ថា គាត់មានជំងឺទឹកនោមផ្អែម និងបេះដូង ។

រយៈពេល៦ខែមកទៀត គាត់បានទៅលេងប្រទេសអូស្ត្រាលី១ខែ ក៏បានត្រឡប់មកស្រុកខ្មែរវិញ ។ លុះដល់ថ្ងៃទី២០ កក្កដា វេលាម៉ោង៦ និង៣០នាទីយប់ ប្តីក្តៅខ្លួនខ្លាំងហើយពេល ឃើញដូចនោះគាត់ (ប្រពន្ធ)បានបបួលទៅពេទ្យ តែប្តីប្រាប់ថា គាត់អត់មានលុយទេ ។

រហូតដល់ថ្ងៃទី២១ កក្កដា វេលាម៉ោង៦ និង៣០នាទីព្រឹក គាត់ជាប្រពន្ធបានទៅស្ថានទូតអូស្ត្រាលី ដើម្បីទៅប្រាប់ស្ថានទូតពីសកម្មភាពជំងឺរបស់ប្តី តែ នៅពេលជិះម៉ូតូ បានដល់ពាក់កណ្តាលផ្លូវ គាត់មិនស្គាល់ផ្លូវក៏ជិះម៉ូតូត្រឡប់មកបន្ទប់ជួលវិញ លុះវេលាម៉ោង៧ និង១៧នាទី ពេលគាត់មកដល់បន្ទប់ជួលវិញ ប្តីក៏បានដាច់ខ្យល់ស្លាប់តែម្តងធ្វើឲ្យគាត់ហួសចិត្ត និងសោកស្តាយខ្លាំងណាស់ ៕ ស្អាងជ័យ