ព័ត៌មានទាន់ហេតុការណ៍៖

បុរសជាទាហានម្នាក់ត្រូវអ្នកដំណើរប្រទះឃើញស្លាប់

ខេត្តឧត្តរមានជ័យ៖ បុរសជាទាហានម្នាក់បានបាត់បង់ជីវិត ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍​កាលពីវេលាម៉ោង៩​ព្រឹក ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅព្រៃសហគមន៍សាមគ្គី ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។

សមត្ថកិច្ចបានប្រាប់ថា ជនរងគ្រោះឈ្មោះឡុង គង់ ភេទប្រុស អាយុ៤៦ឆ្នាំ មុខរបរជាទាហានអង្គភាពកងវរៈសេនាធំ លេខ៤ កងពលធំអន្តរាគមន៍លេខ២ មានស្រុកកំណើតឃុំស្ពានត្នោត ស្រុកជីក្រែង ខេត្តសៀមរាប បច្ចុប្បន្នរស់នៅភូមិពងទឹក ឃុំអម្ពឹល ស្រុកបន្ទាយអម្ពឹល ខេត្តឧត្តរមានជ័យ។

គ្មានប្រភពណាមួយដឹងថា ជនរងគ្រោះរូបនេះជិះម៉ូតូដួលខ្លួនឯង ឬបង្កគ្រោះថ្នាក់ដោយរថយន្តបុកនោះទេ ស្រាប់តែបានឃើញដេកដួលនៅលើចិញ្ចើមផ្លូវជាទីកន្លែងស្ងាត់ ហើយអ្នកធ្វើដំណើរប្រទះឃើញនាំគ្នាឈប់មើល និងទូរស័ព្ទរាយការណ៍ដល់អង្គភាព និងក្រុមគ្រួសារជនរងគ្រោះមកទទួលយកទៅធ្វើបុណ្យទៅតាមប្រពៃណី ៕ ប៉ែន នួន