ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ជានិស្សិតពេទ្យសត្វជិះម៉ូតូបុកបង្កាន់ដៃថ្មស្ពានធ្លាក់ចូលទឹកលង់ស្លាប់គួរឲ្យអាសូរ

ភ្នំពេញ៖ បុរសជានិស្សិតពេទ្យសត្វម្នាក់ បានជិះម៉ូតូទៅបុកបង្កាន់ដៃស្ពាន បណ្ដាលឲ្យធ្លាក់ចូលទៅក្នុងទឹកបឹងលង់ស្លាប់យ៉ាងអាណោចអាធ័ម បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃចន្ទ ៨រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧ នៅត្រង់ចំណុចស្ពានតូចមួយកន្លែង ក្បែរស្ពានព្រែកជ្រៃ ស្ថិតតាមបណ្ដោយផ្លូវ២១៧ ក្នុងភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា សពបុរសរងគ្រោះមានឈ្មោះ សុខ ចាន់រស្មី ភេទប្រុស អាយុ២៦ឆ្នាំ មានស្រុកកំណើតភូមិព្រៃ ឃុំត្នោត ស្រុកបាទី ខេត្តតាកែវ ។

យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់បើកម៉ូតូឌ្រីមសង់ ពាក់ស្លាកលេខ ភ្នំពេញ.1CT9079 បើកពីត្បូងទៅជើងក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើ ដោយផ្លូវងងឹតផងនោះ បានរេចង្កូតទៅបុកបង្កាន់ដៃស្ពានបណ្ដាលឲ្យធ្លាក់ចូលក្នុងទឹកម៉ូតូសង្កត់ពីលើស្លាប់គួរឲ្យសង្វេគជាទីបំផុត។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានមកដល់កន្លែងកើតហេតុ និងបានទំនាក់ទំនងរកសាច់ញាតិឲ្យមកយកសពរងគ្រោះទៅស្រុកកំណើត ដើម្បីធ្វើបុណ្យតាមប្រពៃណី។ ចំណែកម៉ូតូជនរងគ្រោះសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌដង្កោរង់ចាំក្រុមគ្រួសារយកឯកសារ និងប្រគល់ជូនវិញ ៕ ភារ៉ា ដង្កោ

NKD-36x6_outline