ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ជិះម៉ូតូបុកគោយន្តកន្ត្រៃពីក្រោយបណ្តាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុ

ប៉ោយប៉ែត៖ បុរសម្នាក់ស្លាប់នៅកន្លែងកើតហេតុ បន្ទាប់ពីជិះម៉ូតូបុកគោយន្តពីក្រោយគ្មានចំណាំងផ្លាត ។ ករណីខាងលើបានកើតឡើងកាលពីម៉ោង19និង30នាទីយប់ ថ្ងៃទី១១ ខែតុលា ខែ២០១៨ នៅលើដងផ្លូវជាតិលេខ៥៩ ឋិតក្នុងភូមិកណ្តោល ឃុំអូរស្រឡៅ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។

សមត្ថកិច្ចបញ្ជាក់ថា ជនរងគ្រោះឈ្មោះ ឡាច កូននាង ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិបឹងរាំង ឃុំអូរស្រឡៅ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។

ប្រភពពីប្រជាពលរដ្ធនៅកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងជនរងគ្រោះជិះ ម៉ូតូម៉ាកសង់សេ១២៥ ស៊េរី ឆ្នាំ២០១០ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1D.1035 ក្នុងទិសដៅពីកើតទៅលិចលុះដល់ចំណុចកើតហេតុ ក៏បុកគោយន្តកន្ត្រៃសណ្តោងរ៉ឺម៉កពីក្រោយ ដែលបើកបរស្របទិសបណ្តាលឲ្យស្លាប់នៅនឹងកន្លែងភ្លាមៗ ។

អ្នកបើកបរគោយន្តកន្ត្រៃសណ្តោងរ៉ឺម៉កមិនត្រូវបានគេស្គាល់អត្តសញ្ញាណនៅឡើយនោះទេ ព្រោះក្រោយកើតហេតុបានគេចខ្លួនបាត់បន្សល់ទុកតែគោយន្តកន្ត្រៃនៅនឹងកន្លែងកើតហេតុ ។

ប្រភពថា គោយន្តបង្ករហេតុនោះពុំមានភ្លើងឬចំណាំងផ្លាតពីខាងក្រោយនោះឡើយ ។

សាកសពត្រូវសមត្ថកិច្ចបានប្រគល់ឲ្យសាច់ញាតិនាំយកទៅលំនៅដ្ឋានដើម្បីធ្វើបុណ្យតាមប្រពៃណី ។

ចំណែកយានយន្តពាក់ព័ន្ធត្រូវបានសមត្ថកិច្ចនាំយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាល ស្រុកម៉ាឡៃដើម្បីរង់ចាំដោះស្រាយនៅពេលក្រោយ ។

ករណីគោយន្តកន្ត្រៃសណ្តោងរ៉ឺម៉ក បើកបរលើដងផ្លូវនៅពេលយប់ វាពិតជាគួរឲ្យខ្លាចហើយបានបង្ករគ្រោះថ្នាក់ចរាចរ ដល់អ្នកធ្វើដំណើរជាបន្តបន្ទាប់ស្ទើរគ្រប់ខេត្តក្រុងគប្បីសមត្ថកិច្ចជំនាញប្រើធម៌ក្តៅ ទៅលើគោយន្តកន្ត្រៃដើម្បីបញ្ចៀសគ្រោះថ្នាក់ដូចករណីខាងលើនេះ ៕ វណ្ណា