ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ជិះម៉ូតូបុករថយន្តកុងតឺន័រស្លាប់ភ្លាមនៅនឹងកន្លែង

ខេត្តស្វាយរៀង៖ បុរសម្នាក់ដែលគេស្គាល់ថា ជាអ្នកបើករថយន្តឲ្យកាស៊ីណូអឺមភីរឺ ក្រុងបាវិតបានស្លាប់ភ្លាមៗគួរឲ្យរន្ធត់ខណះជួបករណីគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូ មិនប្រកាន់ស្តាំទៅបុកនឹងរថយន្តកុងតឺន័រ ម៉ាកហ្វូសូធុនធំ មួយគ្រឿងបើកទិសបញ្ច្រាសគ្នាយ៉ាងពេញទំហឹងលាន់សូរដូចរន្ទះ បង្កការភ្ញាក់ផ្អើល ដល់អ្នកភូមិកាលពីថ្ងៃពុធ ១៤រោច ខែអស្សជ ឆ្នាំច សំរឹទ្ធស័កព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៧ខែ ខែវិច្ឆិកាឆ្នាំ២០១៨ វេលាម៉ោង១០:៤០នាទី យប់ នៅលើផ្លូវជាតិលេខ០១ ត្រង់ចំណុចគីឡូម៉ែត្រលេខ១៤៤-១៤៥ស្ថិតក្នុងភូមិជ្រៃធំ សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង។

តាមសមត្ថកិច្ចនគរបាល ក្រុងបាវិតបានឲ្យដឹងថា បុរសដែលស្លាប់មានឈ្មោះ ឈឹម ផានិត អាយុ២៥ឆ្នាំ ជនជាតិខ្មែរមុខរបរបើករថយន្តកាស៊ីណូអឺមភីរឺ មានទីលំនៅឃុំពពែត ស្រុកស្វាយទាប ខេត្តស្វាយរៀង ដោយជិះម៉ូតូម៉ាកហុងដា វ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខ វៀតណាម ៥៤Y៣២៨៨១ ខូចខាតយ៉ាងដំណំ ។

ចំណែកអ្នកបើករថយន្តម៉ាកហ្វូសូពណ៌បៃតងពាក់ស្លាកលេខ ភ្នំពេញ ៣D.៦៥៣១ ដែលរបស់ក្រុមហ៊ុនផែស្ងួត អូលែរ មិនត្រូវបានស្គាល់ឈ្មោះនោះទេ ក្រោយកើតហេតុ បានរត់គេចខ្លួនភ្លាមៗបាត់ស្រមោលតែម្ដង។

តាមសាក្សីបានប្រាប់សមត្ថកិច្ចថា បុរសម្នាក់ជិះម៉ូតូពីកើតទៅលិច មិនប្រកាន់ស្ដាំ លុះមកដល់ចំណុចកើតហេតុខាងលើ ក៍បានបុកប៉ះនឹងរថយន្តបើកបញ្ច្រាសគ្នាយ៉ាងពេញទំហឹងលាន់ដូចរន្ទះ បណ្ដាលឲ្យស្លាប់ភ្លាមៗនឹងកន្លែង។

បច្ចុប្បន្ន សាកសពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។

រីឯវត្ថុតាងទាំង២គ្រឿងសមត្ថកិច្ចបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាល ក្រុងបាវិតដើម្បីបំពេញសំណុំរឿងបញ្ជួនទៅការិយាល័យជំនាញខេត្តចាត់ការបន្តតាមច្បាប់ ៕ យឹម សុថាន