ព័ត៌មានទាន់ហេតុការណ៍៖
New Peace Studio

បុរសម្នាក់ដឹកគោយកទៅចងនៅបង្គោលរបងក្បែរស្រះចិញ្ចឹមត្រី ស្រាប់តែដួលស្លាប់ សង្ស័យឆ្លងចរន្តអគ្គិសនី

ខេត្តពោធិ៍សាត់៖ សមត្ថកិច្ចជំនាញបាននិងកំពុងត្រូតពិនិត្យស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់បំផុត ពាក់ព័ន្ធករណីបុរសម្នាក់បានស្លាប់យ៉ាងអាណោចអាធ័ម ខណៈដែលដឹកគោយកទៅចងនៅបង្គោលរបងមាត់ស្រះចិញ្ចឹមត្រីរបស់ប្រជាពលរដ្ឋមួយកន្លែង ។

ហេតុការណ៍ភ្ញាក់ផ្អើលបានកើតឡើងនៅវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃសុក្រ ៩កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិតនៅចំណុចស្រះចិញ្ចឹមត្រីប្រជាពលរដ្ឋមួយកន្លែងភូមិសាលាគំរូ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។

សមត្ថកិច្ចជំនាញបានបង្ហើបប្រាប់ព័ត៌មានបឋមដល់ភ្នាក់ងារយកព័ត៌មាននគរវត្តប្រចាំខេត្តពោធិ៍សាត់យ៉ាងដូច្នេះថា ជនរងគ្រោះឈ្មោះ ឡាច វ៉ិត អាយុ៣០ឆ្នាំ រស់នៅភូមិក្រាំងតាសែន សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ បានបាត់បង់ជីវិត សង្ស័យត្រូវចរន្តអគ្គិសនីឆក់ ខណៈដែលដឹកគោយកទៅចងឲ្យស៊ីស្មៅនៅបង្គោលរបងស្រះចិញ្ចឹមត្រី របស់ប្រជាពលរដ្ឋមួយកន្លែងស្ថិតនៅភូមិសាលាគំរូ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។

សមត្ថកិច្ចបញ្ជាក់ថា ករណីនេះ សមត្ថកិច្ចបាននិងកំពុងត្រួតពិនិត្យពិច័យរកមូលហេតុជាក់ស្តែង ៕ ប៉ឹម ពិន